ភ្នំពេញ៖ដោយមិនលើកពីឈ្មោះខេមរៈ សិរីមន្ដ ,ខេម ,ខាន់ ជេមស៍ ,ឆន សុវណ្ណារាជ និងណុប បាយ៉ារិទ្ធ ជាដើមនោះអតីតតារាចម្រៀងហង្សមាសលោកនូ ស៊ឹប បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថាលោកឆាយ វីរៈយុទ្ធ ជាតារាជើងខ្លាំងម្នាក់តែអ្នកខ្លះមើលរំលងទៅវិញ ។លោកនូ ស៊ឹប ថាវីរៈយុទ្ធ នៅក្រោមតែព្រាប សុវត្ថិ ឬពេលខ្លះព្រាប សុវត្ថិ ពិបាកស៊ីទៀតផង ព្រោះសម្ថភាពច្រៀងល្អខ្លាំង សម្លេងច្បាស់ល្អ ។ប៉ុន្ដែលោកថាវីរៈយុទ្ធ ក៍នៅមានចំណុចខ្សោយដែរនោះគឺការចេញបទប្រពៃណីខ្មែរបានតិចតួចពេក។


លោកនូ ស៊ឹប ថ្លែងថា”អ្នកចម្រៀងប្រុសខ្ញុំសូមសរសើរឆាយ វីរៈយុទ្ធ ហ្នឹង គេមានសម្ថភាពខ្លាំងណាស់ តែខ្លះបែជាមើលរំលងរូបគេទៅវិញ ។យុទ្ធ នេះព្រាប សុវត្ថិ ក៍ពិបាកស៊ីដែរ ប៉ុន្ដែគេចេញបទប្រពៃណីខ្មែរបាននៅតិចពេក “។

ថ្វីត្បិតតែលោកនូ ស៊ឹប អះអាងបែបនេះក្ដី ប៉ុន្ដែដំណឹងថាហង្សមាស នឹងទិញឆាយ វីរៈយុទ្ធ ដើម្បីជំនួសព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ដឹកដៃគ្នាទៅGalaxy នោះត្រូវបានស្ងាត់ទៅវិញដែលតាមប្រភពថាហង្សមាសចង់ប្រើប្រាស់ធនធានដែលខ្លួនមានជ្រើសចេញពីការប្រលងចម្រៀងឡើងគរជើងគ្នានោះជាជាងយកអ្នកខ្លាំងទៅបាំងផ្លូវអ្នកថ្មីពិបាកងើបឡើងរួច ។

លោកនូ ស៊ឹប បន្ថែមថាមិនមែនហង្សមាសយកវីរៈយុទ្ធ ទៅងាយៗឡើយ ពោលគឺពិបាកដែរ ហើយលោកសង្កត់ថាមិនថាលោកឆោម ទេតារាផ្សេងៗទៀតក៍ដូចគ្នាដែរ ពោលគឺហេតុអីមានសម្ថភាពហើយមិនល្បីខ្លាំង ឬអ្នកខ្លាំងអត់សូវល្បី នោះគឺមួយផ្នែកធំក៍មកពីការជ្រើសរើសផលិតកម្មដែរ ។

ឆាយ វីរៈយុទ្ធ មានឈ្មោះដើមថាឆាយ ចាន់ឆោម មានអាយុ៣៧ឆ្នាំ ត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថាលោកមានចំណុចពិសេសជាងតារាផ្សេងៗទៀតនោះគឺអាចច្រៀងប្រភេទបទខ្ពស់បំផុតក៍បាន ទាបបំផុតក៍បាន ដែលការច្រៀងប្រើសម្លេងទាបនោះសូម្បីតែព្រាប សុវត្ថិ ក៍កម្រនិងឃើញច្រៀង។ប៉ុន្ដែលោកឃុន ចាន់ឌី អតីតអ្នកដឹកនាំផលិតកម្មសាន់ដេ ធ្លាប់និយាយថាអំឡុងពេលដែលវីរៈយុទ្ធ និងសិរីមន្ដ នៅសាន់ដេជាមួយគ្នាមុនឆ្នាំ២០១៧ នោះពួកគេមិនសូវត្រូវគ្នាឡើយ ព្រោះពេលនោះវីរៈយុទ្ធ ប្រៀបបានជាឧបរាជ ខណៈសិរីមន្ដ ជាសេ្ដចត្រាញ់។តែពេលនេះគេសង្កេតឃើញថាលោកចាន់ឆោម ជាតួឯករបស់សាន់ដេ ខណៈដែលសិរីមន្ដ កំពុងអុកឡុកនៅGalaxy និងពិបាកទប់ទល់ជាមួយព្រាប សុវត្ថិ វិញម្ដង ។

ឆាយ វីរៈយុទ្ធ បានរៀបការជាមួយអ្នកស្រីសែ ចាន់ឌី កូនសេដ្ឋីក្រុងកំពង់ចាមលោកហាក់ សែ កាលពីថ្ងៃទី២១ខែ៥ ឆ្នាំ២០១៧ ហើយពេលនេះទទួលបានកូនស្រី២នាក់ និងបង្កើតមុខរបរក្រៅសិល្បៈជាបន្ដបន្ទាប់ដូចជាបើកហាងលក់អង្ករ (ស្ដេចអង្ករ) ,មន្ទីព្យាបាលកុមារដំរី និងរកស៊ីផ្នែកអចលនទ្រព្យជាដើម ។ប្រភពបានឲ្យដឹងថាថៅកែសាន់ដេពេញចិត្តលោកចាន់ឆោម ខ្លាំង និងចង់ឲ្យលោកបន្ដច្រៀងនៅផលិតកម្មនេះយូឆ្នាំតទៅទៀត ព្រោះលោកក៍បានក្លាយទៅជាដៃគូរបស់ស្រីស្អាតសុខ ពិសី ទៅហើយ។ដោយឡែកសម្រាប់វីរៈយុទ្ធ ទោះជាពេលនេះមិនសូវមានបទល្បីខ្លាំងៗដូចមុនក្រោយមានកូន២នេះក៍លោកនៅតែអាចវាយលុកទីផ្សារចម្រៀងនៅពេលណាក៍បាន ព្រោះភរិយាលោកឆោម ក្រៅពីជួយប្ដីប្រៀបដូចជាជំនួយការនោះនាងក៍ជាអ្នកនិពន្ធបទចម្រៀងឲ្យស្វាមីច្រៀង បន្ថែមពីលើផលិតកម្មទម្លាក់ឲ្យដែរ ។

យ៉ាងណាFan ចាំមើលថាតើអតីតតារាចម្រៀងBlue Diamond , M និងBig Men លោកឆាយ ចាន់ឆោម នឹងនៅសាន់ដេច្រើនឆ្នាំទៀត ឬពិបាកគេចពីអន្ទាក់ហង្សមាស ខណៈដែលការទៅGalaxy វិញគេជឿរថាលោកវីរៈយុទ្ធ មានភាគរយតិចបំផុត ព្រោះតែ លោកជាក្មួយសាច់ថ្លៃលោកព្រាប សុវត្ថិ ហេតុនេះច្បាស់ជាមិនចង់ប្រជែងជាមួយសុវត្ថិ ដែលត្រូវជាឪពុកមាបង្កើត របស់ ភរិយាលោកឡើយ ៕




