Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដុ.../តទៀនវស្សា ឆេះ.../ព្រះវិហារ

ដុ…/តទៀនវស្សា ឆេះ…/ព្រះវិហារ

ខេត្តតាកែវ ៖ ព្រះវិហារ ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឱ្យរងការខូចខាតប្រមាណ ៥០ភាគរយ មូលហេតុដោយសារការដុតទៀនវស្សាក្នុងព្រះវិហារ ដោយមិនមានអ្នកចាំមើលការខុសត្រូវ។ យ៉ាងណាភ្លាមៗនោះ ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ អស់ទឹកចំនួន៨ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នៅត្រង់ចំណុចបរិវេណវត្តផ្ចឹកជ្រំ ស្ថិតក្នុងភូមិចានទៀប ឃុំសំរោង ស្រុកត្រាំកក់។

លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិកានគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា ពិតជាមានភ្លើងឆេះព្រះវិហារនៅចំណុចខាងលើប្រាកដមែន ហើយក្រោយពីទទួលដំណឹង លោកបានបញ្ជាកម្លាំងជំនាញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានចុះសហការជួយអន្តរាគមន៍ភ្លាមៗ រហូតដល់ម៉ោង ១រំលងអធ្រាត្រ ទើបភ្លើងរលត់ទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន៥គ្រឿង ប្រើអស់ទឹក ចំនួន៨ឡាន។

លោកអធិការ បន្តថា ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើ សមត្ថកិច្ចជំនាញបានប្រើប្រាស់ រថយន្តពន្លត់អគ្គិ ភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន២គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ ចំនួន១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់ អធិការដ្ឋាននគរបាលស្រុកទ្រាំង ចំនួន១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបាទី ចំនួន១គ្រឿង។

លោកអធិការ បញ្ជាក់ថា ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ បានបង្កឱ្យឆេះខូចខាតសម្ភារៈ រួមមាន ឆេះខូច ខាតព្រះវិហារ អស់ប្រមាណ៥០ភាគរយ ទៀនវស្សា ចំនួន៣០គូ និងសម្ភារៈផ្សេងៗមួយចំនួន ព្រមទាំងបណ្តាលឱ្យរងរបួសស្រាលមនុស្សប្រុស ២នាក់។ ចំពោះមូលហេតុ  បណ្តាលមកពីព្រះសង្ឃដុតទៀនវស្សា ក្នុងព្រះវិហារ ៕

RELATED ARTICLES