Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម៉ែយកមា.../ន់ឈឺ.../ងាប់ ធ្វើម្ហូ.../ប កូនស្រីឆ្ល.../ងផ្តា.../សាយ.../បក្សី ស្លា.../ប់១

ម៉ែយកមា…/ន់ឈឺ…/ងាប់ ធ្វើម្ហូ…/ប កូនស្រីឆ្ល…/ងផ្តា…/សាយ…/បក្សី ស្លា…/ប់១

ភ្នំពេញ ៖ ក្រុមគ្រួសារមួយ ឃើញមាន់ទាងាប់ច្រើនក្បាល នឹកស្តាយ ក៏យកមកធ្វើម្ហូបហូប លុះក្រោយពីហូបរួចបានប្រមាណ ៥ថ្ងៃ ស្រាប់តែកូនស្រីអាយុ១៥ឆ្នាំម្នាក់ បានកើតមានអាការគ្រុនក្តៅ ក្អក ឈឺបំពង់ក ហត់ ពិបាក ដកដង្ហើមនិងសន្លប់ លុះបន្ទាប់ពីបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ក៏បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និងត្រូវបានគ្រូពេទ្យជំនាញរកឃើញថា ក្មេងស្រីរងគ្រោះ បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។

ក្មេងស្រីរងគ្រោះ មានអាយុ១៥ឆ្នាំ និងមានលំនៅក្នុងភូមិពោធិ៍ម្រិញ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើកុមារីអាយុ១៥ឆ្នាំ បាន បញ្ជាក់ឱ្យដឹងថា មានអ្នកជំងឺផ្តាសាយបក្សី កើតលើកុមារីអាយុ១៥ឆ្នាំ ចំនួន១ករណីទៀត និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ដែលមានលំនៅក្នុងភូមិពោធិ៍ម្រិញ ឃុំកញ្ជ្រច ស្រុកកញ្ជ្រច ខេត្តព្រៃវែង។ ទោះជាមានការយកចិត្តទុកដាក់ថែទាំ និងជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យ ក៏ដោយ តែដោយសារស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ រួមមានគ្រុនក្តៅ ក្អក ឈឺបំពង់ក ហត់ ពិបាកដកដង្ហើម និងសន្លប់ កុមារីបានទទួលមរណភាព នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ តាមការសាកសួរបង្ហាញថា ប្រហែល៥ថ្ងៃមុនចាប់ផ្តើមឈឺ នៅក្នុងភូមិ មានមាន់ទាងាប់ច្រើន និងផ្ទះបងប្អូនអ្នកជំងឺ មានមាន់ងាប់ ក៏បានចែកមកឱ្យគ្រួសារអ្នកជំងឺ យកមកធ្វើម្ហូប ហើយកុមារីបានប៉ះពាល់និងកាន់មាន់ងាប់នេះ។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺ ផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមីហ្លូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋ នៅក្នុងភូមិដែលកើតហេតុខាងលើ។

ក្រសួងសុខាភិបាល ក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់គ្នា សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សី ជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋយើង ហើយប្រសិនបើមានអាការក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺឬងាប់ ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់ផ្តើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលដែលនៅជិតលោកអ្នកបំផុត ឱ្យបានឆាប់ទាន់ពេលវេលា។

ក្រសួងសុខាភិបាល បញ្ជាក់ថា របៀបចម្លងជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺឬងាប់។ ជំងឺផ្តាសាយបក្សី លើមនុស្ស ជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួនអាចឆ្លងដូចនឹងជំងឺផ្តាសាយតាមរដូវកាលផងដែរ។

វិធានការបង្ការជំងឺផ្តាសាយបក្សី សូមលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និងដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់បរិភោគ ត្រូវចម្អិនឱ្យឆ្អិនល្អ។

ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈ តាមឆាណែលតេឡេក្រាម និងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh. សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ…៕

RELATED ARTICLES