ភ្នំពេញ៖តារាសម្ដែងដ៍ស្រស់ផូផង់កញ្ញាសុខគា គីមលាង ដែលកំពុងតែឈានចូលប្រឡូកក្នុងអាជីពសម្ដែងភាពយន្ដជាលើកដំបូងនោះ សា្រប់តែពេលនេះធ្វើឲ្យមានការចាប់អារម្មណ៍ថានាងបង្ហាញភាពស្និតស្នាលជាមួយតារាសម្ដែងរូបសង្ហារលោកឃីម ហ្សានីត ដូចជាកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ពួកគេបានបណ្ដើរគ្នាទៅចូលរួមកម្មវិធី កម្រាលព្រំក្រហម និងពិធីប្រគល់ពានរង្វាន់នៃ2nd Cambodian Asian Film Festival ដែលធ្វើឲ្យតារារួមអាជីពចាប់អារម្មណ៍ខ្លាំង ។តែទន្ទឹមនិងនោះក៍មានអ្នកខ្លះសម្ដែងការបារម្ភថាខ្លាចតែស្រីស្អាតគីមលាង ដើរជាន់ដានចាស់ដូចនាងសេង រដ្ឋា Miss Grand Cambodia 2020 ដែលពេលនោះនាងបានចាប់ដៃលោកឃីម ហ្សានីត សម្ដែងរឿង«បាបស្នេហ៍ អតីត» ស្រាប់តែត្រូវភរិយាលោកហ្សានីត ឆេះដុំប្រចណ្ឌប្ដីជាមួយរដ្ឋា ផ្អើលអស់អ្នកដឹកនាំសម្ដែងរឿងនោះទៅវិញ ។


ក្នុងជំនួបតាមទូរស័ព្ទស្រីស្អាតសុខគា គីមលាង បានឲ្យដឹងថានាងបានស្គាល់ឃីម លោកហ្សានីត ទើបតែពេលថ្មីៗនេះទេ ហើយគ្រាន់តែដើរជាមួយគ្នាលើកម្រាលព្រហ្មក្រហមថ្មីៗនេះនាងមិនបានបារម្ភថាភរិយាតារាសម្ដែងរូបនេះប្រចណ្ឌនាងឡើយ ព្រោះរូបនាងបានស្គាល់ប្រពន្ធលោកហ្សានីត និងកូនគាត់ផងដែរ អីចឹងគ្មានរឿងអីត្រូវគិតច្រើននោះទេ ។នាដការីសម្រស់ដូចទេពធីតា រូបនេះវាចាថា”មិនមែនស្និតស្នាលគ្នាទេ គឺស្គាល់គ្នា ហើយគាត់ក៍មានគ្រួសារហើយដែរ។ខ្ញុំចាប់ផ្ដើមស្គាល់លោកហ្សានីត នៅថ្ងៃសម្ពោធរឿង«នាងនាថ”កាលពីថ្ងៃទី២៨ ខែកក្កដា និងពេលនេះបានចាប់ដៃគ្នាថតភាពយន្ដនៅLD ផងដែរ ។ភរិយានិងកូនគាត់ក៍ស្គាល់គ្នាដែរ ។ខ្ញុំគ្មានការបារម្ភអ្វីនោះទេ “។

កញ្ញាសុខគា គីមលាង ថានាងក៍បានពិភាក្សាគ្នាជាមួយលោកឃីម ហ្សានីត ពីគម្រោងធ្វើអ្វីមួយដើម្បីបង្ហាញពីវប្បធ័មខ្មែរជាមួយគ្នា នាពេលខាងមុខនេះដែលពេលនោះក៍មានប្រពន្ធនិងកូនលោកហ្សានីត ចូលរួមដែរ ។ស្រីសស់ក៍បានសរសើរពីលោកហ្សានីត ថាជាសុភាពបុរសម្នាក់ហើយនាងទុកចិត្តលើលោកទាំងស្រុងតែម្ដង ។

នាដការីរូបស្រស់បន្ថែមថា”គាត់(ហ្សានីត)អត់ចេះរញ៉ៃរញ៉ៃទេ និយាយទៅជាសុភាពបុរសតែម្ដង ។គាត់ទុកខ្ញុំជាប្អូនស្រី ហើយការថតរឿងលើកដំបូងក្នុងអាជីពរបស់ខ្ញុំ គឺប៉ះគាត់ជាដៃគូ” ។

សុខគា គីមលាង ហៅKon Ant ឬកូនស្រមោច មានអាយុ២៥ឆ្នាំ រក្សារបានសម្រស់ពីធម្មជាតិ១០០% ហើយនាងប្រកាន់គោលការណ៍មិនថតសម្ដែងភាពយន្ដណាដែលមានឈុតស៊ិចស៊ី ឬស្នេហាស្រើបស្រាលឡើយ ព្រោះនាងធ្លាប់ហាត់របាំបុរាណ និងព្រះរាជទ្រព្យរយៈពេល១៦ឆ្នាំ ពោលគឺតាំងពីអាយុ៩ឆ្នាំម្លេះ ខណៈសព្វថ្ងៃក្រៅពីការងារសិល្បៈនាងក៍ជាគ្រូរបាំបុរាណ និងរបាំព្រះរាជទ្រព្យនៅសាលាមធ្យមវិចិត្រសិល្បៈ ផងដែរ។នារីរូបស្រស់នេះធ្លាប់ប្រាប់ថានាងមិនទាន់មានម្ចាស់បេះដូងឡើយ ។តាមរយៈការបង្ហាញខ្លួននៅកម្មវិធីណាក៍នាងស្លៀកពាក់បែបថ្លៃថ្នូរ មិនដែលលេងខ្លួនស៊ិចស៊ីឡើយ ។គីមលាង ក៍ជាមុខសញ្ញានៃក្រុមផលិតករទាំងឡាយផងដែរ ដែលចង់បាននាងសម្ដែងភាពយន្ដឲ្យរបស់ផលិតកម្មគេ តែកន្លងមកនាងថាគ្មានពេលវេលាគ្រប់គ្រាន់ថតរឿងទេ គឺទើបតែនៅឆ្នាំ២០២៤ នេះកូនស្រមោចបាន បានចាប់ផ្ដើមអាជីពថតកុនលើកដំបូងឲ្យLD នឹងកំពុងទទួលការថតរឿងផ្សេងៗទៀតដើម្បីទុកជាឯកសារផ្ទាល់ខ្លួន ។តារាដែលមានកម្ពស់១,៧០ម៉ែត្រ ទម្ងន់៥០ គ.ក្រ លេចធ្លោបំផុតនៅពេលដែលនាងតែងខ្លួនជាអប្សរា ហើយរាំរបាំអប្សរានៅលើភ្នំទឹកកកមួយកម្ពស់ដល់ទៅ៣គីឡូពីដី នៅប្រទេសនូវែលសេឡង់ កាលពីឆ្នាំ២០២៣ ។Kon Ant ក៍ត្រូវបានជ្រើសរើសជាតួទេពធីតាឆ្នាំថ្មីក្នុងពិធីអង្គរសង្រ្កាន្ដឆ្នាំ២០២៣ នៅខេត្តសៀមរាប និងធ្វើជាតួអ្នករាំក្បាលទូក ក្នុងពិធីបុណ្យអុំទូក នៅខេត្តសៀមរាប ឆ្នាំ២០២៣ ផងដែរ ។សម្រាប់ឆ្នាំ២០២៤ កញ្ញាគីមលាង ក៍បានលេចមុខក្នុងស្ពតពាណិជ្ជកម្មដ៍ធំមួយរបស់រថយន្ដទំនើបម៉ាកRange Rover 2024 មុនពេលនាងបង្ហាញខ្លួនក្នុងភាពយន្ដថ្មីរបស់ខ្លួនជាលើកទី១ ។គេចាំមើលថាតើបុរសរូបណាទៅនឹងក្លាយទៅជាម្ចាស់បេះដូងនាដការីដ៍ស្រស់សោភា រូបនេះ ?




