ភ្នំពេញ ៖ គណបក្សហ៊្វុនស៊ិនប៉ិច ដែលមានព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធាន បានចេញសេចក្តីអំពាវនាវដល់បងប្អូនសមាជិក សមាជិកា និងអ្នកគាំទ្រ រក្សាភាពស្ងប់ស្ងាត់ ចៀសវាងចលនាមិនស្របច្បាប់ ផ្ទុយរដ្ឋធម្មនុញ្ញ ឬការសម្តែងមតិជ្រុលហួសខុសច្បាប់ ដែលនាំឱ្យសង្គមជាតិ អសន្តិសុខ និងបែកបាក់សាមគ្គីជាតិ។
សេចក្តីអំពាវនាវរបស់គណបក្សហ៊្វុនស៊ិនប៉ិច ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ មានខ្លឹមសារទាំងស្រុងថា «ក្នុងនាមគណបក្សហ៊្វុនស៊ិនប៉ិច សូមធ្វើការអំពាវនាវដល់បងប្អូន សមាជិកសមាជិកា អ្នកគាំទ្រ មេត្តារក្សាភាពស្ងប់ស្ងាត់ គោលជំហររឹងមាំង ចៀសវាងក្នុងចលនាមិនស្របច្បាប់ណាមួយ ដែលផ្ទុយពីច្បាប់ និងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាយើង ។
ការសម្តែងមតិ ឆន្ទៈណាមួយ គឺសិទ្ធិសេរីភាពយ៉ាងពេញលេញរបស់ប្រជារាស្ត្រ តែគប្បីចៀសវាងការប្រើប្រាស់ឱ្យជ្រុលហួសខុសច្បាប់នោះដែរ ដែលនាំឱ្យសង្គមជាតិ អសន្តិសុខ និងការបែកបាក់សាមគ្គីជាតិរបស់ខ្មែរយើង។
ដូច្នេះសូមបងប្អូន ជនរួមជាតិ សមាជិកសមាជិកា អ្នកគាំទ្រ ពង្រឹងរួបរួមសាមគ្គី ជុំវិញព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីទ្រង់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការដឹកនាំអ្នករាជានិយម អ្នកប្រជាធិបតេយ្យ ឆ្ពោះទៅរកឯកភាពជាតិ សាមគ្គីភាព និងជាពិសេស ធ្វើការដោះស្រាយបញ្ហាជាតិធំៗ ជូនបង ប្អូនជនរួមជាតិ ដោយសន្តិវិធី»៕ ខៀវទុំ