Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចា.../ប់ខ្លួនគុយ វ៉ាត ពីបទឆ.../បោករាប់លានដុល្លារ អ្នកឃ្លាំមើលថាដើម្បីស្ដារ.../ឈ្មោះនាយករដ្ឋមន្ត្រី

ចា…/ប់ខ្លួនគុយ វ៉ាត ពីបទឆ…/បោករាប់លានដុល្លារ អ្នកឃ្លាំមើលថាដើម្បីស្ដារ…/ឈ្មោះនាយករដ្ឋមន្ត្រី

ភ្នំពេញ ៖ អ្នកឃ្លាំមើល បានលើកឡើងថា ការចាប់ខ្លួនលោកគុយ វ៉ាត អតីតនាយកប្រតិបត្តិក្រុមហ៊ុន ស៊ីអាយស៊ី (CIC) និងជាម្ចាស់ក្រុមហ៊ុន Park Coffee ពីបទឆបោកលុយរាប់លានដុល្លារនោះ គឺដើម្បីស្ដារឈ្មោះសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ។

 លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានសរសេរក្នុងគណនីនិងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ថា «ឈានដល់ការចាប់ខ្លួនលោកគុយ វ៉ាត នៃក្រុមហ៊ុនឆបោក CIC និង Park Café មាន ៣ចំណុច ដែលត្រូវចាប់អារម្មណ៍ គឺ១- រដ្ឋាភិបាលព្យាយាមបន្លប់/បង្វែរព្រឹត្តិការណ៍មួយគ្រា, ២- សាមីខ្លួនសូកប៉ាន់ខ្សោះខ្យល់ និង៣- ចង់ស្ដារឈ្មោះនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលសម្បូរជនទុច្ចរិតជុំវិញខ្លួន»។

 បន្ថែមលើសំណេរតាមបណ្តាញសង្គម ខាងលើនេះ លោកម៉ែន ណាត បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ថា “ពាក់ព័ន្ធនឹងការចាប់ខ្លួនលោកគុយ វ៉ាត ហ្នឹង ទី១ គឺដោយសារស្ថានភាពបច្ចុប្បន្នជាស្ថានភាពក្ដៅ ទៅលើបញ្ហាកិច្ចព្រមព្រៀង CLV នៅតំបន់កន្ទុយនាគ នៃកម្ពុជាហ្នឹង ។ អ៊ីចឹងខ្ញុំសរសេរថា ជាការបង្កើតព្រឹត្តិការណ៍ថ្មី ដើម្បីបង្វែរស្ថានការណ៍ បង្វែរការចាប់អារម្មណ៍សាធារណជន ឬក៏មតិប្រជាពលរដ្ឋ ឬក៏ការឈឺឆ្អាលរបស់ប្រជាពលរដ្ឋដែលកំពុងតែខ្វល់ខ្វាយរឿងបញ្ហាបូរណភាពទឹកដី នៅឯភាគឦសាន នៃប្រទេសកម្ពុជា ហ្នឹងគឺរឿង CLV ហ្នឹងទី១ ។ ទី២ វាអាចជារឿងដែលលោកគុយ វ៉ាត ហ្នឹងបានសូកប៉ាន់ពួកមន្រ្តីធំៗ ពួកគាត់ក៏មានទំនាក់ទំនងល្អគួរសមដែរ ជាមួយពួករដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ហ្នឹង ។ ម្យ៉ាងទៀត ខ្ញុំសរសេរថា រឿងហ្នឹងវាអាចពាក់ព័ន្ធការសូកប៉ាន់សោះខ្យល់ មានន័យថា បានប្រើលុយ ប្រើកាក់ហ្នឹង សូកទៅពួកមន្រ្តី ដើម្បីយករួចខ្លួន ឬក៏បញ្ចៀសការចោទប្រកាន់ ចាប់ខ្លួននេះអ៊ីចឹង ព្រោះរឿងឆបោកលុយច្រើនណាស់ លុយរាប់រយលានដុល្លារ ដែលប្រជាពលរដ្ឋ ដែលពួកបងប្អូនខ្មែរ រកស៊ីដាក់ទុនជាមួយហ្នឹង គឺរាប់រយលានដុល្លារ ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនស៊ីអាយស៊ី ឆបោកហ្នឹង ក្រុមហ៊ុនស៊ីអាយស៊ី ផង ហើយនិងផាកកាហ្វេ ផង  ហើយតើលុយហ្នឹងនៅឯណា? ហេតុអីបានជាមិនសងបំណុលម្ចាស់បំណុលជាជនរងគ្រោះ? ហើយក្នុងហ្នឹង មានទាំងលោកគួច ម៉េងលី ដែលជាអ្នកល្បីឈ្មោះម្នាក់ដែរ ដែលគាត់ថា គាត់ក៏ជាជនរងគ្រោះ គាត់ប្រើពាក្យថា គាត់ក៏ជាជនរងគ្រោះអំពីក្រុមហ៊ុនហ្នឹងដែរ ដាក់ទុនទៅ ដាក់ផ្លូកទៅ ក៏បាត់ទៅ ហើយពួកមន្រ្តីដែលជិតដិតនឹងគុយ វ៉ាត ហ្នឹង ជាពួកមន្រ្តី ដូចជាលោកពិសិដ្ឋ ដែលជាទីប្រឹក្សាលោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត សព្វថ្ងៃហ្នឹង ហើយលោកព្រាប កុល ក៏រដ្ឋមន្រ្តីប្រតិភូមអមនាយករដ្ឋមន្រ្តី ហើយពួកអស់ហ្នឹងសុទ្ធតែនៅជំពាក់ជំពិនស៊ីអាយស៊ី ហ្នឹង ហើយដែលមានគុយ វ៉ាត ហ្នឹង ពីដើមឡើយជាមន្រ្តីសំខាន់នៅក្នុងក្រុមហ៊ុនហ្នឹង ហើយកាលពីបោះឆ្នោតកន្លងទៅហ្នឹង បោះឆ្នោតជាតិ ឆ្នាំទៅមិញហ្នឹង ហើយគុយ វ៉ាត ប្រគល់លុយប្រមាណជាង ៨០លាន ទៅដាក់ក្រុមហ៊ុនគាត់ អាហ្នឹងគេមានឯកសារបញ្ជាក់រួចហើយ ខ្ញុំមិនបាច់បញ្ជាក់ឡើងវិញទេ ។ អាហ្នឹងអាចថា គាត់បានប្រើលុយ ប្រើថវិកាមួយចំនួន ដើម្បីសូកប៉ាន់ខ្សោះខ្យល់ រឿងហ្នឹងយើងផ្ដល់យោបល់ យើងវិភាគជាសេណារីយ៉ូ យើងគ្មានការសន្និដ្ឋានទេរឿងហ្នឹង គ្រាន់តែយើងយល់ថា អាចអ៊ីចេះ អាចអ៊ីចុះ ។ ហើយចំណុចទី៣ យើងអាចគិតថា លោកហ៊ុន ម៉ាណែត សព្វថ្ងៃកំពុងតែធ្ងន់ក គាត់បរាជ័យធំណាស់ រឿងការដឹកនាំជាតិ រយៈពេល១ឆ្នាំនេះ ព្រោះកាលបោះឆ្នោតជាតិ ឆ្នាំ២០២៣ គាត់ដើរចងក្រងពួកប្រជាពលរដ្ឋខ្មែរ នៅក្រៅប្រទេស គគ្រឹកគគ្រេងណាស់ ហើយឥឡូវហ្នឹង បងប្អូនខ្មែរក្រៅប្រទេសហ្នឹង គេខកចិត្ត ខកចិត្តធំជាងគេ រឿងគម្រោង CLV នេះ រឿងកិច្ចព្រមព្រៀង CLV នេះ ដែលប្រជាពលរដ្ឋក្រៅប្រទេសហ្នឹង ទាមទារស្នើសុំឲ្យដកខ្លួនចេញពីគម្រោងហ្នឹង បែរជារដ្ឋាភិបាលហ្នឹងកាងទី អត់ដក មិនដកខ្លួនហើយ ទៅចាប់មនុស្សដាក់គុកថែមទៀត ចាប់ដាក់គុកច្រើន ចូលខ្ទង់រយហើយ មកដល់ពេលបច្ចុប្បន្នហ្នឹង ព្រោះពីរបីថ្ងៃមុន ឡើង៧០នាក់ជាងហើយ ឥឡូវហ្នឹងវានៅបន្តចាប់ទៀត ហើយចាប់មនុស្សដាក់គុកហ្នឹង ដូចជាចាប់ជំរិតគេអ៊ីចឹង អត់មានប្រាប់ក្រុមគ្រួសារគេឲ្យដឹងមុនទេ អត់មានដីកាអីត្រឹមត្រូវទេ ចាប់តាមទំនើងចិត្ត អាហ្នឹងហើយយើងជូន ៣ចំណុចហ្នឹង» ។

 លោកម៉ែន ណាត បានមានប្រសាសន៍បន្តថា “អ៊ីចឹងអាចំណុចទី៣ ចុងក្រោយហ្នឹង លោកហ៊ុន ម៉ាណែត គាត់អាចដែរ គាត់អាចថាឥឡូវគេចាប់បានហើយគុយ វ៉ាត កុំឲ្យចេះតែចោទប្រកាន់ ហើយកុំឲ្យបណ្ដាញសារព័ត៌ មាន ចេះបន្តផ្សព្វផ្សាយថា គុយ វ៉ាត ឆបោក ហើយគុយ វ៉ាត និងមនុស្សជុំវិញក្រុមហ៊ុនស៊ីអាយស៊ី សុទ្ធតែជំ ពាក់ជំពិនជាមួយពួកមន្រ្តីធំៗនៅក្នុងរដ្ឋាភិបាល ។ អ៊ីចឹងការចាប់ខ្លួនគុយ វ៉ាត មួយ ជាការលាងមិនទាំងអស់ទេ បានខ្លះដែរ ដូចជាកន្លងទៅ មានករណីចាប់ខ្លួនឡេង ចាន់ណា  ជា សារ៉ន ហើយនិងឧកញ៉ាម្នាក់ទៀត នៅខាងព្រៃវែង នោះ ដែលបោកគេដែរនោះ វាសុទ្ធតែពួកមានឋានៈឧកញ៉ាធំៗ មានតួនាទីធំៗ ហើយពួកហ្នឹងសុទ្ធតែទទួលបានការតែងតាំងគោរមងារពីព្រះមហាក្សត្រ ដែលស្នើឡើងដោយនាយករដ្ឋមន្រ្តី តាំងពីជំនាន់លោកហ៊ុន សែន រហូតដល់លោកហ៊ុន ម៉ាណែត ។ អ៊ីចឹងចំណុចទី៣ហ្នឹង វាអាចច្រើនណាស់ ដែលលោកហ៊ុន ម៉ាណែត នេះ ចង់ស្ដារស្ថានការណ៍កេរ្តិ៍ឈ្មោះរបស់គាត់បានខ្លះ ដើម្បីឲ្យរងនូវភាពអាម៉ាស់ច្រើនពេក គឺអាម៉ាស់ចុងក្រោយ ដូចខ្ញុំបញ្ជាក់ជូន គឺ CLV ហើយអាម៉ាស់មួយទៀត គឺបញ្ហាពួកឧកញ៉ាឆបោក ឬក្រុមហ៊ុនឆបោក ហើយពួកហ្នឹងសុទ្ធតែជួយរកលុយឲ្យត្រកូលហ៊ុន កន្លងទៅហ្នឹង ជុំវិញការបោះឆ្នោត ជុំវិញការលើកព្រឹត្តិការណ៍អង្គរសង្រ្កាន្ត អីអ៊ីចឹងជាដើម ។ល។ ហ្នឹង ពួកហ្នឹងជាអ្នករកលុយឲ្យត្រកូលហ្នឹង ដើម្បីឲ្យមានមុខមានមាត់ឡើង ហើយទីបំផុតទៅ ពួកដែលរកលុយឲ្យហ្នឹងក្លាយជាជនឆបោកដ៏ជំនាញ ឆបោកប្រជាពលរដ្ឋរាប់ពាននាក់ រាប់ម៉ឺននាក់ មកដល់បច្ចុប្បន្នហ្នឹង ហើយការចាប់ខ្លួនម្នាក់ ពីរនាក់ដាក់គុក ដោយអត់ឃើញអ្នកពាក់ព័ន្ធទាំងឡាយផ្សេងទៀតហ្នឹងអត់ទទួលបានការចាប់ខ្លួនទេ ចាប់តែម្នាក់ហើយ ជានិមិត្តរូប ចប់! ស្ងាត់ឈឹង ។ អាហ្នឹងវាធ្វើឲ្យប្រជាពលរដ្ឋហ្នឹងដកសេចក្ដីទុកចិត្ត គាត់បាត់ទំនុកចិត្ត ហើយគាត់អត់ជឿជាក់ទៅលើចំណាត់ការរបស់រដ្ឋាភិបាលនោះទេ ។ ប៉ុន្តែខ្ញុំផ្ដល់ជាសេណារីយ៉ូ ៣ចំណុចហ្នឹង បញ្ជាក់ជូនឡើងវិញថា ទី១ ពាក់ព័ន្ធរឿងបង្វែរព្រឹត្តិការណ៍ បង្វែរការចាប់អារម្មណ៍មតិសាធារណជន ។ ទី២ លោកគុយ វ៉ាត ហ្នឹង បានសូកលុយឡើងខ្យល់ហើយ ទីបំផុតត្រូវបានចាប់ខ្លួនដដែល ពីព្រោះទោះសូកយ៉ាងម៉េចក៏ដោយ តែសម្ពាធពីខាងក្រៅ សម្ពាធពីពីប្រជាពលរដ្ឋ សម្ពាធពីសង្គមខ្លាំងពេកទៅ ហ៊ុន ម៉ាណែត ហ្នឹងទើសទាល់ ក៏ទៅចាប់ខ្លួនសិន ។ ទី៣ ខ្ញុំបញ្ជាក់ជូនចុងក្រោយមិញហ្នឹង គឺពាក់ព័ន្ធនឹងការចង់ស្ដារមុខមាត់ខ្លះមកវិញ បន្ទាប់ពីរដ្ឋាភិបាល គ្មានចំណាត់ការជាក់លាក់ទៅលើការចាប់ខ្លួនមេឆបោកអស់ហ្នឹង ហើយពួកអស់ហ្នឹងភាគច្រើនរស់នៅក្រៅសំណាញ់ច្បាប់ ហើយពួកអស់ហ្នឹងភាគច្រើនជំពាក់ជំពិនជាមួយនឹងពួកមន្រ្តីរដ្ឋាភិបាលហ្នឹង ពេញហ្នឹងទាំងអស់ ហើយមន្រ្តីក្នុងរដ្ឋាភិបាលដែលមានឈ្មោះ ដែលគេផ្សព្វផ្សាយកន្លងមកហ្នឹង ក្រៅពីគុយ វ៉ាត ហ្នឹង នៅមានអ្នកជាច្រើនទៀតមិនទាន់មានការទទួលការស៊ើបអង្កេតណាមួយពីអាជ្ញាធរ តុលាការទេ គ្មានទេ ។ អាហ្នឹងហើយ ដែលបញ្ជាក់ថា ពលរដ្ឋអត់មានជំនឿចិត្តនៅឡើយទេ ។ អ៊ីចឹងបើរដ្ឋាភិបាលធ្វើ ធ្វើឲ្យស្អាត ហើយចាប់គុយ វ៉ាត និងមនុស្សពាក់ព័ន្ធទាំងអស់ ជុំវិញរឿងក្រុមហ៊ុនហ្នឹង“ ។

 ជាមួយគ្នានោះដែរ លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ បានបញ្ជាក់តាមរយៈគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “លោក គុយ វ៉ាត ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ ពាក់ព័ន្ធនឹងបទល្មើសឆបោកទឹកប្រាប់ រាប់សិបលានដុល្លា។ លោក គុយ វ៉ាត ជាអតីតនាយកប្រតិបត្តិក្រុមហ៊ុនស៊ីអាយស៊ី និងជាម្ចាស់ក្រុមហ៊ុន Park Coffee ។ កាលនៅជានាយកប្រតិបត្តិក្រុម ហ៊ុនស៊ីអាយស៊ី (CIC) លោក គុយ វ៉ាត បានលួចផ្ទេរលុយរាប់លានដុល្លាទៅក្រុមហ៊ុន Park Coffee របស់គាត់។ សង្ឃឹមថា តុលាការ នឹងរឹបអូសលុយក្នុងគណនីធនាគារនិងទ្រព្យសម្បត្តិរបស់គាត់ យកទៅសងជនរងគ្រោះដែលចាញ់បោកគាត់ ព្រោះរហូតមកដល់ពេលនេះ តុលាការមិនទាន់បានរឹបអូសលុយក្នុងគណនីធនាគារ និងទ្រព្យសម្បត្តិរបស់អតីតឧកញ៉ា ឡេង ចាន់ណា អតីតឧកញ៉ា ហ៊ី គឹមហុង ឧកញ៉ា ជា សារ៉ន នៅឡើយ។ សង្ឃឹមថា តុលាការ នឹងស៊ើបអង្កេតលោក ព្រាប កុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ដែលពាក់ព័ន្ធនឹងការគប់គិតជាមួយលោក គុយ វ៉ាត លួចផ្ទេរលុយរាប់លានដុល្លារ ចេញពីក្រុមហ៊ុនស៊ីអាយសី (CIC)“ ។

 ចំណែកលោកគឹម សុខ អ្នកវិភាគ និងជាប្រធានវេទិកាពលរដ្ឋ បានលើកឡើងថា ការចាប់ខ្លួនលោក គុយ វ៉ាត នៃក្រុមហ៊ុន CIC ដោយមិនស៊ើបអង្កេតប្រពន្ធរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត គឺជាយុត្តិធម៌បបរសត្រីស្អុយ ។

 លោកគឹម សុខ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ការចាប់លោក គុយ វ៉ាត ពេលនេះ ជានយោបាយយកផ្សែងទៅបាំងកម្តៅព្រះអាទិត្យ…។

ការចាប់លោក គុយ វ៉ាត នៃCIC ដោយមិនស៊ើបអង្កេតប្រពន្ធរបស់លោក ហ៊ុន ម៉ាណែត គឺជា យុត្តិធម៌បបរស ត្រីស្អុយ។ វាគ្មានបុគ្គលតែម្នាក់ឯងឯណា ទៅអាចលួចលុយបានរាប់លានដុល្លារ ពីក្រុមហ៊ុនដ៏ធំមួយ ដែលគ្រប់គ្រងដោយមនុស្សមួយក្រុមឡើយ។ ករណីជាប់ពាក់ព័ន្ធនឹងប្រពន្ធនាយករដ្ឋមន្ត្រី មានប្រភពពីផ្ទៃក្នុងក្រុម ហ៊ុន CIC ច្រើននាក់ប្រាប់ខ្ញុំ (ខ្ញុំមិនហ៊ានអះអាងថា នេះជាការពិតទេ ប៉ុន្តែជាគោលការណ៍យុត្តិធម៌ក្នុងរឿងឧក្រិដ្ឋ ត្រូវតែស៊ើបអង្កេត ដោយឯករាជ្យនិងតម្លា)។

ការចាប់អតីតឧកញ៉ា ឡេង ចាន់ណា ដោយមិនស៊ើបអង្កេតលោក ហ៊ុន ម៉ាណែត និងមន្ត្រីស្និទ្ធ គឺជា យុត្តិធម៌ម៉ាហ្វីយ៉ា។ វាគ្មានស្ត្រីម្នាក់ ដែលគ្មានឥទ្ធិពលអ្វីសោះឯណា ទៅអាចដឹកនាំធ្វើយុទ្ធការបោកប្រាស់ពលរដ្ឋរាប់ពាន់គ្រួសារ រហូតដល់ប្រមូលបានលុយប្រមាណ ៣០០លានដុល្លារ និងប្រើពេលរាប់ឆ្នាំ យ៉ាងសេរីឡើយ។ តើលុយបោកបាន សល់ប៉ុន្មាន នៅឯណា? ការជាប់ទាក់ទងនឹងលោក ហ៊ុន ម៉ាណែត និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិ បាល លោក ស៊ាន បូរ៉ាត ក្នុងសំណុំរឿងនេះ មានការអះអាងដោយផ្ទាល់របស់អ្នកស្រី ឡេង ចាន់ណា ផ្សព្វ ផ្សាយពេញបណ្ដាញសង្គម ហ្វេសប៊ុក តាំងពីអ្នកស្រីនៅពាក់ងារជាឧកញ៉ាម៉្លេះ។

សាច់រឿងអាស្រូវពេញនគរ ទាំងពីរនេះ ដែលបែកធ្លាយច្រើនឆ្នាំមកហើយ សមត្ថកិច្ចមិនដែលរាយការណ៍ជូនប្រជាពលរដ្ឋ និងជនរងគ្រោះ ពីរបាយការណ៍ស៊ើបអង្កេតអ្វីទាំងអស់ ដល់ពេលចង់ចាប់ ក៏ចាប់តាមចង់។ នេះគេហៅថា ចំណាត់ការប៉ុល ពត។ រឿងបែបនេះ អាចក្លាយជាឧបករណ៍បោកមនុស្សពិការសតិសម្បជញ្ញៈ ឲ្យជឿ និងធ្វើវីដេអូសរសើរបាន ប៉ុន្តែមិនអាចបោកពលរដ្ឋទូទៅ ឲ្យទុកចិត្តនោះទេ។ កុំភ្លេចថា ល្បែងទុច្ចរិត កាន់តែលេង កាន់តែលេចចំណុចខ្សោយទៅវិញទេ!

បើស្រមៃថា ចង់លេងល្បែងនេះ ដើម្បីទប់ចលនាពលរដ្ឋខ្មែរ ទូទាំងពិភពលោក ដែលប្រឆាំងគម្រោង CLV វៀតណាម វាមិនខុសពីយកផ្សែងទៅបាំងកម្តៅព្រះអាទិត្យឡើយ។ ការប្រឆាំងCLV គឺជាបេសកកម្មការពារទឹកដីជាតិខ្មែរ របស់កូនខ្មែរគ្រប់រូប មិនមែនជាល្បែងនយោបាយពីក្រុមណាទេ។ វិធីភ្លៀងអត់ព្យុះ ទើបជាដំណោះស្រាយ! សង្ឃឹមថា នាយករដ្ឋមន្ត្រី យល់!“ ។

 គួរបញ្ជាក់ថា លោក គុយ វ៉ាត ដែលជាថៅកែហាងដ៏ល្បីឈ្មោះមួយ នៅកម្ពុជា យីហោ «Park Café» ត្រូវបានសមត្ថកិច្ចជំនាញ ចាប់ខ្លួន កាលពីថ្ងៃទី២៥ សីហា ឆ្នាំ២០២៤ ពីបទពាក់ព័ន្ធករណីឆបោកប្រាក់ និងចេញសែកស្អុយ រាប់លានដុល្លារ ។

 មុននឹងក្រុមនគរបាលចុះចាប់ខ្លួន នៅថ្ងៃទី២៥ សីហា លោក គុយ វ៉ាត ម្ចាស់ក្រុមហ៊ុន Park Café និងជាអតីតអគ្គនាយកក្រុមហ៊ុន ស៊ីអាយស៊ី(CIC) បានទទួលរងពាក្យបណ្ដឹងពីជនរងគ្រោះជាច្រើន ពាក់ព័ន្ធនឹងបញ្ហាបោក ប្រាស់លុយរាប់លានដុល្លារ និងការឆបោកផ្សេងៗ ។ ក្នុងនោះ អ្នកឧកញ៉ា គួច ម៉េងលី ដែលជាជនរងគ្រោះមួយរូប ក្នុងចំណោមជនរងគ្រោះជាច្រើនផ្សេងទៀត នៅក្នុងសំណុំរឿងបោកប្រាស់របស់លោកគុយ វ៉ាត ធ្លាប់ជាអ្នកចេញមុខស្នើឱ្យរដ្ឋាភិបាល មានចំណាត់ការក្នុងរឿងនេះ។ អ្នកឧកញ៉ា គួច ម៉េងលី សង្ឃឹមថា ប្រជាពល រដ្ឋរងគ្រោះ នឹងទទួលបានយុត្តិធម៌។ ប៉ុន្តែអ្នកឧកញ៉ារូបនេះ មិនទាន់ដឹងច្បាស់ពីដំណោះស្រាយ ដែលអាចទទួលបាននោះទេ ព្រោះមានបញ្ហាច្រើនទៀត ដែលត្រូវជជែក ដូចជាការសងលុយដល់ជនរងគ្រោះ ក្នុងករណីលោកគុយ វ៉ាត ត្រូវសមត្ថកិច្ចចាប់ខ្លួន។

គួររម្លឹកថា លោក គុយ វ៉ាត បានរងការចោទប្រកាន់ថា បានដកលុយពីក្រុមហ៊ុនស៊ីអាយស៊ី ប្រមាណជាង ៨០លានដុល្លា និងបង្វិលចូលក្នុងក្រុមហ៊ុនរបស់លោកផ្ទាល់។ នៅពេលក្រុមហ៊ុនរបស់លោកមានបញ្ហា ទើបលោកមិនអាចបង្វិលលុយចូលក្រុមហ៊ុនស៊ីអាយស៊ីវិញបាន។ ចាប់តាំងពីមានព័ត៌មានលេចធ្លាយពីការបាត់ទុនវិនិយោគ រាប់សិបលានដុល្លារ កាលពីពាក់កណ្តាលឆ្នាំ២០២៣ ក្រុមអ្នកដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុន Cambodian Investors Corporation Plc ហៅកាត់ថា CIC Plc ដែលក្នុងនោះមានអ្នកឧកញ៉ាគួច ម៉េងលី ដែរ បាននាំគ្នាតវ៉ាខ្លាំង តាមបណ្តាញសង្គម បន្ទាប់ពីពួកគាត់មិនទទួលបានដំណោះស្រាយពីអ្នកគ្រប់គ្រងជាន់ខ្ពស់ ចំនួន១៣នាក់ របស់ក្រុមហ៊ុន CIC Plc ៕ កុលបុត្រ

RELATED ARTICLES