ភ្នំពេញ៖បេក្ខភាព Miss Cambodia 2024 បានបង្ហាញខ្លួនចំនួន២១រូប នៅផ្សារទំនើបអូឡាំព្យាម៉ល កាលពីល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងព្រោះទាំងរូបសម្រស់ សម្ថភាព និងឆន្ទៈរបស់ពួកគេម្នាក់ៗសុទ្ធអស្ចារ្យ ហើយគោលដៅចង់ចូលរួមលើកស្ទួយពីវប្បធ័មខ្មែរនៅលើឆាកអន្ដរជាតិដូចគ្នា ដើម្បីឲ្យពិភពលោកបានស្គាល់ និងមកទស្សនាតំបន់ទេសចរណ៍នៅកម្ពុជាកាន់តែច្រើន។
លោកម៉ែន និមលរតន៍ នាយកគ្រប់គ្រងក្រុមហ៊ុន Cambodia International Models បានឲ្យដឹងថានេះជាថ្ងៃបង្ហាញខ្លួនលើកដំបូងហើយពួកគាត់និយាយជាសាធារណៈទាក់ទងការតស៊ូមតិរបស់ពួកគាត់ផ្ទាល់ខ្លួន មុនឈានទៅវគ្គផ្ដាច់ព័ត្រ្ដយើងមានវគ្គពិសេសគឺkey Words Competition នៅរោងភាពយន្ដCinema Legend ជាន់ទី៧ នៅផ្សារទំនើបអូឡាំព្យាម៉ល ។សម្រាប់ឆ្នាំនេះយើងទទួលបានការដាក់ពាក្យចំនួន៤០រូប តែឆ្លងកាត់វគ្គជម្រុះ និងការសម្ភាសន៍ជាមួយគណៈកម្មការ យើងចម្រាញ់យកបានបេក្ខភាពផ្លូវការចំនួន២១រូប ដែលមកប្រជែងសម្ថភាពលើវេទិកាMiss Cambodia 2024 ដើម្បីដណ្ដើមតំណែងម្ចាស់ម្កុដរាជនីយសម្រស់ ឆ្ពោះទៅតំណាងកម្ពុជាលើឆាកអន្ដរជាតិ។បេក្ខភាពចំនួន២១រូប មានសម្រស់ និងការទាក់ទាញរៀងៗខ្លួន ថែមទាំងត្រៀមខ្លួនបានយ៉ាងល្អសម្រាប់ការប្រកួតដ៍សុក្រិតនេះ ព្រមទាំងមានភាពក្លាហាន ក្នុងការបញ្ចេញសម្ថភាព និងការនិយាយជាសាធារណៈផងដែរ ។
លោកនិមលរតន៍ បញ្ជាក់ថា”បន្ទាប់ពីចប់ការធ្វើសន្និសីទកាសែត និងការបង្ហាញខ្លួនរបស់បេក្ខនារីទាំង២១រូបជាលើកដំបូងនេះពួកគាត់នឹងចេញបំពេញបេសកកម្មជាច្រើនក្នុងនោះមានដូចជា ការងារសប្បុរសធ័ម តំណើរទស្សនកិច្ចតំបន់ទេសចរណ៍នៅរាជធានីភ្នំពេញ ការផ្សព្វផ្សាយតំបន់អេកូទេសចរណ៍ ទស្សនកិច្ច អ្នកសហការណ៍ឧបត្ថម្ភ និងសកម្មភាពផ្សេងៗទៀត”។
គេសង្កេតឃើញថាអ្នកទស្សនាផ្ទាល់ និងអ្នកជំនាញវិស័យបវរកញ្ញា បានចូលរួមយ៉ាងច្រើននៅថ្ងៃបេក្ខភាពទាំង២១ រូបបង្ហាញខ្លួនលើកទី១នៅOlympia Mall ហើយសឹងគ្រប់គ្នាបានសរសើរពីបវរកញ្ញាឆ្នាំនេះថាពិតជាមិនធម្មតាឡើយ ព្រោះទាំងរូបសម្រស់ សម្ថភាព និងការដើរម៉ូដ គឺបានព្រមគ្នាតែម្ដង។
លោកឧកញ៉ាចិន សំណាង ថៅកែហាងCSNJ ដែលជាអ្នកឧបត្ថម្ភធំ Miss Cambodia 2024 បានឲ្យដឹងថាលោកមានបទពិសោធន៍ធ្វើការជាមួយCSM ជាច្រើនឆ្នាំមកហើយ ដែលគោលដៅរបស់យើងគឺចង់ផ្សព្វផ្សាយពីអរិយធ័ម វប្បធ័ម ប្រពៃណី អ្វីដែលខ្មែរយើងមាន ខណៈលោកសង្ឃឹមថាឆ្នាំនេះនឹងរើសបានបេក្ខភាពល្អៗ ដើម្បីទៅប្រកួតប្រជែងលើឆាកអន្តរជាតិ។លោកបន្ថែមថាប្រសិនបើបេក្ខភាពយើងទៅប្រកួតនៅបរទេសទទួលបានលទ្ធផលល្អ ត្រឹមTop 10 ឬTop 5 Runner Up គឺលោកសប្បាយចិត្តបំផុត ព្រោះការជម្រុះនីមួយៗមានការលំបាកខ្លាំង ។លោកសំណាង បន្ថែមថាក្នុងចំណោមបេក្ខភាព២១រូបនេះលោកមើលឃើញមានបេក្ខភាពជាង១០នាក់ មានសម្ថភាពខ្លាំង និងពូកែ វាងវៃខ្លាំងតែម្ដង ហេតុនេះឲ្យតែមានភាពវៃឆ្លាតមាន គឺសង្ឃឹមនឹងបានលទ្ធផលល្អ ព្រោះយើងមិនយកមនុស្សដដែលៗទេ គឺចិត្តលោកចង់ឲ្យអ្នកខ្លាំងជារៀមច្បង ធ្វើជាគ្រូរបស់ប្អូនៗជំនាន់ក្រោយវិញ ។
មហាជនចាំមើលថាតើស្រីស្អាតរូបណាទៅដែលជាម្ចាស់ម្កុដកញ្ញាឯកកម្ពុជា ២០២៤ ខណៈដែលការប្រកួតផ្ដាច់ព័ត្រ្ដនឹងរៀបចំនៅStudio ស្ថានីយ៍ទូរទស្សន៍Pnn ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដែលគេជឿរថានឹងមានទស្សនិកជនជាច្រើនចូលរួមទស្សនាដើម្បីលើកទឹកចិត្តដល់បវរកញ្ញា ដែលពួកគេគាំទ្រ និងចង់ឲ្យក្លាយទៅជាម្ចាស់ជ័យលាភី ៕