ភ្នំពេញ៖ទេព បូព្រឹក្ស បានចាយលុយធំផលិតបទ”ទេវ រាជ “ព្រមទាំងធ្វើការសម្ពោធផ្អើលកោះពេជ្រ កាលពីចុងខែឧសភា ដែលទំហ៊ុំនៃការផលិតMV នោះមិនទាន់មានផលិតកម្មក្នុងស្រុកណាហ៊ានជះដុល្លារក្រាស់បែបនេះឡើយ ។ប៉ុន្ដែថ្មីៗនេះគូស្នេហ៍របស់នាងលោកងួន ចាន់ដេវីត បែជាប្រកាសថាឈប់ផលិតMV ដែលចំណាយលុយអស់ច្រើនបែបនេះទៀតហើយ ព្រោះអត់បានការ…។ការតាំងចិត្តរបស់ដេវីត បែបនេះអាចធ្វើឲ្យជះដល់ទីផ្សារចម្រៀងរបស់ស្រីនិច្ច ជាមិនខាន ក្នុងការស្ដារប្រជាប្រិយភាពរបស់ខ្លួនឡើងវិញ បន្ទាប់ពីបានបាត់មុខជិត១០ខែទាំងមុននិងក្រោយសម្រាលកូនប្រុសកាលពីខែកុម្ភៈ ឆ្នាំ២០២៣ ព្រោះថាអាជីពចម្រៀងរបស់បូព្រឹក្ស នៅពេលនេះទៅមុខឬថយក្រោយ ស្ថិតក្នុងកណ្ដាប់ដៃរបស់ដេវីត ។

តាមព័តមានថាមូលហេតុដែលគូស្នេហ៍របស់ទេព បូព្រឹក្ស លែងចង់ចំណាយលុយទាំងបាច់ៗផលិតMV នោះដោយសារតែលោកមិនពេញចិត្តលទ្ធផលដែលទទួលបានដូចជាបទ”ទេវរាជ “នោះចាយលុយអស់រាប់សែនដុល្លារផលិតMV តែរយៈពេល២ខែមកនេះចំនួនអ្នកចូលទស្សនាបាន ត្រឹមតែ1.5 M Views ប៉ុណ្ណោះ ។តែទស្សនិកជនភាគច្រើន និងអ្នកជំនាញវិស័យវប្បធ័មនៅតែលើកទឹកចិត្តឲ្យបូព្រឹក្ស ផលិតបទប្រភេទនេះតទៅទៀតព្រោះបង្ហាញពីប្រាសាទខ្មែរច្រើនឲ្យពិភពលោកបានស្គាល់ពីកម្ពុជាថែមទៀត។ប៉ុន្ដែអ្នកដែលមានសិទ្ធិសម្រេចថាគួរតែធ្វើបទប្រភេទនេះតទៅទៀត ឬអត់នោះនៅលើលោកងួន ចាន់ដេវីត ពេលនេះបានប្រកាសឈប់ចាយលុយធំទៀតទៅហើយ ។

ទេព បូព្រឹក្ស បានវិលមករកឆាកតន្រ្ដីវិញកាលពីខែសីហា ពោលគឺរយៈពេល១ឆ្នាំគត់ដែលនាងចេញស្ដារមុខ ប៉ុន្ដែមិនទាន់មានបទចម្រៀងណាលេចធ្លោធ្វើឲ្យយុវវ័យតាមដានខ្លាំង ឡើយ បើទោះជារូបសម្រស់ និងក្បាច់រាំនាងនៅតែសាហាវមិនចាញ់កាលនៅក្រមុំក្ដី ។តែយ៉ាងណាស្រីនិច្ច បែជាលេចមុខតាមស្ពត ច្រើនជាងមុនទៅវិញដែលនេះមានន័យថានាងស៊ីលុយដុំ ច្រើនជាងលុយល្អិត ។

គួរបញ្ជាក់ថាទេព បូព្រឹក្ស មានទឹកដមសម្លេងមធ្យម ហើយកន្លងមកនាងល្បីឈ្មោះ ដោយសារតែគេចាប់អារម្មណ៍លើរូបសម្រស់ វិធីតុបតែងខ្លួននិងការលេងក្បាច់រាំរបស់នាងច្រើនជាង ខណៈដែលក្រោយមានស្វាមីនិងកូន១ ឬខ្លះសង្ស័យថានាងមានកូន២ នេះធ្វើឲ្យទីផ្សារចម្រៀងនាងមានការប្រែប្រួល ព្រោះតារាមួយចំនួនទៀតដែលមានប្ដីនិងកូនហើយក៍ទីផ្សារចម្រៀងនៅទ្រឹងដែរក្នុងនោះមានដូចជាឱក សុគន្ធកញ្ញា ,សួស វីសា និងពេជ្រ សូលីកា ជាដើម ។ប៉ុន្ដែFan ស្រីនិច្ច ថាបើនាងច្រៀងដៃគូជាមួយដេវីត ច្រើនអាចនឹងលេចធ្លោជាងនេះមួយកម្រិតទៀតជាមិនខាន ។ ទេព បូព្រឹក្ស បានបង្កាត់ភ្លើងស្នេហាជាមួយងួន ចាន់ដេវីត គម្រប់៨ឆ្នាំហើយនៅខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ តែដំណឹងពួកគេនឹងចូលរោងការនៅពេលណានោះត្រូវបានសាមីខ្លួនមិននិយាយក្រោយដឹកដៃគ្នាទៅថតPre-Wedding នៅកោះម៉ាល់ឌីវ កាលពីឆ្នាំ២០១៩ ។តែបច្ចុប្បន្នគូស្នេហ៍តារា១គូនេះកំពុងរស់នៅសុខសាន្ដមានផ្ទះវីឡារប្រណិត និងជិះរថយន្ដទំនើប Lamborghini យ៉ាងកាលីព ។ប្រភពបានឲ្យដឹងថាប្រសិនបើស្រីនិច្ច ប្រឈមទីផ្សារចម្រៀងលែងទៅមុខ ព្រោះដេវីត ប្រកាសបិទការផលិតMV ទ្រង់ទ្រាយធំនោះបូព្រឹក្ស អាចនឹងរៀបគម្រោងយកកូនថែម ព្រោះថាត្រឹមកូនទី១ ដេវីត ថ្នាក់ថ្នមនាងប៉ុណ្ណឹងទៅហើយ ចុះបើបាន១ទៀតគឺតារារ៉េប នឹងទុកនាងជាព្រះនាងជាមិនខាន ។ដោយឡែកប្រភពខ្លះថាបូព្រឹក្ស-ដេវីត បានចុះអេតាស៊ីវិលនិងគ្នារួចហើយ មុនពេលពួកគេសម្រេចចិត្តយកកូនមុនរៀបការ៕




