Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមហាងវ៉ែនតា ភ្លើង.../ឆេះទាំងយប់

ហាងវ៉ែនតា ភ្លើង…/ឆេះទាំងយប់

ភ្នំពេញ ៖ ហាងលក់វ៉ែនតា ១កន្លែង ត្រូវបានអគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅទាំងកណ្តាលយប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះជួយបាញ់ទឹកពន្លត់ ដោយប្រើប្រាស់ទឹក អស់ចំនួន៤ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅហាងលក់វ៉ែនតាមួយកន្លែង ត្រង់ចំណុចផ្ទះលេខ១៧ ផ្លូវ៦៣ ភូមិ០៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បញ្ជាក់ថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើ ប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៤គ្រឿង ក្នុងនោះរួមមានរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំ ពេញ ចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៤ឡាន ស្មើនឹង ១៦ម៉ែត្រគូប។ 

ចំពោះប្រភេទសំណង់ខាងលើនេះ គឺប្រភេទផ្ទះល្វែង ទំហំ ៤ម៉ែត្រ គុណនឹង ១២ម៉ែត្រ ឆេះខូចខាតសម្ភារៈក្នុងហាងលក់វ៉ែនតាអស់ទាំងស្រុង តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ គ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការបាញ់ឱ្យរលត់ នៅវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ថ្ងៃដដែល។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ ដោយបញ្ជាក់ថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។ យ៉ាងណានៅក្នុងហេតុការណ៍នេះ មិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសឡើយ៕

RELATED ARTICLES