Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជួ.../ញគ្រឿ.../ងញៀ.../ន១ម៉ឺន៥ពាន់គ្រាប់ តុលាការសម្រេចឃុំ.../ខ្លួន

ជួ…/ញគ្រឿ…/ងញៀ…/ន១ម៉ឺន៥ពាន់គ្រាប់ តុលាការសម្រេចឃុំ…/ខ្លួន

ខេត្តបាត់ដំបង ៖ អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ សាលាដំបូងខេត្តបាត់ដំបង បានទទួលចាត់ការលើសំណុំរឿងព្រហ្ម ទណ្ឌ លេខ ១២៤០ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ប្រភេទយ៉ាម៉ា (WY) សរុបចំនួន ១៥៩៦៥គ្រាប់ មានទម្ងន់ ១៥៧១,៦៩ក្រាម ដែលប្រព្រឹត្តដោយ ជនត្រូវចោទចំនួន៤នាក់។ ក្នុងនោះឃាត់ខ្លួនបានម្នាក់ ឈ្មោះឈួម សុខវណ្ឌី ហៅឃ្លោក ភេទប្រុស អាយុ៣៧ឆ្នាំ។ ជនត្រូវចោទ ចំនួន៣នាក់ ដែលរត់គេចខ្លួន មានឈ្មោះ ១-ឈ្មោះបារាំង ប៊ុនឈាន ២-ឈ្មោះសួស វិសាល ហៅចេកស៊ីន និង៣-ឈ្មោះម៉ាប់។

ជនត្រូវចោទ ឈ្មោះឈួម សុខវណ្ឌី ត្រូវបានចោទប្រកាន់ពីបទ រក្សាទុក និងជួញដូរដោយខុស ច្បាប់នូវសារ ធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចភូមិអូរតាគាំ១ សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងនៅចំណុចភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពី ថ្ងៃទី០៧ ទី០៨ ខែសីហា ឆ្នាំ២០២៤ និងអំឡុងខែមិថុនា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលត្រូវបានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៤០ កថាខណ្ឌ១ កថាខណ្ឌ៣ កថាខណ្ឌ៧ ចំណុចទី៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា២០ នៃច្បាប់ ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ។

ជនត្រូវចោទ ឈ្មោះបារាំង ប៊ុនឈាន ឈ្មោះ សួស វិសាល និងឈ្មោះម៉ាប់ ត្រូវបានចោទប្រកាន់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង និងនៅចំណុចក្នុងខេត្តបាត់ដំបង កាលពីអំឡុងខែមិថុនា និងខែកក្កដា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលត្រូវបានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៤០ កថាខណ្ឌ ៣ កថាខណ្ឌ ៧ ចំណុចទី ៤ នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿង ញៀន។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ ពិនិត្យភស្តុតាង និងបានពិចារណាលើមូលហេតុនៃការឃុំខ្លួនរួចមក ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនជនត្រូវចោទ ឈ្មោះឈួម សុខវណ្ឌី ជាបណ្តោះអាសន្ន។

ដោយឡែកជនត្រូវចោទផ្សេងទៀត ចៅក្រមស៊ើបសួរកំពុងបន្តចំណាត់ការស៊ើបសួរតាមនីតិវិធីច្បាប់៕

RELATED ARTICLES