Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមនាំចូលបរិក្ខារពេទ្យខុសច្បាប់ ចា.../ប់៣នាក់ បញ្ជូ.../នទៅតុលាការ

នាំចូលបរិក្ខារពេទ្យខុសច្បាប់ ចា…/ប់៣នាក់ បញ្ជូ…/នទៅតុលាការ

ភ្នំពេញ ៖ កម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យ ចំនួន៣នាក់ (ចិន២នាក់) ទៅតុលាការ ពាក់ព័ន្ធបទល្មើសនាំចូលនិងចែកចាយអំបោះដេររបួស ម៉ាក ETHILON ក្លែងក្លាយ និងសម្ភារបរិក្ខារពេទ្យខុសច្បាប់។

ការបង្ក្រាបនេះ មានការចូលរួមពីសមត្ថកិច្ចជំនាញកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រចាំបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប សាខារាជធានីភ្នំពេញ និងមន្ត្រីជំនាញនៃក្រសួងសុខាភិបាល រួមនិងអាជ្ញាធរមូលដ្ឋាន ក្រោមការ សម្របសម្រួលនីតិវិធីដោយផ្ទាល់ពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចុះបង្ក្រាប កាលពីថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៤ នៅឱសថស្ថាន ចំនួន៣កន្លែង ក្នុងសង្កាត់អូឡាំពិក និងទីតាំងស្តុក នៅសង្កាត់ផ្សារដេប៉ូ២។

ក្នុងប្រតិបត្តិការរយៈពេល ២ថ្ងៃនេះ សមត្ថកិច្ចបានរកឃើញនិងដកហូតសម្ភារៈជាវត្ថុតាង រួមមាន ៖ អំបោះដេររបួស ម៉ាក ETHILON ក្លែងក្លាយ រំលោភកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន Johnson & Johnson សរុបចំនួន ៤៤៩៥ប្រអប់ និងសម្ភារបរិក្ខារពេទ្យ ដែលគ្មានច្បាប់ ជាច្រើនប្រភេទថែមទៀត។

សូមបញ្ជាក់ថា ប្រតិបត្តិការខាងលើនេះ ធ្វើឡើងយោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន Johnson & Johnson របស់សហរដ្ឋអាមេរិក និងការស្រាវជ្រាវស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញ កម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រហូតឈានទៅដល់ការបង្ក្រាបជាក់ស្តែង ហើយសម្ភារៈជាវត្ថុតាងទាំងអស់ ត្រូវបានដកហូតជាបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទាំង៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕

RELATED ARTICLES