Thursday, November 21, 2024
Homeកីឡាជាតិកីឡាករចាន់ ប៊ុនហឿន ឡានបុ.../កបា.../ក់ឆ្អឹ.../ងដងកាំ.../បិត

កីឡាករចាន់ ប៊ុនហឿន ឡានបុ…/កបា…/ក់ឆ្អឹ…/ងដងកាំ…/បិត

ភ្នំពេញ ៖ កីឡាករប្រដាល់ ចំនួន២រូប កំពុងរត់ហ្វឹកហាត់នៅតាមផ្លូវ ពេលព្រឹកព្រលឹម ស្រាប់តែត្រូវរថយន្ត ១គ្រឿង បើកបរដោយនារីម្នាក់ ជ្រុលមកបុកពីក្រោយ បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

កីឡាករប្រដាល់ទាំង២រូប ដែលត្រូវរថយន្តបុកបណ្តាលឱ្យរងរបួសធ្ងន់ ទី១-កីឡាករ ចាន់ ប៊ុនហឿន និងទី២-កីឡាករ ហាប់ ខា។ ជនរងគ្រាះទាំង២នាក់ គឺជាកីឡាករប្រដាល់ប្រចាំក្លឹប KKIF របស់លោកឧកញ៉ា ស្រី ចាន់ថន។

លោកឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងនៅព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ថា កីឡាករ ចាន់ ប៊ុនហឿន និងហាប់ ខា កំពុងព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដោយសារគ្រោះថ្នាក់ចរាចរណ៍ ឡានបុកពីក្រោយ អំឡុងពេលរត់ហ្វឹកហាត់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កីឡាករដែលរងគ្រោះថ្នាក់ចរាចរណ៍ គឺកីឡាករ ចាន់ ប៊ុនហឿន និងកីឡាករ ហាប់ ខា។ ក្រោយពីរថយន្តបង្កហេតុបានបើកបុករួច កីឡាករទាំងពីររូបត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ហើយក្នុងចំណោមកីឡាករពីររូបនេះកីឡាករដែលទទួលរងរបួសធ្ងន់ជាងគេ គឺកីឡាករ ចាន់ ប៊ុនហឿន។

ចំណែកភាគីខាងរថយន្តបង្កហេតុ បន្ទាប់ពីបានបើកបុកជនរងគ្រោះទាំងពីររូបនេះហើយ ក៏មិនបានរត់ទៅណាដែរ គឺនៅចរចាជាមួយភាគីជនរងគ្រោះ ហើយអ្នកបើករថយន្ត ជាមនុស្សស្រី ក្រោយកើតហេតុនេះភ្លាម នារីរូបនោះក៏ស្ថិតនៅមន្ទីរពេទ្យជាមួយជនរងគ្រោះ ដើម្បីដោះស្រាយផងដែរ។

តាមប្រភពជិតស្និទ្ធនឹងកីឡាករ ចាន់ ប៊ុនហឿន បានឱ្យដឹងថា បច្ចុប្បន្នរបួសរបស់កីឡាករចាន់ ប៊ុនហឿន  គឺបាក់ឆ្អឹងដងកាំបិត និងឆ្អឹងជំនីរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ក្រោមការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យ។

ចំណែកលោកឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់ថា រថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅប៉ុស្តិ៍ ដើម្បីធ្វើការដោះស្រាយ៕

RELATED ARTICLES