ភ្នំពេញ៖តារាស្រីស្អាតៗក្នុងពិភពសិល្បៈគឺជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់មន្រ្ដីធំ ,អ្នកជំនួញឆ្លងដែន ,ក្រុមសេដ្ឋី និងអាណិកជននៅបរទេសជាដើម ដោយខ្លះបានបោះបង់អាជីពចោលទៅរស់នៅស្រុកគេតាមប្ដី ក្រោយរៀបការទៀតផង ។សម្រាប់ឆ្នាំ២០២៤ នេះគេឃើញមានតារាស្រី៥ដួង នៅតែគ្មានដំណឹងរៀបការប្ដី បើទោះជាវ័យរបស់ពួកគេចង់ជ្រេបន្ដិចក្ដី តែសូម្បីគូស្នេហ៍របស់ពួកគេជាអ្នកណាក៍គ្មានអ្នកណាស្គាល់ឡើយ ព្រោះម្នាក់ៗប្រឹងលាក់ជិតតែម្ដង ។
១៖ឌួង ហ្សូរីដាៈអតីតកញ្ញាឯកសាប៊ូលុច្ស និងពិធីការិនីល្បីល្បាញឈ្មោះរូបនេះមិត្តភក្ដិជុំវិញខ្លួនខ្លះកូន២ កូន៣ អស់ទៅហើយ តែហ្សូរីដា នៅតែអត់ដំណឹងរៀបការប្ដីដដែលគិតត្រឹមឆ្នាំ២០២៤ នេះ។ហ្សូរីដា មិនដែលបង្ហាញមុខគូស្នេហ៍ជាសាធារណៈម្ដងណាឡើយ ក្រោយមានដំណឹងថាកាលពីឆ្នាំ២០១៩ មិត្តប្រុសរបស់នាងបានរៀបការជាមួយតារាចម្រៀងល្បីម្នាក់។ទាំងក្នុងនិងក្រៅសិល្បៈភាគច្រើនសរសើរហ្សូរីដា ថាជានារីរឹងមាំម្នាក់ដឹកនាំក្រុមគ្រួសារបានល្អហើយនាងដើរតួនាទីជាស្រីផង ប្រុសផង បង្រៀនប្អូនៗនាងទាំងពីរឲ្យចេះរកស៊ី ពិសេសក្រោយម្ដាយនាងលោកស្រីយ៉ាលីន សុខលីម ទទួលមរណភាពកាលពីថ្ងៃទី១ ខែ៥ ឆ្នាំ២០២៣ ទើបធ្វើឲ្យនាងពន្យាពេលរៀបការប្ដីមកដល់ពេលនេះ ។
២៖ហេង ផាន់ណាៈក៍ជាអតីតកញ្ញាឯកសាប៊ូលុច្ស ម្នាក់ដែរ ហើយពេលនេះស្ងាត់ដូចចោរលួចសេះរឿងរៀបការ បើទោះជាកាលពីប៉ុន្មានឆ្នាំមុនគេធ្លាប់ឃើញនាងបណ្ដើរបុរសម្នាក់ប្រៀបបានដូចជាគូស្នេហ៍ទៅខេត្តរតនគិរី ក្ដី ប៉ុន្ដែមកដល់ពេលនេះ ហេង ផាន់ណា ឬហេង កែវនីតា មិនដែលកៀកកើយសង្សារតាមបណ្ដារកម្មវិធីអ្នកសិល្បៈណាជាសាធារណៈម្ដងឡើយ។ពិធីការិនីបាយ័នរូបនេះនៅតែរក្សាររូបសម្រស់ផូផង់ ហើយអ្នករួមអាជីពMC ជាមួយនាងរៀបការប្ដីនិងមានកូនរៀងៗខ្លួនអស់ទៅហើយ ។
៣៖ញឹម ចាន់ថនៈតារាចម្រៀងរូបនេះមានវ័យជ្រេបន្ដិចទៅហើយ តែអត់ធ្លាប់លេចឭថានាងមានផែនការណ៍យកប្ដីសីម្ដងណាទេ ។ចាន់ថន ដែលមានដំណឹងថានាងមានស្រីស្រលាញ់ច្រើនជាងប្រុសនោះនៅតែបន្ដអាជីពចម្រៀង និងសម្ដែងដដែល ហើយនាងក៍មានមុខរបរក្រៅសិល្បៈដែរនោះគឺជាម្ចាស់ហាងផឹកស៊ីមួយកន្លែងនៅម្ដុំកំពង់ចម្លងអរិយក្សត្រ ។
៤៖ឈិត សុវណ្ណបញ្ញាៈអតីតតារាហង្សមាស និងថោន រូបនេះស្ងាត់ពីអាជីពចម្រៀងជាច្រើនឆ្នាំមកហើយ ខណៈដែលរឿងស្នេហានាងវិញបិទជិតឈឹង ពោលគឺតាំងពីចាប់អាជីពចម្រៀងនាងមិនដែលបង្ហាញមុខប្រុសស្នេហ៍ដូចគេនោះទេ ។បញ្ហានេះហើយដែលធ្វើឲ្យបញ្ញា គ្មានដំណឹងការប្ដីនោះទេ ប៉ុន្ដែគេជឿរថានាងមិនមែនទុកបេះដូងឲ្យនៅទំនេរឡើយ គ្រាន់តែសាងស្នេហាដោយលាក់លៀមប៉ុណ្ណោះ ។
៥ ៖នី មុនីនាថៈកាលពីឆ្នាំ២០២០ មុនីនាថ បានប្រាប់អ្នកសារព័តមានយើងថានាងមានម្ចាស់ស្នេហាជាបុរសអ្នកជំនួញវ័យក្មេងមកពីអូស្រ្ដាលី ដែលការវាចាបែបនោះបន្ទាប់ពីនាងចែកផ្លូវជាមួយបុរសពោះម៉ាយមកពីអាមេរិកអតីតតារាសម្ដែងលោកកែវ កុសល ឆ្នាំ២០១៩ ។អ្នកស្រីសុភាលី ប្រាប់”នគរធំ”ថ្មីៗនេះថាគាត់មិនដឹងថាកូនស្រីមានសង្សារនៅអូស្រា្ដលីទេ ហើយរឹតមិនអាចនិយាយបានថានាងចង់រៀបការនៅពេលណាដែរ ព្រោះមុនីនាថ កំពុងរវល់ការងារផ្ទាល់ខ្លួនក្រៅពីអាជីពសិល្បៈនោះគឺបើកហាងសាឡន១ នៅម្ដុំបន្ទីពេទ្យកុមារជាតិ ក្រុងភ្នំពេញ៕