ភ្នំពេញ ៖ ពាក់ព័ន្ធករណីយុវជនប្រឆាំង បានប្រកាសជួបគ្នាមុខព្រះបរមរាជវាំង និងនៅតាមផ្លូវជាតិលេខ៣ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ (CLV) នោះ ត្រូវបានលោកប៉ាន់ ខែមប៊ុន ប្រធានសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព បានបញ្ជាក់ បាតុកម្មយុវជនប្រឆាំងប៉ុន្មាននាក់នោះ មិនអាចកើតមានឡើងដូចការគ្រោងទុកបានទេ ដោយលោកជឿជាក់ថា កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមានសមត្ថកិច្ច នឹងបង្រ្កាប ទប់ស្កាត់មិនឲ្យបាតុភាពអនាធិបតេយ្យនេះកើតឡើងបានឡើយ ដើម្បីរក្សាសន្តិភាព ស្ថិរភាពក្នុងប្រទេស។
គួរបញ្ជាក់ថា ថ្មីៗនេះ លោក គង់ រ៉ៃយ៉ា យុវជនប្រឆាំង នៃគណបក្សភ្លើងទៀន ដែលកំពុងរស់ភៀសខ្លួននៅប្រទេសថៃ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់ខ្លួនថា “រឿងថ្ងៃទី១៨, ០៨, ២០២៤ ជួបគ្នាមុខវាំង ធ្វើឲ្យរបបក្រុងភ្នំពេញ ភ័យស្លន់ស្លោ ដេកមិនលក់ទេ” ។
តាមរយៈគណនីហ្វេសប៊ុក ដដែល លោក គង់ រ៉ៃយ៉ា បានស៊ែររូបភាពកម្មវិធីការជួបជុំសម្ដែងមតិ នៅមុខវាំង វេលាម៉ោង ៤ៈ៣០នាទីល្ងាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ស្នើរដ្ឋាភិបាល ដកកម្ពុជា ចេញពីគម្រោង CLV ភ្ជាប់ជាមួយសំណេរខ្លីថា “បុកពោះហើយៗ!” ។
ជាមួយគ្នានេះ ក៏មានយុវជនប្រឆាំងមួយចំនួនទៀត បានប្រកាសតាមបណ្តាញសង្គម អំពីការជួបជុំគ្នានៅផ្លូវ ជាតិលេខ៣ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ និងខ្លះទៀតបានប្រកាសអំពាវនាវឲ្យអ្នកនៅតាមបណ្ដាខេត្ត ឡើងទៅជួបជុំគ្នានៅភ្នំពេញ ទាំងអស់គ្នា នៅថ្ងៃទី១៨ ខែសីហា នោះផងដែរ។
ទោះបីយ៉ាងណា លោកប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្រ្តី ជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី ជាអនុប្រធានខុទ្ទល័យគណបក្សប្រជាជនកម្ពុជា និងជាប្រធានសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ថា បាតុកម្មរបស់យុវជនប្រឆាំងប៉ុន្មាននាក់នោះ មិនអាចកើតមានឡើងដូចការគ្រោងទុកបានទេ ដោយលោកជឿជាក់ថា កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមានសមត្ថកិច្ច នឹងបង្រ្កាប ទប់ស្កាត់ មិនឲ្យបាតុភាពអនាធិបតេយ្យនេះកើតឡើងបានឡើយ ។
លោកប៉ាន់ខែម ប៊ុនថន បានមានប្រសាសន៍ថា “ក្នុងនាមយុវជនស្រលាញ់សន្តិភាពម្នាក់ ពិតជាហួសចិត្តដែលក្នុងស្រទាប់យុវជន មិនយល់ច្បាស់អំពីអ្វីទៅដែលជាផលចំណេញរបស់ជាតិ និងអ្វីទៅជាភាពរីកចម្រើនរបស់ជាតិ ហើយយុវជនទាំងអស់នោះ គឺមិនបានចូលរួមកិច្ចការងារសង្គម និងធ្វើឲ្យមានប្រយោជន៍ដល់សង្គមជាតិ និងតម្លៃនៃជាតិ ក៏ដូចជាប្រជាជននោះទេ ។ ពួកគេតែងតែគិតនូវរឿងដែលឥតប្រយោជន៍ រឿងដែលធ្វើម៉េចបំពុលសង្គម និងបំបាក់នូវកិត្តិយសជាតិរបស់ខ្លួនឯង ។ អ៊ីចឹងជារឿងមួយយើងគួរឲ្យសោកស្ដាយណាស់ ដែលមិនគួរណាមានយុវជនដែលគាត់មិនយល់អំពីអ្វីដែលហៅថា តម្លៃហ្នឹងទេ ហើយការគិតរបស់គាត់នេះ ជាការគិតនៅក្នុងចំណោមនៃការគិតមួយដែលយើងអាចនិយាយបានថា ការគិតទាំងមិនដឹងទិស មិនដឹងតំបន់ មិនដឹងខ្យល់ យើងប្រើពាក្យថា មិនដឹងខ្យល់ ពីព្រោះថា ជំហាននៃការអភិវឌ្ឍន៍ វាត្រូវតែមាន ហើយការអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ត្រីកោណនេះ គឺត្រូវតែធ្វើអ៊ីចឹងហើយ អាហ្នឹងវាជាទូទៅ ។ ណាមួយប្រទេសគេក៏ធ្វើ ប្រទេសយើងក៏ធ្វើ មិនមែនធ្វើតែយើង តែគេឯណា ហើយដី អត់មានបាត់មួយចំអាមកន្លែងណាឯណា ប៉ុន្តែខ្ញុំគិតថា យុវជនទាំងអស់នោះ ខ្វះការគិត ដោយសារគាត់លង់ទៅនឹងនយោបាយអាក្រក់របស់ពួកប្រឆាំង ដែលគាត់អូសទាញ ដើម្បីជាចេតនាកេងចំណេញនយោបាយរបស់ពួកគាត់“ ។
លោកប៉ាន់ខែម ប៊ុនថន បានមានប្រសាសន៍បន្តថា “ទោះជាយ៉ាងណា បាតុកម្មនៅមុខវាំងនោះ មិនអាចនឹងកើតឡើងបានទេ ពីព្រោះប្រទេសមានច្បាប់ បើកាលណាបង្កភាពវឹកវរដល់សង្គមជាតិ យើងមិនអាចឲ្យបុគ្គលមួយចំនួនតូច មួយក្ដាប់តូចប៉ុណ្ណឹង មកបំផ្លាញកិត្តិយស ហើយនិងអ្វីហៅថា សន្តិសុខ សន្តិភាពរបស់ជាតិបានទេ ។ អ៊ីចឹងខ្ញុំគិតថា មិនអាចកើតមានទេ ហើយបើកើតមានមែន ក៏ច្បាប់មិនព្រងើយកន្តើយដែរ ពីព្រោះដើម្បីមនុស្ស ១៧លាននាក់ គេមិនឲ្យមនុស្សពីរបីនាក់ហ្នឹងមកបង្កបញ្ហាទេ ។ ក្នុងនាមយុវជនស្រលាញ់សន្តិភាព គាំទ្រចំណាត់ការគ្រប់បែបយ៉ាងរបស់សមត្ថកិច្ច និងរដ្ឋាភិបាល ចំពោះជនដែលបំពុលសង្គម និងបង្កើតបញ្ហាវិនាសកម្មដល់សង្គម ហើយមិនត្រឹមតែគាំទ្រទេ នឹងចូលរួមជាមួយនឹងកងកម្លាំងទាំងអស់ ដើម្បីរក្សាសន្តិភាព រក្សាសណ្ដាប់ធ្នាប់ ការពារកិត្តិយសជាតិ ទោះក្នុងតម្លៃណាក៏ដោយ មិនឲ្យអ្នកណាម្នាក់មកបំផ្លាញនូវសន្តិភាពហ្នឹងបានទេ“ ។
ដោយឡែក នៅក្នុងសារសសំឡេងរយៈពេល៣នាទី ដែលចែកចាយតាមបណ្តាញទំនាក់ទំនងសង្គម តេឡេក្រាម នៅថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងណែនាំអភិបាលរាជធានី-ខេត្តទាំងអស់ ឲ្យមានការយកចិត្តទុកដាក់កម្រិតខ្ពស់ចំពោះបញ្ហាសន្តិសុខ ព្រោះក្រុមការងារសន្តិសុខរបស់លោកទទួលបានព័ត៌មានស្តីពីការបំផុសឲ្យប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ឡើងមករាជធានីភ្នំពេញ នៅថ្ងៃទី១៨ សីហា ឆ្នាំ២០២៤ ដើម្បីធ្វើបាតុកម្មទាមទារឲ្យកម្ពុជា ដកខ្លួនចេញពីគម្រោង CLV និងការឆ្លៀតឱកាសរបស់បុគ្គលមួយចំនួនយកព្រឹត្តិការណ៍នេះ ទាមទារឲ្យរដ្ឋាភិបាល ចុះចេញពីតំណែង រួមនិងការធ្វើបដិវត្តន៍ពណ៌ ។
លោក ស សុខា បានមានប្រសាសន៍ថា “ក្នុងនាមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទាំងអស់ សូមឲ្យឯកឧត្ដម លោកជំទាវ យកចិត្តទុកដាក់ ជាពិសេសមិនអនុញ្ញាតឲ្យមានការប្រមូលផ្ដុំ ហើយចន្លោះពីថ្ងៃ១៥ ដល់ចុងខែនេះ សូមឲ្យរឹតបន្តឹងពាក់ព័ន្ធនឹងការធ្វើដំណើរជាក្រុមៗ មកចូលរាជធានីភ្នំពេញ ហើយជាពិសេសខេត្តជាប់បណ្ដារាជធានីភ្នំពេញ ។ អ៊ីចឹងកិច្ចការងារនេះ ខ្ញុំគិតថា ស្នើសុំឲ្យមានការយោគយល់ ពីថ្ងៃ១៥ រហូតដល់ចុងខែនេះ ស្នើសុំឲ្យឯកឧត្ដមអភិបាលរាជធានី-ខេត្តទាំងអស់ បើមិនមានមានភារកិច្ចចាំបាច់ ឬមួយការសុំច្បាប់ណាមួយទៅក្រៅប្រទេសទេ សុំឲ្យមានការប្រចាំការជាប្រចាំនៅក្នុងខេត្តរបស់ខ្លួន ។ បើអាចទៅរួច សូមកុំទៅណា ពីព្រោះខ្លាចមានរឿងទៅ យើងពិបាកក្នុងការដោះស្រាយភ្លាមៗ ។ ក្នុងនោះក៏សុំឲ្យរឹតបន្តឹង ជាពិសេសប្រជាការពារ ដែលគាត់នៅកៀកនឹងមូលដ្ឋាន ហើយជាពិសេស គាត់អាចដឹងពីលំហូរប្រជាពលរដ្ឋចេញចូល ហើយក្នុងនោះមានអីប្លែកៗក្នុងការប្រមូលផ្ដុំតិចក្ដីច្រើនក្ដី គួរតែមានការផ្ដល់ព័ត៌មាននេះ ជូនទៅដល់គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ជាបន្ទាន់ មិនអាចមើលស្រាលបានទេបញ្ហានេះ ។ អ៊ីចឹងខ្ញុំបាទសុំឲ្យឯកឧត្ដមអភិបាលរាជធានី-ខេត្តទាំងអស់ ផ្ដោតការយកចិត្តទុកដាក់ ជាពិសេសការហាម កុំឲ្យមានការប្រមូលផ្ដុំ និងមានការស្នើសុំធ្វើបាតុកម្មនេះ ធ្វើបាតុកម្មនោះ នៅតាមទីប្រជុំជន ឬមួយតាមបណ្ដារាជធានី-ខេត្ត មួយចំនួន គឺមិនអនុញ្ញាត ហ្នឹងការងារទី១ធំ ។ ការងារទី២ ក៏ខ្ញុំសុំឲ្យការពង្រឹងទំនាក់ទំនងរវាងកម្លាំងពាក់ព័ន្ធ ដូចជាប៉ូលិស ប៉េអឹម ហើយនិងប្រជាការពារ ដែលពួកគាត់ជាតួអង្គសំខាន់ ដើម្បីទប់ស្កាត់ជាកង់ៗ ឬមួយដាក់ប៉ុស្តិ៍កម្រិតរឹតបន្តឹងណាមួយ នៃការចូលរាជធានីភ្នំពេញ ។ អ៊ីចឹងហើយ ខ្ញុំសូមបញ្ជាឲ្យស្នងការរាជធានី-ខេត្ត មេត្តាសហការគ្នា ពេលដែលមានជាក្រុម ជាពិសេសក្មេងៗភាគច្រើនចូលមករាជធានីភ្នំពេញ សូមឲ្យមេត្តាប្រុងប្រយ័ត្ន“ ។
ជាមួយគ្នានេះ នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសារមួយ ច្រានចោលព័ត៌មានក្លែងក្លាយ ដែលជនមួយចំនួនតូច កំពុងជ្រុលខ្លួនប៉ុនប៉ងបំផ្លាញជាតិឯង បានយកសារសំឡេងរបស់លោក ទៅបំប្លែងនិងផ្សព្វផ្សាយខុសពីការពិតថា រូបលោកជាអ្នកគាំទ្រទង្វើប្រាសចាកពីច្បាប់របស់ពួកគេ។
សារបញ្ជាក់ជូនជនរួមជាតិ របស់លោកបណ្ឌិត ស សុខា មានខ្លឹមសារទាំងស្រុងថា «ថ្មីៗនេះ មានជនមួយចំនួនតូច ដែលកំពុងជ្រុលខ្លួនប៉ុនប៉ងបំផ្លាញជាតិឯង បានព្យាយាមបង្កើតព័ត៌មានក្លែងក្លាយ ជាបន្តបន្ទាប់ ដើម្បីឈានទៅសម្រេចផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយក្នុងនោះក៏មានអ្នកយកសារសំឡេងខ្ញុំ ទៅបំប្លែងនិងផ្សព្វផ្សាយខុសពីការពិតថា ខ្ញុំជាអ្នកគាំទ្រទង្វើប្រាសចាកពីច្បាប់របស់ពួកគេ។ នេះជាអំពើទុច្ចរិតថ្មីមួយទៀត ដែលពួកគេបន្តប្រព្រឹត្តដោយមិនអៀនខ្មាស និងដោយគ្មានគិតពីសេចក្ដីសុខរបស់ប្រជាជន ជាង១៧លាននាក់ នៅមាតុប្រទេស។
ទន្ទឹមនឹងច្រានចោលព័ត៌មានក្លែងក្លាយ ដូចបានបញ្ជាក់មកនេះ ខ្ញុំក៏សូមផ្ញើសារដាស់តឿនទៅកាន់ជនរួមជាតិមួយចំនួនតូច ដែលកំពុងងប់ជ្រុលខ្លួនលុះដោយមនោគមន៍វិជ្ជាបំផ្លាញជាតិ សូមមានការភ្ញាក់រលឹក និងដកខ្លួនចេញជាបន្ទាន់ ពីក្រុមអគតិមួយក្ដាប់តូច ដែលកំពុងអុចអាលបងប្អូនពីក្រៅប្រទេស ដែលទីបំផុត គឺបងប្អូនទៅវិញទេ ដែលជាអ្នកប្រឈមនឹងចំណាត់ការច្បាប់ ប្រសិនបើជ្រុលខ្លួនប្រព្រឹត្តតាមការបំពងសំឡេងរបស់ជនទាំងនោះ។
ខ្ញុំសូមបញ្ជាក់ថាជូនថា ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ រួមទាំងរូបខ្ញុំ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ គឺពួកយើងប្រឆាំងដាច់ខាត រាល់ការប៉ុនប៉ងណាមួយដើម្បីបំផ្លាញសុខសន្តិភាព។ យើងគ្មានជម្រើសអ្វីក្រៅពីការអនុវត្តច្បាប់ ដោយស្រាវជ្រាវចាប់ខ្លួន និងបញ្ជូនរាល់ជនល្មើស ទៅកាន់ស្ថាប័នតុលាការ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់នោះឡើយ!»៕