ភ្នំពេញ៖ព្រាប សុវត្ថិ បានប្រកាសកាលពីថ្ងៃទី១៤ សីហា ថាលោកនឹងត្រៀមបើកហាងបាយនៅលើទឹកដីខេត្តមណ្ឌុលគិរីនាពេលឆាប់ៗនេះហើយ ដែលហាងលោកមានម្ហូបតាមបែបប្រពៃណីបងប្អូនភូមិភាគឦសាន និងម្ហូបខ្មែរប្រចាំហាងព្រាប សុវត្ថិ ។នេះជាការបន្ថែមុខរបរថ្មីមួយទៀតរបស់ព្រាប សុវត្ថិ ដែលជាការពង្រីកភោជនីយដ្ឋានទៅដល់ខេត្តមណ្ឌុលគិរី តែម្ដង ខណៈដែលមុនតំណើរការហាងទី៣នេះលោកព្រាប សុវត្ថិ បានបើហាងបាយ២កន្លែងមកហើយគឺសាខាទី១ហាង«ផ្ទះ ព្រាប សុវត្ថិ »ដែលមានទីតាំងនៅភូមិអូច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហាង«ព្រាប សុវត្ថិ »ទី២ សាខានៅម្ដុំ បឹងតាមោគ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងហាង«ផ្ទះ ព្រាប សុវត្ថិ »ទី៣ ដែលត្រៀមតំណើរការនេះស្ថិតតំបន់ទឹកជ្រោះរមនាទី១ ភូមិព្រូទ្រូ សង្កាត់សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌុលគិរី ។ប្រភពបានឲ្យដឹងថាមុនត្រៀមបើកហាងបាយទី៣ នេះព្រាប សុវត្ថិ បានសង់Resort នៅទីនោះតាំងពីដើមខែសីហា ឆ្នាំ២០២០ ដោយដាក់ឈ្មោះថា«ព្រាប សុវត្ថិ Resort » ខណៈដែលហាងបាយសាខាទី១របស់លោកពេលនេះក៍បានផ្អាកតំណើរការទៅហើយ ដោយត្រៀមបើកហាងសំអាងការនៅទីនោះជំនួសវិញម្ដង ។នេះជាការបន្ថែមមុខរបរថ្មីថែមមួយទៀតរបស់លោកព្រាប សុវត្ថិ នៅចុងឆ្នាំ២០២៤ ខណៈដែលលោកមានហាងជាច្រើនក្រៅពីអាជីពសិល្បៈដូចជាហាងកាត់សក់ ព្រាប សុវត្ថិ ,ហាងកាត់ដេរសម្លៀកបំពាក់ ព្រាប សុវត្ថិ និងជំនួញធំព្រាប សុវត្ថិ អចលនទ្រព្យជាដើម ។

មហាជនលើកឡើងថាព្រាប សុវត្ថិ មានមុខរកស៊ីធំក្រៅពីច្រៀងតាំងតែពីមុនលោកឡើងជាឧកញ៉ាកាលពីចុងខែមេសា ឆ្នាំ២០២២ ម្លេះ ហេតុនេះហើយបានជាគេចាត់ទុកតារាវ័យ៤៩ឆ្នាំ រូបនេះថាជាសេដ្ឋីម្នាក់ក្នុងសិល្បៈ ខណៈដែលកាលពីខែកញ្ញា ឆ្នាំ២០២០ លោកសុវត្ថិ ត្រូវបានមនុស្សជំនិតលោកបង្ហើបប្រាប់អ្នកសារព័តមានថាអតីតតារាហង្សមាសរូបនេះសល់ទ្រព្យខ្ទង់ប្រមាណ៣០លានដុល្លារឯណ្ណោះ ពីការចាប់អាជីពចម្រៀងជាង២០ឆ្នាំ ។ប៉ុន្ដែសម្រាប់អាជីវកម្មភោជនីយដ្ឋានវិញលោកសុវត្ថិ កាក់កបខ្លាំងហាងសាខាទី២ ដែលពេលខ្លះភ្ញៀវទៅភ្លក្សម្ហូបនៅហាងលោកនៅចុងសប្ដាហ៍រហូតថ្ងៃខ្លះគ្មានទីតាំងចតថយន្ដទៀតផង។ចំណែកអ្នកជំនាញសិល្បៈលោកនូ ស៊ឹប បានប្រាប់អ្នកយកព័តមានយើងថ្មីៗនេះថាព្រាប សុវត្ថិ តាំងពីចូលGalaxy មកផ្ដោតលើការធ្វើជំនួញច្រើនជាងច្រៀង ហើយតាមបទពិសោធន៍លោកយល់ថាសុវត្ថិ ក៍ដូចជាតារាផ្សេងៗទៀតដែរ ពោលគឺចូលដល់វ័យចំណាស់ទៅ អាជីពសិល្បៈលែងចង់ឯងតែម្ដង ហើយបើគេមានលុយបែបនេះគិតលើរឿងរកស៊ីវិញ។ប៉ុន្ដែក្នុងជំនួបផ្ទាល់កន្លងមកលោកព្រាប សុវត្ថិ ធ្លាប់អះអាងអាជីពចម្រៀង និងធ្វើជំនួញលោកដើរទន្ទឹមគ្នា ។លោកសង្កត់ថាទោះជាក្លាយទៅជាអ្វីក៍លោកមិនចោលសិល្បៈដែរ តែបើមិនរកស៊ីក៍មិនទៅមុខឡើយ ។

សូមបញ្ជាក់ថាព្រាប សុវត្ថិ បានច្រៀងនៅហង្សមាសរយៈពេល២៣ឆ្នាំ(១៩៩៩-២០២០ ០)នឹងបានជ្រកនៅGalaxy រយៈពេល៤ឆ្នាំគត់គិតត្រឹមខែសីហា នេះ ខណៈដែលកុងត្រារបស់លោកនៅតំណាក់កាលដំបូងរយៈពេល៥ឆ្នាំ នៅសល់តែ១ឆ្នាំទៀតប៉ុណ្ណោះនិងអស់សុពលភាព ។តែគេជឿរថាព្រាប សុវត្ថិ នឹងឈានទៅកុងត្រានៅតំណាក់កាលទី២ នៅមុនឆ្នាំ២០២៦ ព្រោះទោះជាពេលនេះលោកមិនសូវមានបទចម្រៀងផ្ទុះខ្លាំងដូចមុនក៍ដោយ តែកូនប្រុសទាំងពីររបស់គឺកូនច្បងសុវត្ថិ មុនីវណ្ណ និងកូនទី៣ សុវត្ថិ សិរីវុឌ្ឍ ពួកគេកំពុងតែឈរនៅផលិតកម្មនេះជាមួយឪពុករបស់គេ គឺនៅសល់តែកូនទី២សុវត្ថិ មុនីនាគ ប៉ុណ្ណោះដែលលោកសុវត្ថិ មិនទាន់ឲ្យច្រៀងនៅផលិតកម្មណា ក្រោយចាកចេញពីហង្សមាស។

ក្រៅពីព្រាប សុវត្ថិ តារាដែលបើកភោជនីយដ្ឋាននៅឆ្នាំ២០២៤ នេះមានដូចជាអ្នកនាងយុគ ចិន្ដា ,ពេជ្រ សូលីកា ,ជីជី និងពេជ្រ សិរីរ័ត្ន ,សឿន ផានផាភួង ,សារ៉ាយ សក្ខណា និងលោកលាន សូនី ជាដើម ៕





