Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសង្ឃក្លែងក្លាយ ស៊យបោកចំចៅអធិការវត្ត

សង្ឃក្លែងក្លាយ ស៊យបោកចំចៅអធិការវត្ត

ខេត្តបាត់ដំបង ៖ ជនសង្ស័យ ចំនួន២នាក់ បានកោរសក់ ស្លៀកស្បង់ បន្លំខ្លួនជាព្រះសង្ឃ ដើរបិណ្ឌបាតយកលុយចាយ លុះក្រោយមកអស់លក្ខណ៍ ត្រូវបានព្រះចៅអធិការវត្ត ១អង្គ និមន្តឆ្លងកាត់ ឃើញកំពុងរៃអង្គាស បច្ច័យតាមផ្លូវ នឹកស្មានថាជាសង្ឃពិតប្រាកដ ខំនិមន្តចុះទៅសួរសុខទុក្ខ ស្រាប់តែឆ្លើយថា និមន្តមកពីវត្តអូររអិល ខេត្តប៉ៃលិន ទាំងមិនដឹងថា ព្រះអង្គ គឺជាព្រះចៅអធិការវត្តអូររអិលស្រាប់ ទើបបែកការ ត្រូវមន្ត្រីសង្ឃចុះចាប់ ប្រគល់ឱ្យសមត្ថកិច្ចចាត់ការបន្ត។

ករណីឃាត់ខ្លួនសង្ឃក្លែងក្លាយ ២អង្គនេះ បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ព្រះតេជគុណ ផៃ រឹទ្ធី ព្រះចៅអធិការវត្តអូររអិល ខេត្តប៉ៃលិន ឲ្យដឹងថា បុគ្គលក្លែងជាព្រះសង្ឃនេះ ធ្លាប់មានប្រវត្តិអាជ្ញាធរ រួមទាំងមន្ត្រីសង្ឃស្រុកបាណន់ ចាប់អនុវត្តច្បាប់ ម្តងរួចមកហើយ កាលពីកន្លងមក តែមិនរាងចាល នៅតែបន្តសកម្មដើរបោកប្រាស់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ថែមទាំងបានធ្វើឱ្យប៉ះពាល់ដល់តម្លៃព្រះសង្ឃ ពិសេសសាសនាទាំងមូលថែមទៀត។

បុគ្គលខាងលើ តែងទៅកន្លែងស្ងាត់ រួចដោះដូរសម្លៀកបំពាក់ធម្មតាចេញ ហើយគ្រងស្បង់ចីវរ បន្ទាប់មកក៏ដើរធ្វើសកម្មភាពរៃបច្ច័យ តាមទីផ្សារ និងទីប្រជុំជននានា។

ព្រះចៅអធិការវត្តអូរអិល បន្តថា មុនពេលកើតហេតុ ខណៈដែលព្រះអង្គនិមន្តឆ្លងកាត់ពីខេត្តបាត់ដំបង ឆ្ពោះទៅទីអារាមក្នុងខេត្តប៉ៃលិន ក៏បានជួបជាមួយបុគ្គលទាំង២នាក់ខាងលើ ដែលកំពុងដើររៃអង្គាសបច្ច័យតាមទីសាធារណៈ ភ្លាមនោះ ព្រះអង្គបាននិមន្តទៅសួរសុខទុក្ខ នឹកស្មានថាជាសង្ឃពិតប្រាកដ។

បន្ទាប់ពីសាកសួរ ជនឆបោកទាំង២នាក់ បានបញ្ជាក់ប្រាប់ព្រះអង្គថា ពួកគេទាំង២អង្គ និមន្តមកពីវត្តអូររអិល ខេត្តប៉ៃលិន ទាំងមិនដឹងថា ព្រះអង្គគឺជាព្រះចៅអធិការវត្តអូររអិល នោះឡើយ។ ភ្លាមនោះព្រះអង្គក៏ទាក់ទងរាយការណ៍ទៅព្រះអនុគណស្រុករតនមណ្ឌល ដើម្បីអនុវត្តវិធានការឃាត់ខ្លួនសង្ឃក្លែងក្លាយទាំង២អង្គ មកសាកសួរ។

ក្រោយមន្ត្រីសង្ឃចាប់ថ្នាក់បាន និងដឹងថា សង្ឃទាំង២អង្គនោះ គឺជាសង្ឃក្លែងក្លាយ ក៏សម្រេចចាប់ផ្សឹក ដោះស្បង់ចេញ និងឱ្យធ្វើកិច្ចសន្យាបញ្ឍប់សកម្មភាពបែបនេះបន្តទៀត ក្រោមការសម្របសម្រួលពីអាជ្ញាធរស្រុករតនមណ្ឌល៕

RELATED ARTICLES