Saturday, November 23, 2024
Homeនយោបាយសម្តេច ស ខេង បដិសេធឈរឈ្មោះ បេក្ខភាព នាយករដ្ឋមន្ត្រី អាណត្តិទី៨

សម្តេច ស ខេង បដិសេធឈរឈ្មោះ បេក្ខភាព នាយករដ្ឋមន្ត្រី អាណត្តិទី៨

ភ្នំពេញ ៖ អ្នកនាំពាក្យខុទ្ទកាល័យសម្តេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន បដិសេធព័ត៌មានផ្សព្វផ្សាយតាមបណ្តាញសង្គមមួយចំនួនដែលថា សម្តេច នឹងឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលបោះឆ្នោតជាតិ អាណត្តិទី៨ ខាងមុខ។ សម្តេច ស ខេង បានបញ្ជាក់ថា ឆ្លង កាត់អាជីពជាអ្នកនយោបាយ អស់រយៈពេលជាង ៥០ឆ្នាំ ក្នុងការចូលរួមកិច្ចការបម្រើឧត្តមប្រយោជន៍ជាតិនិងប្រជាជន ហើយនៅពេលនេះ សម្តេច មានជន្មាយុច្រើនណាស់ទៅហើយ ចង់ទុកពេលវេលាសម្រាក ដោយគ្មានមហិច្ឆតាដ៏តិចតួចណាសោះឡើយក្នុងការចង់ធ្វើជានាយករដ្ឋមន្ត្រី នាពេលខាងមុខ។

សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យខុទ្ទកាល័យសម្តេច ស ខេង ចុះថ្ងៃអង្គារ ១រោច ខែស្រាពណ៌ ឆ្នាំរោង ចស័ក ព.ស ២៥៦៨ រាជធានីភ្នំពេញ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ មានខ្លឹមសារទាំងស្រុងថា «ខុទ្ទកា ល័យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា សូមជម្រាបជូនសាធារណជន ឲ្យបានជ្រាបថា ៖ នៅពេលថ្មីៗនេះ មានការលើកឡើងជាព័ត៌មាននិងជាមតិនៅលើគេហទំព័រ ហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ថា សម្តេច នឹងជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលខាងមុខ។ ដូចជាគណនី មានឈ្មោះ BongBunna Chaiheng បានសរសេរថា ៖ “សម្តេច ស ខេង ជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មី របស់កម្ពុជា បន្ទាប់ ពីនាយករដ្ឋមន្ត្រីចាស់ ចុះចេញពីតំណែង ពលរដ្ឋសាទរនឹងចង់ឃើញខ្មែរ រួបរួមគ្នាតែមួយ និងគណនីឈ្មោះ Bunthoeun បានសរសេរថា ៖ “BongBunna Chaiheng ខ្ញុំគាំទ្រសម្តេចក្រឡាហោម ជានាយករដ្ឋមន្ត្រី ១០០% ” ជាដើម។

ចំពោះករណីខាងលើនេះ អ្នកនាំពាក្យខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង សូមធ្វើការបដិសេធ និងសូមបញ្ជាក់ជម្រាបជូនសាធារណជនដូចតទៅ ៖

១-សម្តេចក្រឡាហោម ស ខេង ដែលបានឆ្លងកាត់អាជីពជាអ្នកនយោបាយអស់រយៈពេលជាង ៥០ឆ្នាំ ក្នុងការចូលរួមកិច្ចការបម្រើឧត្តមប្រយោជន៍ជាតិនិងប្រជាជន ហើយនៅពេលនេះ សម្តេច មានជន្មាយុច្រើនណាស់ទៅហើយ និងចង់ទុកពេលវេលាសម្រាក ដោយគ្មានមហិច្ឆតាណាបន្តិចចន្តួចសោះក្លាយជានាយករដ្ឋមន្ត្រី នាពេលខាងមុខ។

២-នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃ ១៧ ខែសីហា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់រួចមកហើយថា ៖ សម្តេច នៅតែបន្តចូលរួមនិងគាំទ្រឥតងាករេចំពោះការសម្រេចចិត្តរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងបន្តជួយគាំទ្ររាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ប្រកបដោយថាមពល ដើម្បីសម្រេចនូវរបៀបវារៈនយោបាយដែលបានដាក់ចេញ ក្នុងបុព្វហេតុជាតិ និងប្រជា ជនកម្ពុជា ហើយនិងគាំទ្រសម្រាប់អាណត្តិខាងមុខៗបន្តទៀត»។

គួររំលឹកដែរថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ សម្តេច ស ខេង ក៏បានចេញសេចក្តីថ្លែងការណ៍ ប្រតិកម្មនឹងក្រុមជនអគតិ ដែលបានកាត់យកខ្លឹមសារសំឡេង និងវីដេអូដែលសម្តេច បានថ្លែងក្នុងព្រឹត្តិការណ៍សាធារ ណៈ នាពេលកន្លងមក មកផ្សព្វផ្សាយតាមបណ្តាញសង្គម ដើម្បីបម្រើឱ្យគោលបំណងទុច្ចរិតរបស់ខ្លួន ក្នុងការបំបែកបំបាក់សាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាពិសេសក្នុងចេតនាបង្កើតឲ្យមានការភ័ន្តច្រឡំនិងមន្ទិលសង្ស័យមកលើជំហររបស់សម្តេច ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។

របស់សម្តេច ស ខេង បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នោះថា វិធីសាស្ត្រដដែលៗបង្កប់ដោយល្បិចកល ពុតត្បុតនេះ មជ្ឈដ្ឋានប្រឆាំងជ្រុលនិយម ទាំងក្នុងនិងក្រៅប្រទេស ធ្លាប់បានប្រើប្រាស់ច្រើនលើកច្រើនសា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្នុងការប៉ុនប៉ងបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។ ប៉ុន្តែទោះបីប្រឈមមុខនឹងព្រឹត្តិការណ៍ទាំងនេះយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជា នៅតែបន្តប្រកាន់ខ្ជាប់ភាពចាស់ទុំខាងនយោបាយ និងគោរពយ៉ាងខ្ជាប់ខ្ជួននូវគោល ការណ៍គ្រឹះរបស់ខ្លួន ដោយបានជម្នះឧបសគ្គរាប់មិនអស់ នៅក្នុងសមរភូមិនយោបាយ និងបន្តរក្សាបានយ៉ាងរឹងមាំនូវឯកភាព និងសាមគ្គីភាពផ្ទៃក្នុង តាមរយៈការតម្កល់ឧត្តមប្រយោជន៍រួមក្នុងបុព្វហេតុជាតិ និងប្រជាជន ហើយសម្តេចផ្ទាល់ បានចូលរួមជាមួយឥស្សរជនដទៃទៀត របស់គណបក្សប្រជាជនកម្ពុជា អស់រយៈពេលជាង ៥០ឆ្នាំមកហើយ បម្រើក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមនេះ ។

ដោយឡែកចំពោះការវិវត្តចុងក្រោយ ពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម និងការកសាងព្រែកជីកហ្វូណនតេជោ សម្តេច សូមជម្រាបជូនថា សម្តេច ក៏បានចូលរួមចំណែកក្នុងដំណើរការអនុវត្តនិងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ការរៀបចំកិច្ចការទាំងនេះ ជាមួយថ្នាក់ដឹកនាំកំពូល និងឥស្សរជនដទៃ ទៀតរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលអាណត្តិមុនៗ ហើយសម្តេច ក៏នៅតែបន្តគាំទ្រចំពោះសមិទ្ធផលនិងគម្រោងប្រវត្តិសាស្ត្រទាំងនេះជាបន្តទៀត ។

សម្តេច ស ខេង បានបញ្ជាក់បន្ថែមទៀតថា ដូចធ្លាប់បានបញ្ជាក់ច្រើនលើកច្រើនសារួចមកហើយ ជំហររបស់សម្តេច ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល គឺពុំមានអ្វីប្រែប្រួលនោះទេ ។ សម្តេច នៅតែបន្តចូលរួមនិងគាំទ្រឥតងាករេ ចំពោះការសម្រេចចិត្តរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន ជាប្រធាន និងបន្តជួយគាំទ្ររាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចហ៊ុន ម៉ាណែត ជាប្រមុខ ដើម្បីសម្រេចនូវរបៀបវារៈនយោបាយដែលបានដាក់ចេញក្នុងបុព្វហេតុជាតិនិងប្រជាជនកម្ពុជា ។ ក្នុងស្មារតីនេះ សម្តេច អំពាវនាវដល់សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូនជនរួមជាតិទាំងអស់ កុំចាញ់ល្បិចកលញុះញង់របស់ក្រុមជនអគតិ ជ្រុលនិយមមួយចំនួន ដែលព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីបំពេញមហិច្ឆតារបស់ខ្លួន ដោយមិនគិតអំពីផល វិបាកធ្ងន់ធ្ងរចំពោះជាតិនិងប្រជាជន ដែលធ្លាប់ទទួលរងគ្រោះ និងហែលឆ្លងទុក្ខលំបាកវេទនារាប់មិនអស់រួចមកហើយ នៅក្នុងប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា នៃល្បែងនយោបាយលាបពណ៌ ញុះញង់ និងបំបែកបំបាក់ ។

សម្តេច ស ខេង អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សូមមានជំនឿទុកចិត្ត និងគាំទ្រមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឱ្យបន្តបំពេញបេសកកម្មរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាជាតិ និងការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ហើយសម្តេច សូមគាំទ្រការប្រើវិធានការច្បាប់ម៉ឺងម៉ាត់ក្នុងការបង្ការនិងទប់ស្កាត់ឱ្យបានជាដាច់ខាត រាល់ចេតនាប៉ុនប៉ងបង្កអសន្តិសុខ និងអស្ថិរភាពជាតិ ដើម្បីធានាដល់សុខសន្តិភាព និរន្តរភាពជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាបំណងប្រាថ្នារួមរបស់ប្រជាជនកម្ពុជាយើងគ្រប់ៗរូប៕ ខៀវទុំ

RELATED ARTICLES