Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ភរិយាពីឡុតធ្លា.../ក់ឧទ្ធម្ភាគចក្រថា ប្តីទៅចោលបា.../ត់១ខែ ដេកយំ.../រាល់ថ្ងៃ

 ភរិយាពីឡុតធ្លា…/ក់ឧទ្ធម្ភាគចក្រថា ប្តីទៅចោលបា…/ត់១ខែ ដេកយំ…/រាល់ថ្ងៃ

ភ្នំពេញ ៖ ភរិយាអាកាសយានិកយោធាដែលបានពលីជីវិតក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភ្នំយ៉ាវយ៉ៃ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នោះ បានឲ្យដឹងថា តាំងពីប្តីទៅចោលបាត់ ១ខែកន្លងទៅនេះ អ្នកស្រីជាប្រពន្ធ ដេកយំរាល់ថ្ងៃ ដោយសារនឹកស្រណោះអាឡោះអាល័យប្តីជាទីស្រឡាញ់ ដែលទៅបាត់ជារៀងរហូតដោយមិនបានលាប្រពន្ធកូនសូម្បីមួយម៉ាត់។

អ្នកស្រី ឆែម កល្យាណ ភរិយាលោកវរសេនីយ៍ទោ ខេង ឆៃយុទ្ធ ដែលពលីជីវិតក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគ ចក្រនោះ បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ថា «១ខែហើយ ដែលបងឃ្លាតឆ្ងាយពីអូន កូនៗ និងគ្រួសារ។ ពាក្យដែលបងតែងតែនិយាយប្រាប់អូន «បងមិនចង់ឃើញអូនឯងយំទេ» តែម៉េចក៏បងធ្វើឲ្យយអូនយំរាល់ថ្ងៃបែបនេះ? អូនស្អប់បងណាស់ ព្រោះបងមិនគោរពពាក្យសំដីខ្លួនឯង»។

ស្ត្រីជាភរិយាពីឡុតរងគ្រោះ បានសរសេរបន្ថែមថា «បាត់បង ដូចបាត់អ្វីគ្រប់យ៉ាង អូននឹកបងណាស់ប្តីសម្លាញ់! ហេតុអីអូននៅតែមិនអាចធ្វើចិត្តបាន? ហេតុអីអូននៅតែយំនឹកបងរាល់ថ្ងៃ? បេះដូងអូន ខួរអូន លោតតែរូបបងមកគ្រប់ពេល មនុស្សមិនមានកំហុសសោះ ទៅដោយមិនបានលាសូម្បី ១ម៉ាត់ តើឲ្យអូនកាត់ចិត្តបានដោយរបៀបណា? ពេលនេះអូនមិនចង់ចេញទៅណាទំាងអស់ ព្រោះគ្រប់កន្លែង សុទ្ធតែមានអនុស្សាវរីយ៍របស់គ្រួសារតូចរបស់យើង ជាពិសេសបន្ទប់គេង ពីមុនធ្លាប់តែបើកទ្វារមក ឃើញប្តីគេងចុចទូរស័ព្ទ តែឥឡូវបើកទ្វារមកឃើញតែខ្នើយឱបនិងខ្នើយគេងរបស់បង ធ្វើឲ្យអូនឈឺចាប់ខ្លំាងណាស់បងអើយ! ហេតុអីអូនត្រូវមកជួប រឿងបែបនេះ? ហេតុអីកូនៗយើងត្រូវកំព្រាឪពុកទំាងនៅអាយុប៉ុននេះ? អូនមិនដែលស្រមៃនឹកគិតដល់ថា រឿងទំាងនេះធ្លាក់លើគ្រួសារយើងទេ។ ប្តីសម្លាញ់អូនអើយ! វិលវិញមកបង!»។

ក្រៅពីទំនួញនឹកស្រោះប្តីខាងលើ ស្ត្រីជាប្រពន្ធអាកាសយានិក ខេង ឆៃយុទ្ធ ក៏បានឲ្យដឹងថា អ្នកស្រីតែងរៀបចំសំណែន បាយទឹក នំចំណី ជូនប្តីគ្រប់ពេល អ្វីដែលប្តីធ្លាប់ញ៉ាំ និងចូលចិត្តញ៉ាំ អ្នកស្រីតែងសែនជូនប្តី ព្រមទាំងតែងយកកចង្ហាន់ និងទេយ្យទានទៅប្រគេនព្រះសង្ឃ បង្សុកូល ឧទ្ទិសជូនព្រលឹងប្តី កុំឲ្យនៅវិលវល់ និងឆាប់បានទៅសោយសុខនៅសុគតិភព។

 សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ឧទ្ធម្ភាគចក្រ Z9 MH-912 បានទទួលបេសកកម្មហ្វឹកហ្វឺនចម្ងាយឆ្ងាយ ដោយហោះហើរចេញពីភ្នំពេញ ទៅថ្មដា ស្រាប់តែកុសល ឧទ្ធម្ភាគចក្រ Z9 MH-912 បានបាត់ ការទាក់ទងជាមួយទីបញ្ជាការកងទ័ពជើងអាកាស នៅល្ងាចថ្ងៃដដែលនោះ និងសង្ស័យធ្លាក់នៅតំបន់ភ្នំ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ភ្លាមៗនោះ កម្លាំងចម្រុះបានចុះរុករកភ្លាមដែរ តែដោយសារកត្តាអាកាស ធាតុមិនអំណោយផល មានភ្លៀងធ្លាក់ជាប់ជាប្រចាំ ទាំងយប់ទាំងថ្ងៃ នៅតំបន់ដែលយន្តហោះធ្លាក់ចុះនោះ ទើបកម្លាំងរុករក សរុបប្រមាណ ១ពាន់នាក់ (ទាំងកម្លាំងថ្មើរជើង និងកម្លាំងអាកាស) បានប្រើរយៈពេល១៧ថ្ងៃ រហូតមកដល់រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ទើបរកឃើញឧទ្ធម្ភាគចក្រ Z9 MH-912 បានធ្លាក់នៅចំណុចភ្នំ យ៉ាវយ៉ៃ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងបណ្តាលឱ្យអាកាសយានិកទាំង២រូប ត្រូវពលីជីវិត។

អាកាសយានិករងគ្រោះ ទាំង២រូប ទី១-លោកវរសេនីយ៍ទោ ស៊ុន ផល្លា មានប្រពន្ធឈ្មោះ ខាន់ ចាន់ធុល អាយុ៣៨ឆ្នាំ និងមានកូន២នាក់ក្នុងបន្ទុក (កូនប្រុសឈ្មោះ ខន រតនៈបញ្ញា អាយុ១២ឆ្នាំ កូនស្រីឈ្មោះ ខន រតនៈលីហ្សា អាយុ៩ឆ្នាំ) និងមានលំនៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទី២-លោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ អាយុ ៣៥ឆ្នាំ មានប្រពន្ធឈ្មោះឆែម កល្យាណ អាយុ៣១ឆ្នាំ និងមានកូន២នាក់ក្នុងបន្ទុក (កូនស្រីឈ្មោះខេង ឌឹមរកត អាយុ៥ឆ្នាំ កូនប្រុសឈ្មោះខេង ឌីវិភព អាយុ៣ឆ្នាំ) និងមានលំនៅក្នុងភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ក្រោយពេល ពលីជីវិតមក  អាកាសយានិកទាំង២រូប បានទទួលការដំឡើងស័ក្តិ ជាកិច្ចបច្ឆាមរណ: ពីលោកឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកវរសេនីយ៍ទោ ស៊ុន ផល្លា បានទទួលការដំឡើងស័ក្តិថ្នាក់ឧត្តម សេនីយ៍ត្រី (ផ្កាយ១) ចំណែកលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ បានទទួលការដំឡើងស័ក្តិវរសេនីយ៍ទោ៕ ខៀវទុំ

RELATED ARTICLES