ក្រោយពីមានវត្តមានរបស់កីឡាករខ្សែប្រយុទ្ធវ័យក្មេង Gabriel Jesus បានធ្វើឲ្យខ្សែប្រយុទ្ធ Sergio Aguero បាត់បង់ប្រជាប្រិយភាពយ៉ាងខ្លាំង ហើយនៅពេលអនាគតកីឡាកររូបនេះ អាចនឹងត្រូវខ្ទាតចេញពីក្លឹបមេឃខៀវ Man City ទៀតផង។
កីឡាករ Aguero មិនបានស្ថិតនៅក្នុងក្រសែភ្នែករបស់លោក Pep Guardiola ទេចាប់តាំងពីការមកដល់របស់ Gabriel Jesus ។
កីឡាករវ័យ១៩ឆ្នាំ រូបនេះទើបតែបានបង្ហាញវត្តមានឲ្យ Man City បីប្រកួត តែមានសមត្ថភាពរកគ្រាប់បាល់បីគ្រាប់ ដែលចាត់ទុកជារឿងមួយអស្ចារ្យបំផុតសម្រាប់កីឡាករ។
ប៉ុន្មានប្រកួតចុងក្រោយនេះលោក Guardiola ពេញចិត្តប្រើខ្សែប្រយុទ្ធបីគឺ Jesus, Leroy Sane និង Sterling ហើយបញ្ហានេះធ្វើឲ្យ Aguero អន់ចិត្ត។
Jesus គឺជាកីឡាកររបស់ក្លឹបSao Paulo បានចូលមករួមរស់ជាមួយMan City កាលពីថ្ងៃទី ៣ សីហា ២០១៦ ក្នុងតម្លៃជាង៣០លានដុល្លារ។
ទាក់ទងទៅនឹងស្ថានភាពនេះដែរ លោក Pep Guardila ក៏បានបង្ហើបដឹងដែរថា កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះអាចនឹងចាកចេញពី Man City នៅដំណាច់រដូវកាលនេះ បើទោះជាកុងត្រារបស់គេនៅមានសុពលភាពដល់ឆ្នាំ ២០២០ ក៏ដោយ។ Guardiola បាននិយាយថា៖ ខ្ញុំមិនមែនជាអ្នកកំណត់វាសនារបស់គាត់ទេ ហើយសូម្បីតែខ្លួនខ្ញុំផ្ទាល់ក៏មិនទាន់ដឹងថានឹងមានអ្វីកើតឡើងដែរ។ ទោះជាយ៉ាងណាខ្ញុំចង់ឲ្យគាត់បន្តនៅទីនេះ’’។
ដោយ៖ ហេង ដេត