ភ្នំពេញ៖ស្រីស្រស់រ៉េត ស៊ូហ្សាណា បានក្លាយទៅជាអ្នកនិពន្ធចម្រៀងដោយខ្លួនឯងតាមរយៈបទ«Lost » នៅបារមី ដែលចេញបើកឆាកកាលពីថ្ងៃទី២៤ សីហា ។តាមរយៈបទនេះគេឃើញថានាងពិតជាមានការប្រែប្រួលដល់ទៅ១៨០ ដឺក្រេ ទាំងបច្ចេកទេសច្រៀង កាយវិការ និងវិធីតុបតែងខ្លួន ។អ្វីដែលគួរឲ្យកត់សម្គាល់ហ្សាណា អំឡុងជ្រកនៅហង្សមាសច្រើនតែច្រៀងបែបថ្នមសម្លេង នោះពេលនេះនាងស្រែកម៉ាអស់តែម្ដង ហើយត្រេមុខ និងសកម្មភាពហាក់កាចជាងមុន ។ស៊ូហ្សាណា ដែលធ្លាប់ត្រូវបានលោកមិញ សុធីវណ្ណ ថានាងលេចធ្លោផ្នែករូបសម្រស់និងការច្រៀងបទជាភាសារអង់គ្លេសជាងច្រៀងបទជាភាសារខ្មែរនោះ ពេលច្រៀងបទដំបូងនាងប្រើភាសារអង់គ្លេស លាយខ្មែរ ហើយការវិវត្តន៍ថ្មីនេះធ្វើឲ្យនាងអាចបញ្ចេញទាំងទឹមដមសម្លេងថ្មី និងស្នាដៃសរសេរបទចម្រៀងដោយខ្លួនឯងតែម្ដង ។ប៉ុន្ដែយ៉ាងណាការចេញទើបបាន១បទគេមិនទាន់អាចសន្និដ្ឋានបានថានាងអាចជោគជ័យជាងការនៅហង្សមាស ឬយ៉ាងណានោះទេ ។តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះបទ«Lost » នោះមានក្រុមការងារជួយឲ្យបទនេះចេញជារូបរាងបានដោយប្រើឈ្មោះមនុស្សធ្វើការដល់ទៅ១០៤ នាក់ឯណ្ណោះដែលផលិតកម្មបារមី បានតំឡើងអក្សរឲ្យពួកគេ ខណៈដែលMV របស់ផលិតកម្មដ៍ទៃ កន្លងមកគេឃើញមានតែមនុស្សត្រឹម៤ទៅ៥នាក់ប៉ុណ្ណោះក្នុងការផលិតបទ១គឺអ្នកនិពន្ធMelody ,អ្នកដឹកនាំ ,អ្នកនិពន្ធបទភ្លេង និងអ្នកកាត់ត ស្របពេលផលិតកម្មខ្លះទៀតមានត្រឹមតែមនុស្សម្នាក់ផលិតMV នោះឡើងដោយដើរតួនាទីជាអ្នកដឹកនាំសម្ដែង ,កាត់ត និងនិពន្ធបទចម្រៀងតែម្ដង ។
រ៉េត ស៊ូហ្សាណា វាចាថានាងដឹងថាការចាប់ផ្ដើមដំបូងមិនមែនជារឿងងាយស្រួលទេ តែនាងថាបានស្វែងរកខ្លួនឯងឃើញហើយ ព្រោះចម្រៀង១បទនោះជាអារម្មណ៍ពិតរបស់នាងដែលសរសរផ្ទាល់ចេញពីអារម្មណ៍នាងតែម្ដង។ប៉ុន្ដែហ្សាណា មិនប្រាប់ពីអ្វីដែលFan រងចាំមើលថាតើនាងនឹងចាប់ដៃជាមួយតារារ៉េបរួមទ្រនុំលោកម៉ាន់ វណ្ណដា នៅពេលណាឡើយ ។
រ៉េត ស៊ូហ្សាណា អតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២ បានជ្រកនៅហង្សមាសដល់ទៅ៨ឆ្នាំ ដែលចូលដំបូងនាងប្រឈមការិះគន់ថាច្រៀងអត់កើត តែបានសម្រស់យោង ។តែក្រោយពេលហ្សាណា ចេញបទ”ប្រយោគស្នេហ៍ “,”ឈប់ “និង”សង្ស័យ “ ធ្វើឲ្យបន្សាបដល់អ្នកមិនពេញចិត្តនាងបានវិញ ហើយពួកគេចាប់ផ្ដើមចេះស្ដាប់បទនាង។ហ្សាណា ជាតារាស្រីវ័យក្មេងដែលលេចធ្លោជាងគេនៅហង្សមាសអំឡុងផ្ទុះកូវីដ ខណៈដែលតារាផ្សេងៗទៀតបានស្ញប់ស្ងាត់អស់នោះ តែប៉ុន្មានខែចុងក្រោយនេះនាងនៅទ្រឹងលែងសូវមានបទចេញទើបអស់និស្ស័យជាមួយហង្សមាស បើទោះជានាងនិងគ្រូបង្វឹគរបស់ខ្លួនឱក សុគន្ធកញ្ញា គឺជាអ្នករាប់អានគ្នាយ៉ាងជិតដិតយ៉ាងណាក្ដី ។ប្រភពបានឲ្យដឹងថាហ្សាណា នឹងត្រូវថៅកែបារមីអ្នកនាងឡូរ៉ា ម៉ម ផ្ដល់ឱកាសឲ្យនាងសរសេរបទចម្រៀងដោយខ្លួនឯងជាបន្ដទៀត ហើយពេលនោះបទខ្មែរលាយភាសារអង់គ្លេសនាងនិងចេញបន្ថែមតាមចំណូលចិត្តរបស់ខ្លួនដែលភាគច្រើនគឺជាចង្វាក់Rock ។
សូមបញ្ជាក់ថារ៉េត ស៊ូហ្សាណា ចាប់អាជីពចម្រៀងជិត១០ឆ្នាំ មកនេះនាងមិនធ្លាប់ប៉ះរឿងអាស្រូវស្នេហាទេ ព្រោះមានឪពុកម្ដាយតាមជាប់ជាប្រចាំ និងសូម្បីតែទូរស័ព្ទក៍ម្ដាយលើកជំនួសដែរ។យ៉ាងណាហ្សាណា ធ្លាប់បង្ហាញស្និតស្នេហ៍តែលើបុរសម្នាក់គត់នោះគឺកូនប្រុសទី២លោកឧកញ៉ាព្រាប សុវត្ថិ បុរសសង្ហារសុវត្ថិ មុនីនាគ ប៉ុន្ដែអ្វីៗបានក្រឡាប់ចាក់អស់ទៅវិញព្រោះកាលពីឆ្នាំ២០២២ លោកជំទាវឡុង ស្រីមុំ ភរិយាលោកសុវត្ថិ បានប្រកាសថាកូនប្រុសគាត់គ្មានទំនាក់ទំនងស្នេហ៍ជាមួយហ្សាណា ដូចគេផ្គូផ្គងឡើយ។តាំងពីពេលនោះមកហ្សាណ និងមុនីនាគ រក្សារគម្លាតរៀងៗខ្លួន ហើយនាងតែងតែទៅដើរកម្សាន្ដនៅបរទេសបង្ហាញអារម្មណ៍ឯកោជានិច្ច ។តែនៅចុងឆ្នាំ២០២៤ នេះហ្សាណា នឹងក្លាយទៅជាដៃគូរបស់អ្នកលេងម៉ូដសាក់លោកវណ្ណដា ក្នុងពេលដ៍ខ្លីខាងមុខនេះហើយ ។
ក្រៅពីរ៉េត ស៊ូហ្សាណា តារាសំខាន់របស់ហង្សមាសតែបានដើរចេញពីផលិតកម្មធំនេះនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានដូចជាលោកព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ ,ដួង វីរៈសិទ្ធ ជាដើម ខណៈដែលមានដំណឹងថាសុគន្ធ និសា នឹងចេញជាលើកទី២ តែលោកកៅ សីហា អ្នកដឹកនាំហង្សមាសបដិសេធ និងវី ឌីណែត ព្រមានដើរចេញពីផលិតកម្មនេះដែរ កាលពីឆ្នាំ២០២០ ពេលនេះបានប្ដូរជំហ បន្ដច្រៀងឲ្យហង្សមាសតទៅទៀត ៕