Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមយុទ្ធនាការបា.../ញ់ថ្នាំមូស ៣ថ្ងៃ បាន៣៧សង្កាត់

យុទ្ធនាការបា…/ញ់ថ្នាំមូស ៣ថ្ងៃ បាន៣៧សង្កាត់

ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់គិតគូរពីសុខមាលភាពរបស់ប្រជាពលរដ្ឋពីសំណាក់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងដោយមានការចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយក្រុមការងារកងពលតូច (ង៧០) បានបើកយុទ្ធនាការបាញ់ថ្នាំមូស រយៈពេល៣ថ្ងៃ សម្រេចបាន ៣៧សង្កាត់ លើ១០៥សង្កាត់ ក្នុង៧ខណ្ឌ លើ១៤ខណ្ឌ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃ២០ ខែសីហា ឆ្នាំ២០២៤ថា លទ្ធផលនៃយុទ្ធនាការបាញ់ថ្នាំមូស ក្នុងមូលដ្ឋានរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ សម្រេចបាន៣៧សង្កាត់ លើ១០៥សង្កាត់ ក្នុង ៧ខណ្ឌ ១៤ខណ្ឌហើយ ដែលបើកយុទ្ធនាការចាប់ពីថ្ងៃសៅរ៍ ទី១៧ ខែសីហា រហូតមកដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។

លោកវេជ្ជបណ្ឌិត ងី មានហេង បន្តថា ដោយឡែកនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារបានបាញ់ថ្នាំមូស បានចំនួន១២សង្កាត់ បន្ថែមទៀត ដែលមាននៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ខណ្ឌឫស្សីកែវ ខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌទួលគោក ខណ្ឌបឹងកេងកង និងខណ្ឌពោធិ៍សែនជ័យ ក្នុងនោះរួមមាន ៖ សង្កាត់បឹងទំពុនទី១ សង្កាត់បឹងទំពុនទី២ សង្កាត់កាកាបទី១ សង្កាត់គោកឃ្លាង សង្កាត់ទឹកល្អក់ទី២ សង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ទឹកល្អក់ទី៣ សង្កាត់បឹងកេងកងទី៣ សង្កាត់អូឡាំពិក សង្កាត់ផ្សារកណ្តាលទី២ សង្កាត់ជ័យជម្នះ និងសង្កាត់ផ្សារថ្មីទី១។

គួររំលឹកថា លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ បានណែនាំឱ្យកងពលតូចលេខ៧០ និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បាញ់ថ្នាំសម្លាប់មូស ឱ្យបានគ្រប់ទីកន្លែង នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ពិសេសនៅតំបន់ដែលមានហានិភ័យ ខ្ពស់ ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ជូនប្រជាពលរដ្ឋ។

លោកអភិបាលបន្តថា ការងារបាញ់ថ្នាំសម្លាប់មូសនេះ មើលទៅតូចទេ តែវាបានផ្តល់ផលប្រយោជន៍ច្រើនសម្រាប់ប្រជាពលរដ្ឋ ពោលគឺបាញ់ថ្នាំសម្លាប់មូស អាចបង្ការទប់ស្កាត់ជំងឺគ្រុនឈាម បើយើងមិនបានបង្ការទប់ស្កាត់ទេ វានឹងធ្វើឲ្យក្មេងកើតជំងឺគ្រុនឈាម កាលណាកើតមានជំងឺគ្រុនឈាម លើកូនរបស់ខ្លួនហើយ ត្រូវខាតបង់ពេលវេលាក្នុងការមើលថែកូនផង និងត្រូវខាតលុយកាក់ថែមទៀត៕

RELATED ARTICLES