ភ្នំពេញ៖ស្ថិតក្នុងវ័យ២៧ឆ្នាំ អតីតតារាចម្រៀងថោននាងជុំ រចនាពេជ្រ ហៅបេប៊ី បានឲ្យដឹងថារូបនាងមិនប្រញ៉ាប់ពេកក្នុងការយកស្វាមីទេ ហើយក៍មិនអាចកំណត់ថាតើឆ្នាំណា ប៉ុន្មានឆ្នាំទៀតទើបអាចរៀបការដូចគេបានដែរ ។ប៉ុន្ដែនាងថាបើចៃដន្យស្រាប់តែថ្ងៃស្អែក ,ខែក្រោយ ឬឆ្នាំក្រោយ គូព្រេងមកដល់ហើយនោះនាងនឹងរៀបការមុនពេលកំណត់ក៍ថាបានដែរ ។

បេប៊ី ថ្លែងប្រាប់”នគរធំ”តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៤ សីហា ថា”រឿងថាកាលណាយកប្ដីហ្នឹង ខ្ញុំមិនអាចកំណត់បានតែម្ដង ព្រោះអីបើគូព្រេងមកដល់ហើយយើងមិនអាចគេចវែសទៅណាបានទេ ស្រួលមិនស្រួលជួបភ្លាមការភ្លែតក៍ថាបានដែរ។តែជាគោលការណ៍ខ្ញុំចង់គិតដល់ការងារសិល្បៈច្រើនយើង ហើយនៅពេលដែលរវល់ខ្លាំង និយាយដោយត្រង់ទៅភ្លេចគិតរឿងស្នេហា រឿងយកប្ដីដូចគេតែម្ដង”។

ថ្វីត្បិតតែបេប៊ី វាចាបែបនេះក្ដី ប៉ុន្ដែការបាត់មុខពីសិល្បៈរយៈពេលជាង៣ឆ្នាំ ហើយទើបតែវិលរកឆាកតន្រ្ដីវិញកាលពីខែ១១ ឆ្នាំ២០២៣ នោះធ្លាប់មានគេនាំគ្នាខ្សឹបខ្សៀវថានាងរចនាពេជ្រ អាចរងសម្ពាធពីគូស្នេហ៍ ឬខ្លះសង្ស័យថានាងមានកូនទៀតផង។ពាក្យចចាមអារ៉ាមទាំងនោះកើតមានព្រោះអំឡុងពេលដែលបេប៊ី បាត់មុខនោះលេចឭថាមានបុរស២នាក់តាមស្នេហានាងក្នុងពេលតែមួយនោះគឺលោកឧកញ៉ាម្នាក់ និងអភិបាលខ័ណ្ឌម្នាក់ទៀត។ប៉ុន្ដទាំងបេប៊ី និងម្ដាយនាងអ្នកស្រីប៊ុន ណារី និយាយស្របគ្នាថាអត់ដែលស្គាល់ប្រុសទាំងពីរនាក់នោះថាជាអ្នកណាឡើយ ។តែអ្នកស្រីណារី ទទួលស្គាល់ថាកូនស្រីគាត់ពិតជាមានបុរសទាំងក្នុងនិងក្រៅស្រុកតាមស្រលាញ់មែន គ្រាន់តែអត់ច្បាស់លាស់នោះទេ ព្រោះរឿងគេស្រលាញ់ បើយើងមិនរវីរវល់ក៍ទៅមិនរួចដែរ ។

គួររំលឹកថាបេប៊ី បានផ្ដើមពីអាជីពសម្ដែង និងឈានទៅធ្វើពិធីការិនីនៅCTN ជាង១០ឆ្នាំ ទើបឈានចូលថោន ហើយពេលនេះនាងមិនជាប់កុងត្រាច្រៀងឲ្យផលិតកម្មណាទេ គឺធ្វើបទចម្រៀងដោយខ្លួនឯង នឹងគ្មានបំណងវិលទៅធ្វើជាMC ម្ដងទៀតឡើយ ។

បេប៊ី បន្ថែមថា”ខ្ញុំធ្វើបទចម្រៀងខ្លួនឯងស្រួល ព្រោះអីយើងស្រលាញ់បទណា ធ្វើបទហ្នឹង ។ប៉ុន្ដែការចំណាយលុយផលិតច្រើនគួរសមដែរ ហើយតាំងពីវិលមកវិញនេះខ្ញុំបានធ្វើបទថ្មីៗបាន៤បទហើយ ។ក្នុងពេលដ៍ខ្លីខាងមុខនេះខ្ញុំក៍ត្រៀមចេញបទស្លូវផងដែរ ហើយបើចេញទៅមានការគាំទ្រ ខ្ញុំនឹងផលិតស្លូវបន្ថែមទៀត តែកន្លងការធ្វើបទញាក់គឺច្រើនជាងស្លូវ “។

បេប៊ី ថានៅថ្ងៃទី១៥ សីហា នាងនឹងយកបទCover ថ្មីៗរបស់ខ្លួនទៅច្រៀងនៅកោះពេជ្រ ក្នុងព្រឹត្តិការណ៍ពិព័ណពាណិជ្ជកម្មថៃ ខណៈដែលនៅរដូវធ្លាក់ភ្លៀងនេះនាងបានចេញច្រៀងតាមPub មួយៗពោលគឺមិនសូវមមាញឹកដូចរដូវក្ដៅឡើយ ។ ក្រៅពីបេប៊ី តារាដែលលាក់ខ្លួនជាច្រើនឆ្នាំហើយវិលមករកអាជីពចាស់វិញមានដូចជាអ្ននាងឡាយ លក្ខិណា ,នារីរ័ត្ន គន្ធា និងលោកហេង ប៊ុនលាភ ជាដើម ។សម្រាប់បេប៊ី វិញនាងមានសម្លេងស្រដៀងសុខ ស្រីនាង ហើយកន្លងមកនាងមានការទាក់ទាញពីអ្នកទស្សនាច្រើនទៅលើរូបសម្រស់ និងក្បាច់រាំជាជាងសម្លេង ។អំឡុងពេលដែលដកខ្លួនពីសិល្បៈជាច្រើនខែនោះបេប៊ី បានបើកហាងកាហ្វេ និងពង្រីកសាខារហូតដល់ទៅ៤ផ្សេងគ្នា ទើបវិលករកកាន់ក្បាលមីក្រូជាថ្មី តែនាងទទួលស្គាល់ថាការមកលើកនេះខុសពីលើកមុនៗ ព្រោះការប្រជែងទីផ្សារចម្រៀងកាន់តែស្វិតស្វាញ ហេតុនេះសម្រាប់នាងយល់ថាបើគ្មានអ្វីថ្មី និងប្លែកទេ ប្រាកដជាពិបាកទៅរួច ទើបនាងសុខចិត្តចេញបទចម្រៀងយឺតចុះ ឲ្យតែមានគុណភាពប្រសើជាងចេញលឿនតែបានតែបរិមាណ ៕
