ខេត្តស្វាយរៀង ៖ ប្តីប្រពន្ធ២នាក់ បានអង្គុយផឹកស៊ីជុំគ្នា រហូតដល់ស្រវឹងធ្លាក់ភ្នែក ចាប់ផ្តើមក្លែមសម្តី ធ្វើឱ្យកើតជាជម្លោះពាក្យសម្តីនឹងគ្នា ស្រាប់តែប្រពន្ធបានទាញម៉ូតូបណ្តើរយកទៅដុតចោល បណ្តាលឱ្យឆាបឆេះអស់ទាំងស្រុង សល់តែគ្រោងឆ្អឹងដែកប៉ុណ្ណោះ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅត្រង់ចំណុចចិញ្ចើមផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍។
តាមសម្តីបុរសជាប្តី បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់និងប្រពន្ធ បានផឹកស៊ីជុំគ្នា លុះពេលដែលប្រពន្ធស្រវឹង បានដៀលគាត់ជាប្តី កប់ៗមាត់ រួចស្រាប់តែប្រពន្ធរបស់គាត់ បានអូសម៉ូតូម៉ាកស៊ុយស៊ូគី ស្មាស់វី ចេញពីផ្ទះ សំដៅមកផ្លូវជាតិ ស្មានតែទាញម៉ូតូយកទៅជិះ បែរជាដឹកឡើងដល់ចិញ្ចើមផ្លូវជាតិ ប្រពន្ធក៏បង្ហូរ សាំងដុតម៉ូតូចោល បណ្តាលឱ្យឆាបឆេះខ្ទេចអស់ទាំងស្រុង សល់តែគ្រោងឆ្អឹងដែកប៉ុណ្ណោះ។
ក្រោយដុតម៉ូតូឆេះខ្ទេចអស់រួចមក ស្ត្រីជាប្រពន្ធ បានដើរទៅដេកបាត់ធ្វើព្រងើយ។ ចំណែកបុរសជាប្តី បានត្រឹមឈរមើលខ្មោចម៉ូតូដែលនៅសល់តែគ្រោងឆ្អឹងដែក៕