Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតាសន្តិសុខបណ្តើរកង់ឆ្លងផ្លូវ ម៉ូតូបុ.../កបា.../ក់ជើង

តាសន្តិសុខបណ្តើរកង់ឆ្លងផ្លូវ ម៉ូតូបុ…/កបា…/ក់ជើង

ភ្នំពេញ ៖ បុរសជាសន្តិសុខ វ័យចំណាស់ម្នាក់ កំពុងបណ្តើរកង់ឆ្លងផ្លូវ ស្រាប់តែត្រូវម៉ូតូ ១គ្រឿង ជិះក្នុងល្បឿនយ៉ាងលឿន បានជ្រុលមកបុកពេញទំហឹង បណ្តាលឱ្យបុរសចំណាស់រងរបួសធ្ងន់ បាក់ជើងស្តាំ ចំណែកអ្នកបើកម៉ូតូ រងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង០៥នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

បុរសចំណាស់ដែលត្រូវម៉ូតូបុកបាក់ជើង មានឈ្មោះស៊ឹម ហេង ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះជួលក្នុង ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិរានថ្ម ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសចំណាស់រងគ្រោះខាងលើ បានបណ្តើរកង់ឆ្លងផ្លូវ ក្នុងទិសដៅពីលិច ទៅកើត ស្រាប់តែរំពេចនោះ មានម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JJ-3507 ជិះដោយបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅពីត្បូង ទៅជើង ក្នុងល្បឿនយ៉ាងលឿន គេចមិនទាន់ ជ្រុលមកបុកយ៉ាងពេញទំហឹង បណ្តាលឱ្យបុរសចំណាស់ជាអ្នកបណ្តើរកង់ រងរបួសធ្ងន់ បាក់ជើងខាងស្តាំ ចំណែកអ្នកបើកម៉ូតូ រងរបួសស្រាល។

ក្រោយកើតហេតុ ជនរងគ្រោះរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកអ្នករងរបួសស្រាល ក្រុមសង្គ្រោះគ្រាន់តែជួយជូតលាងរបួសជូន។ រីឯមធ្យោបាយទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការវាស់ វែង រួចអូសយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

RELATED ARTICLES