Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគា.../ស់ផ្ទះលួ.../ចលុយ២លាន ជាប់ខ្នោះ.../៣

គា…/ស់ផ្ទះលួ…/ចលុយ២លាន ជាប់ខ្នោះ…/៣

ខេត្តតាកែវ ៖ ជនសង្ស័យ ចំនួន៣នាក់ បានធ្វើសកម្មភាពគាស់ទ្វារផ្ទះ ចូលទៅលួចយកឡាំងដាក់ប្រាក់ ដែលមានប្រាក់ជិត២លានរៀល បម្រុងគេចខ្លួន តែភ្លាមៗនោះត្រូវបានម្ចាស់ផ្ទះប្រទះឃើញ ស្រែកឆោឡោ ផ្អើលដល់អ្នកភូមិព័ទ្ធចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ នៅចំណុចភូមិអង្គគគីរ ឃុំពពេល ស្រុកត្រាំកក់។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះផល ផានិត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប្រស៊ូង ឃុំតាភេម ស្រុកត្រាំកក់ (ជាអ្នកលួចចូលយកឡាំងដាក់លុយ)។ ទី២-ឈ្មោះចាប់ បូរ៉ា ហៅតឿ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប្រស៊ូង ឃុំតាភេម ស្រុកត្រាំកក់ (ជាអ្នកឌុប) និងទី៣-ឈ្មោះចាន់ សុផាន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប្រស៊ូង ឃុំតាភេម ស្រុកត្រាំកក់ (ជាអ្នកគាស់សោទ្វារ)។ ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះភឿន ផានិត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិអង្គគគីរ ឃុំពពេល ស្រុកត្រាំកក់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ នៅចំណុចភូមិអង្គគគីរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីអំពើលួច បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ចំនួន៣នាក់ ប្រដាប់ដោយសោច្នៃ ជាមុខកាំបិតចុងស្រួច បានធ្វើសកម្មភាពគាស់ទ្វារផ្ទះស័ង្កសី របស់ឈ្មោះភឿន ផានិត ចូលទៅលួចយកឡាំងដាក់ប្រាក់ ដែលមានប្រាក់ ចំនួន ១ ៧៨០ ០០០រៀល (១លាន ៧៨ម៉ឺនរៀល)។ តែពេលធ្វើសកម្មភាពនោះ ត្រូវបានម្ចាស់ផ្ទះឃើញទាន់ ស្រែកឆោរឡោផ្អើលដល់បងប្អូន អ្នកស្រុក ជួយចាប់បានជនសង្ស័យបានម្នាក់ ឈ្មោះ ផល ផានិត ប្រគល់ឱ្យសមត្ថកិច្ច ចំណែកបក្ខពួក ២នាក់ទៀត បានរត់គេចបាត់។

ប្រភពដដែល បន្តថា ក្រោយពីសមត្ថកិច្ចធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា រូបគេបានធ្វើសកម្មភាពកាត់ទ្វារស័ង្កសី លួចយកសម្ភារៈខាងលើប្រាកដមែន ដោយធ្វើសកម្មភាពមានគ្នាចំនួន៣នាក់ ក្នុងនោះរូបគេ (ផល ផានិត) ជាអ្នកលួចចូលយកឡាំងលុយ ចំណែក ឈ្មោះចាប់ បូរ៉ា ហៅតឿ ជាអ្នកដឹកយកទៅធ្វើ សកម្មភាព រីឯឈ្មោះចាន់ សុផាន ជាអ្នកគាស់ទ្វារ។

បន្ទាប់ពីទទួលបានចម្លើយសារភាពខាងលើ និងដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការ ព្រមទាំងដឹកនាំសម្របសម្រួលនីតិវិធីដោយលោកស៊ឹម ជុំសុខហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃដដែល សមត្ថកិច្ចបានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ទៀត (ឈ្មោះចាប បូរ៉ា ហៅតឿ និងឈ្មោះចាន់ សុផាន ហៅងិញ) នៅត្រង់ចំណុចភូមិប្រស៊ូង ឃុំតាភេម ស្រុកត្រាំកក់ មកធ្វើការសាកសួរ និងកសាងសំណុំរឿងទៅតាមនីតិវិធី។ ចំពោះវត្ថុតាង ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ ជាមុខសញ្ញាលួចសកម្ម និងធ្លាប់ជាប់ពន្ធនាគារ ម្នាក់ម្តងរួចមកហើយ៕

RELATED ARTICLES