Tuesday, September 17, 2024
Homeតារាខ្មែរជីជី ថាសុខចិត្តយកស.../ង្សារ៣

ជីជី ថាសុខចិត្តយកស…/ង្សារ៣

ភ្នំពេញ ៖ តារាសម្តែងនិងជាពិធីការិនីរូបស្រស់សោភា កញ្ញាពេជ្រ សូលីដា ហៅជីជី ដែលមុននេះទើបតែបានបង្ហាញមុខគូស្នេហ៍ជាលើកដំបូង គឺបុរសសង្ហា តារាចម្រៀងថ្មី គឿន នភាល័យ នោះ នៅសុខៗស្រាប់តែនាងប្រកាសថា សុខចិត្តយកសង្សារ៣ តែនាងមិនធ្វើជាអ្នកទី៣ ដណ្តើមសង្សារគេជាដាច់ខាត។

កញ្ញាពេជ្រ សូលីដា បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ថា «សុខចិត្តយកសង្សារ៣ តែខ្ញុំមិនធ្វើជាអ្នកទី៣ ដាច់ខាត»។

ជុំវិញការលើកឡើងខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំយោបល់និងការបកស្រាយបន្ថែមពីពិធីការិនីរូបស្រស់ ពេជ្រ សូលីដា ហៅជីជី បានទេ កាលពីល្ងាចម្សិលមិញ។

គួរបញ្ជាក់ថា ការលើកឡើងរបស់កញ្ញា ជីជី ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីស្រីស្អាតរូបនេះ បានបង្ហាញមុខគូស្នេហ៍របស់នាងជាលើកដំបូង ដែលបុរសមានសំណាងបានក្លាយជាម្ចាស់បេះដូងស្រីស្អាតរូបនេះ គឺជាតារាចម្រៀងថ្មីវ័យក្មេង រូបសង្ហា លោកគឿន នភាល័យ។

នៅតាមបណ្តាញសង្គម ក៏ដូចជាការបង្ហាញខ្លួននៅទីសាធារណ: គេតែងឃើញតារាស្រីប្រុសមួយគូនេះ បង្ហាញភាពស្និទ្ធស្នាល បន្ទាប់ពីពួកគេបានបង្ហាញម្ចាស់បេះដូងជាចំហ ខណ:ដែលកន្លងទៅ ស្រីស្អាត ជីជី តែងលេចឮពាក្យចចាមអារ៉ាមថា មានប្រុសនេះ ប្រុសនោះ តាមស្រឡាញ់ តែនាងពុំដែលចេញមុខទទួលស្គាល់ ឬបង្ហាញមុខបុរសរូបណាជាគូស្នេហ៍នោះទេ ធ្វើឲ្យបុរសជាច្រើនដែលលួចស្នេហ៍ស្រីស្អាតរូបនេះ ច្រណែននឹងប្រុសក្មេង គឿន នភាល័យ ដែលមានសំណាងបានកាយជីជី ទៅថ្នាក់ថ្នម ជាពិសេសស្នេហារបស់ពួកគេ ក៏ទទួលបានការគាំទ្រពីក្រុមគ្រួសារទាំងសងខាងផងដែរ ក្នុងនោះអ្នកនាង ពេជ្រ សិរីរ័ត្ន បងស្រីបង្កើតរបស់ពេជ្រ សូលីដា ហៅជីជី ក៏បង្ហាញការពេញចិត្តពេញថ្លើមនឹងអនាគតប្អូនថ្លៃរបស់ខ្លួន ដែលជាតារាចម្រៀងវ័យក្មេង រូបសង្ហានេះផងដែរ។

ទោះជាយ៉ាងណា គេមិនទាន់ដឹងថា គូស្នេហ៍តារាមួយគូនេះ នឹងមានគម្រោងដឹកដៃគ្នាចូលរោងការនៅពេល ណានោះទេ ដោយសារតែពួកគេមិនទាន់ប្រកាសពីគម្រោងរៀបចំពិធីមង្គលការជាចំហនៅឡើយ ចំណែកការព្យាយាមទាក់ទងសួរនាំរបស់អ្នកសារព័ត៌មាន មិនបានសម្រេចទេ៕ ខៀវទុំ 

RELATED ARTICLES