ភ្នំពេញ ៖ មន្ត្រីជំនាញ ក.ប.ប សាខារាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋាននគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ តំណាងសុខាភិបាល បានចុះត្រួតពិនិត្យទំនិញ ផលិផលអំបោះដេររបួសម៉ាក ETHILON ក្លែងបន្លំ គ្មានប្រភពច្បាស់លាស់ និងរំលោភកម្មសិទ្ធិបញ្ញា របស់ក្រុមហ៊ុន Johnson &Johnson ក្នុងទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ។
តាមប្រភពមន្ត្រីជំនាញ បានឱ្យដឹងថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ មន្ត្រីជំនាញ សាខា ក.ប.ប រាជធានីភ្នំ ពេញ បានចូលរួមសហការជាមួយនាយកដ្ឋាននគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ តំណាងសុខាភិបាល ដែលដឹកនាំនិងក្រោមការសម្របសម្រួលដោយលោក ស៊ីន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យឆែកឆេរផលិផលអំបោះដេររបួស ម៉ាក ETHILON ក្លែងបន្លំ គ្មានប្រភពច្បាស់លាស់ និងរំលោភកម្មសិទ្ធិបញ្ញា របស់ក្រុមហ៊ុន Johnson &Johnson ចំនួន៣ទីតាំងឱសថស្ថាន។ ជាលទ្ធផល បានរកឃើញផលិតផលចំនួន ១០៩៥ប្រអប់ និងត្រូវបានដកហូតយកទៅរក្សាទុកនៅនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី៕