ភ្នំពេញ៖តារាចម្រៀងលេងសម្រស់រ៉េត ស៊ូហ្សាណា ត្រូវបានផលិតកម្មបារមី ប្រកាសថានាងបានក្លាយជាសមាជិករបស់ខ្លួនកាលពីល្ងាចថ្ងៃទី១៥ សីហា ដែលនេះបញ្ជាក់ថាហ្សាណា លែងច្រៀងឲ្យហង្សមាសទៀតហើយ។ការសម្រេចចិត្តដើរចេញពីហង្សមាស ចូលផលិតកម្មបារមី ជ្រកក្រោមទ្រនុំជាមួយតារាចម្រៀងម៉ាន់ វណ្ណដា នេះត្រូវបានគេព្យាករណ៍ថាហ្សាណា អាចនឹងវិវត្តន៍ខ្លួនទៅសាកល្បងច្រៀងរ៉េប ជាដៃគូជាមួយលោកវណ្ណដា នាពេលខាងមុខជាមិនខាន ។
រ៉េត ស៊ូហ្សាណា បានថ្លែងថាមានការជជែកថាតើនាងបាត់ទៅណាហើយ ?ម៉េចបានអត់មានបទចម្រៀងថ្មីចេញហ្នឹងគេ?
អតីតតារាហង្សមាសរូបនេះបានអះអាងថាកន្លងមកនាងបានធ្វើការផ្លាស់ប្ដូរដ៍ធំមួយ សម្រាប់ខ្លួនឯងទាក់ទងនិងការងារសិល្បៈ ហើយឥឡូវនេះពិតជាមានអារម្មណ៍រំភើបមែនទែន ព្រោះជិតបានបង្ហាញអ្វីទាំងអស់ ដែលបានធ្វើទៅកាន់អ្នកគាំទ្រជាទីស្រលាញ់ឆាប់ៗនេះ។នាងក៍អរគុណដល់អ្នកគាំទ្រដែលផ្ដល់ទំនុកចិត្តលើនាង ក្នុងការឈានទៅមុខបន្ដទៀត យ៉ាងស្វាហាប់ នឹងសង្ឃឹមថាអ្នកគាំទ្រនឹងពេញចិត្តនូវអ្វីថ្មីៗដែលនាងនិងផលិតកម្មបារមី ត្រៀមបង្ហាញ។
ចំណែកផលិតកម្មបារមីវិញប្រកាសថាពួកគេមានក្ដីរំភើបរីករាយ ដែលនឹងចែករំលែកបទពិសោធន៍ចម្រៀងពិរោះៗជាច្រើនរបស់ស៊ូហ្សាណា ទៅកាន់អ្នកគាំទ្រក្នុងពេលដ៍ខ្លីខាងមុខនេះហើយ ។
ហ្វេសបុកឈ្មោះPii Banng ខមិនជុំវិញការដើរចេញពីហង្សមាសចូលបារមី របស់រ៉េត ស៊ូហ្សាណា ថា”ហង្សមាសគរជើងពេក ចេញក្រៅយកបទពិសោធន៍ថ្មីៗគឺល្អ គិតត្រូវ “។
ចំណែកតារាចម្រៀងជើងចាស់របស់ផលិតកម្មរស្មីហង្សមាសពេជ្រ សោភា ដែលធ្លាប់តែសរសើររ៉េត ស៊ូហ្សាណា ថាជាតារាចម្រៀងមានសម្ថភាពម្នាក់ហើយអាចឈានទៅជំនួសនាងឬតារាស្រីរៀមច្បងមួយចំនួនទៀតរបស់ហង្សមាសនាពេលដែលនាងនិងតារាចម្រៀងខ្លះនៅហង្សមាសឈានចូលវ័យជ្រេនោះ បាននិយាយយ៉ាងខ្លីប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទកាលពីថ្ងៃទី១៦ សីហា ទាក់ទងការដើរចេញពីហង្សមាសរបស់សិស្សប្អូនរូបនេះទៅរួមទ្រនុំជាមួយវណ្ណដា នោះថានោះជាការសម្រេចចិត្តរបស់ហ្សាណា ហើយគេធ្វើអ្វីដែលសប្បាយចិត្ដគេនឹងធ្វើ។សោភា និយាយខ្លីថា”ហ្សាណា គាត់មានសម្ថភាពច្រើន។ក្នុងនាមជារៀមច្បងម្នាក់ខ្ញុំគោរពតាមការសម្រេចចិត្តរបស់គាត់ ហើយរឿងគេចង់ធ្វើអ្វីនោះជាសិទ្ធិរបស់គាត់ “។
គួររំលឹកថារ៉េត ស៊ូហ្សាណា ជាអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២ ហើយនាងជ្រកនៅហង្សមាសបាន៨ឆ្នាំ ទើបរត់ចោលផលិតកម្មធំនេះ។ស្រីស្អាតមានត្រេមុខដូចកូនកាត់ជប៉ុនរូបនេះពេលចូលហង្សមាសដំបូងនៅឆ្នាំ២០១៦ នាងធ្លាប់រងការរិះគន់ថាច្រៀងអត់កើត បានតែរូបសម្រស់យោង ប៉ុន្ដែក្រោយមកហ្សាណា បានធ្វើឲ្យអ្នកមិនចេះស្ដាប់ចម្រៀងនាងស្ងាត់មាត់ទៅវិញតាមរយៈការចេញបទ”ឈប់ “,”សង្ស័យ “និងបទ”ប្រយោគស្នេហ៍ “ជាដើម ។ប៉ុន្ដែអ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថារ៉េត ស៊ូហ្សាណា មានចំណុចពិសេស២យ៉ាងគឺទី១៖រូបសម្រស់ និងទី២៖ការច្រៀងបទជាភាសារបរទេស ។តែលោកថាការច្រៀងបទជាភាសារខ្មែរនាងនៅត្រូវការពេលវេលាច្រើនទៀតបើចង់ទៅដល់ចំណុចកំពូល ។
រ៉េត ស៊ូហ្សាណា ជាតារាស្រីផ្នែកយុវវ័យដែលលេចធ្លោជាងគេនៅហង្សមាស ព្រោះនាងចេញមុខតាមស្ពត និងConcerts ធំៗជាបន្ដបន្ទាប់ ហើយស្ថិតក្នុងវ័យ២៤ឆ្នាំ ស្រីស្រស់មានទ្រព្យផ្ទាល់ខ្លួនមិនក្រោមកន្លះលានដុល្លារឡើយដូចជានាងទិញបានផ្ទះ២ល្វែង ,រថយន្ដម៉ាកJeep Rubicon និងបើកហាងលក់សម្លៀកបំពាក់ជាដើម ។ហ្សាណា មិនដែលប៉ះរឿងអាស្រូវស្នេហានោះទេ តែនាងធ្លាប់ស្និតស្នេហ៍ជាមួយកូនប្រុសទី២លោកឧកញ៉ាព្រាប សុវត្ថិ ដូចគូស្នេហ៍ តែដំណឹងនេះត្រូវបានសាបទៅវិញក្រោយលោកជំទាវឡុង ស្រីមុំ ចេញមុខអះអាងកាលពីឆ្នាំ២០២២ ថាកូនលោកស្រីគ្មានទំនាក់ទំនងស្នេហាជាមួយហ្សាណា ដូចគេសង្ស័យឡើយ ។ប្រភពបានឲ្យដឹងថាមូលហេតុដែលហ្សាណា ដើរចេញពីហង្សមាសព្រោះតែនាងលែងសូវមានបទចម្រៀងបុកលើទីផ្សារដូចមុន ដោយសារតែតារាហង្សមាសកាន់តែច្រើន ពោលគឺពីមុនអ្នកនិពន្ធ៥នាក់ ជួយឲ្យតារាម្នាក់ល្បីគឺត្រូវតែល្បី ប៉ុន្ដែពេលនេះអ្នកនិពន្ធម្នាក់ជួយតារា៥នាក់វិញ ទើបពិបាកល្បី ហេតុនេះហើយបានជានាងមិនព្រមបន្ដកុងត្រា។យ៉ាងណាជុំវិញការចាកចេញរបស់ហ្សាណា នេះនៅមិនទាន់មានការបកស្រាយពីលោកអ៊ឹង សុងលាភ អ្នកគ្រប់គ្រងហង្សមាសទេ ព្រោះទូរស័ព្ទតេមិនចូល ។ប្រភពបានឲ្យដឹងថាហ្សាណា ក៍មានផលិតកម្មផ្សេងទៀតដូចជាGalaxy ជាដើមចង់បាននាងធ្វើជាសមាជិករបស់ខ្លួនដែរ តែចុងក្រោយនាងសម្រេចចិត្តទៅចាប់ដៃជាមួយវណ្ណដា ៕