ខេត្តស្ទឹងត្រែង ៖ ជនជាតិចិន ១ក្រុមធំ មានគ្នាសរុប ចំនួន១៧នាក់ (ស្រី១) បានធ្វើសកម្មភាពលួចឆ្លងដែនដោយខុសច្បាប់ ចេញពីប្រទេសឡាវ ចូលមកក្នុងទឹកដីខ្មែរ ដោយធ្វើដំណើរទាំងកណ្តាលអធ្រាត្រ តាមរថយន្តសាំងយ៉ុង ១គ្រឿង លុះត្រូវកម្លាំងកងរាជអាវុធហត្ថប្រទះឃើញ មានការសង្ស័យ ក៏ប្រដេញតាមឃាត់សាកសួរ រួចប្រគល់ជូនផែននគរបាលអន្តោប្រវេសន៍ត្រួតពិនិត្យឯកសារឆ្លងដែន។
ការឃាត់ខ្លួនជនជាតិចិន ១៧នាក់នេះ បានធ្វើឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ស្ថិតលើដងផ្លូវជាតិលេខ៧ ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
តាមប្រភពព័ត៌មានពីកម្លាំងជំនាញអាវុធហត្ថ បានឱ្យដឹងថា មុនពេលកើតហេតុ ដោយមានការសង្ស័យលើរថយន្ត ១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ 2Q-5043 បើកបរក្នុងគោលដៅពីចេញពីភូមិសាស្ត្រក្បែរព្រំដែនកម្ពុជា-ឡាវ ទើបកម្លាំងជំនាញបានស្ទាក់ឃាត់ឱ្យឈប់ ដើម្បីត្រួតពិនិត្យ តែរថយន្តខាងលើមិនឈប់ ទើបកម្លាំងជំនាញបានប្រដេញតាម និងឃាត់ជាប់ ឆែកឆេរ ប្រទះឃើញក្នុងរថយន្ត នោះសុទ្ធសឹងជាជនជាតិចិន ចំនួន ១៧នាក់ក្នុងនោះមាន (ស្រី១នាក់)។
បន្ទាប់មក កងរាជអាវុធហត្ថ បានសហការជាមួយនគរបាល ប្រគល់ទៅផែននគរបាលអន្តោប្រវេសន៍ ដើម្បីសាកសួរ និងត្រួតពិនិត្យតាមនីតិវិធី៕