អតីតបេក្ខភាព Freshie Girl នាងយ៉ែម ស្រីពេជ្រ ឆក់បានតំណែងតួឯកស្រី ជាលើកដំបូង ក្នុងរឿង ”សសរកន្លោង” របស់ផលិតកម្មឥន្ទ្រីនិម្មិត ដែលបានធ្វើពិធីប្រកាសជាផ្លូវការ កាលពីរាត្រីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងពិធីជប់លៀងពិសារអាហារនៅហាង V-Friend ដែលជារៀបចំលើកទឹកចិត្តដល់សិល្បករដែលសម្ដែងរឿងនេះនិងរឿងដែលទទួលបានជោគជ័យខ្លាំង រឿង ”កំណត់ហេតុនាងនាថ” កន្លងមក។ ក្រៅពីបង្ហាញតួឯកស្រីនោះ ខាងផលិតកម្មឥន្ដ្រីនិម្មិត ក៏បានប្រាប់ឲ្យដឹងជាផ្លូវការដែរថា តួឯកប្រុសដែលប៉ះស្រីស្អាត យ៉ែម ស្រីពេជ្រ នោះ គឺបានទៅលោកទ្រី តារាវុធ ផងដែរ។
យ៉ែម ស្រីពេជ្រ និយាយដោយសប្បាយរីករាយថា ”រឿងហ្នឹងនឹងធ្វើឲ្យទស្សនិកជនទាំងអស់គ្នា ភ័យផង សប្បាយផង ខ្លាចផង ហើយនិយាយឲ្យត្រង់ទៅ ពីមុនខ្ញុំខ្លាចណាស់ការសម្ដែងជាតួខ្មោច ព្រោះខ្ញុំខ្លាចខ្មោច តែពេលថតរឿងហ្នឹង ខ្ញុំតាំងចិត្តថា ធ្វើឲ្យបានមិនចុះចាញ់ខ្មោចលងទេ ព្រោះនោះគ្រាន់តែជាការសម្ដែងតើ! រឿងអីដែលខ្ញុំចុះញ៉ម?”។
ដោយឡែកលោកទ្រី តារាវុធ ក៏មានអារម្មណ៏រំភើបមិនខុសពីស្រីស្អាត យ៉ែម ស្រីពេជ្រ ប៉ុន្មានទេ ដោយអះអាងថា ”សម្រាប់ការថតរឿងខ្មោចនេះ ជារឿងទី២ហើយ ដោយរឿងទី១ គឺ”កំណត់ហេតុនាងនាថ” រឿងនេះគឺលេងបែបធម្មជាតិ ខ្ញុំគិតថាមិនពិបាកទេ។ ខ្ញុំមិនប្រកាន់ថា ទាល់តែតួឯកបានលេង តួរងមិនលេងនោះទេ គឺតួដែលអាចលេងបាន ខ្ញុំនឹងថត តែខ្ញុំនៅមានបទពិសោធន៏តិចតួចទេក្នុងសិល្បៈ ព្រោះទើបចូលបានជាង១ឆ្នាំ។ សម្រាប់ការថតជាមួយកញ្ញាយ៉ែម ស្រីពេជ្រ នេះ គឺខ្ញុំពេញចិត្ត ដោយសារតែគិតថា គាត់និងខ្ញុំមានការយល់ចិត្តគ្នាបានល្អអីចឹង ពួកយើងនឹងចុះសម្រុងគ្នា លេងស៊ីចង្វាក់គ្នាជាមិនខាន សម្រាប់រឿងខ្នាតធំនេះ”។
ការឈានមកថតភាពយន្ដទី២ របស់ផលិតកម្មឥន្រ្ដីនិម្មិតនេះ គឺដោយសារតែស្នាដៃទីមួយរបស់ខ្លួន រឿង ”កំណត់ហេតុនាងនាថ” នោះ ខាងផលិតកម្មទទួលបានការជោគជ័យខ្លាំង ដោយទទួលបានប្រាក់ចំណេញច្រើន គឺដល់ទៅជាង១០ម៉ឺនដុល្លារឯណោះ ទើបផលិតកម្មបន្តការថតភាពយន្ដទី២របស់ខ្លួន នាពេលនេះ។
លោកចាន់ ណារ៉ូណាន់ ជាផលិតកររបស់ផលិតកម្មឥន្រ្ដីនិម្មិត បានឲ្យដឹងផងដែរថា ”ភាពយន្ដរឿង ”សសរកន្លោង” នេះ នឹងដំណើរការថតថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ នេះ ហើយដោយមានប្លង់នៅក្រុងកែប និងតាមដៃមាត់សមុទ្រជាច្រើនទៀត។ រឿងនេះធានាថា ទស្សនិកជន ពិសេសមិត្តៗយុវ័យកាន់តែខ្លាច និងព្រឺសម្បុរចំពោះខ្មោច ព្រោះក្រុមការងារបានសម្រាំងធ្វើតួខ្មោច មើលទៅមានការភ័យរអាពិតៗ ជាងតួខ្មោចរឿង ”កំណត់ហេតុនាងនាថ” ទៅទៀត។ តួខ្មោចមានដល់ទៅ៤រូប សុទ្ធតែសាហាវ មានដូចជា យ៉ែម ស្រីពេជ្រ ឆ័យ លីដាឡែន ដែលជាខ្មោចពញ្ញាក់អារម្មណ៍ឲ្យអ្នកទស្សនាព្រឺសម្បុរ ជាមិនខាន។ ចំពោះការដាក់ទុនវិញរឿងនេះ គឺចំណាយលើសពីរឿង ”កំណត់ហេតុនាងនាថ” ដោយសារតែយើងត្រូវជួលផ្ទះចាស់ សល់ពីសម័យបារាំង និងរួមទាំងការបំពាក់ការប្រើកាមេរ៉ាទំនើបៗផងដែរ ដើម្បីឲ្យរូបភាពកាន់តែមានគុណភាពខ្ពស់”។
ក្រៅពីនាងយ៉ែម ស្រីពេជ្រ និងលោកទ្រី តារាវុធ ជាតួឯកប្រុសស្រីនោះ រឿង ”សសរកន្លោង” ក៏បានតារាល្បីៗមួយចំនួនទៀត បានចូលរួមថតដែរ ដូចជា ឆ័យ លីដាឡែន, ប៉េង ប៉ោង, ភី ម៉ៃ, ហេង ចាន់វិសាល, ពៅ សុផាត, ហ៊ុន សុភី, ពៅ ករុណា, អៀម សុខា, វណ្ណៈ បូរមី, គីម ធាន, សោម សិរីវុធ, ស៊ី ធៀន, កុមារី អូន សុនិតា ជាដើម។
អ្នកស្រីចាន់ណា សុឃីម ចាងហ្វាងផលិតកម្មឥន្ដ្រីនិម្មិត បានឲ្យដឹងថា ”ការជួបជុំគ្នាពេលនេះ គឺដើម្បីបង្ហាញតួសម្ដែងរឿង ”សសរកន្លោង” ហើយនេះជាឱកាសដែលនាំឲ្យបណ្ដាសិល្បករបានជែកគ្នា បង្កើនភាពស្និតស្នាលគ្នា ដើម្បីឲ្យការសម្ដែងបានរលូនល្អទៅមុខទៀត។ ពិសេសគឺជាការជួបជុំរវាងអ្នកសារព័ត៌មាន និងផលិតករ រួមទាំងតារាសម្ដែងក្នុងរឿង ”សសរកន្លោង” នេះផងដែរ។ ការដែលផលិតកម្មឥន្រ្ដីនិម្មិតផលិតរឿង ”សសរកន្លោង” នេះឡើង គឺដោយសារតែរឿងទី១ ”កំណត់ហេតុនាងនាថ” ទទួលបានជោគជ័យខ្លាំង ហើយយើងសង្ឃឹមថា រឿងនេះនឹងមានការគាំទ្រពីបងប្អូនថែមទៀតជាមិនខាន”៕