ភ្នំពេញ៖អ្នកនាងគង់ សុជាតិ បានSurprise ស្វាមីនាងលោកជា វិបុល តាមរយៈការលើកនំខេកធ្វើខួបកំណើតឲ្យប្ដីថ្ងៃគម្រប់អាយុ៤៥ឆ្នាំ កាលពីថ្ងៃទី២៣ ខែ៨ ឆ្នាំ២០២៤ ដោយនាងថែមទាំងជូនពរឲ្យលោកវិបុល មានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងកាន់តែល្បីល្បាញថែមទៀត។ ចំណែកលោកវិបុល វិញបានបង្ហាញអារម្មណ៍រំភើប និងអរគុណដល់ប្រពន្ធ ប៉ុន្ដែនេះមិនមែនជាលើកទី១ នោះទេ ពោលគឺតាំងពីចាប់ដៃគ្នាជិត១១ឆ្នាំ អ្នកនាងសុជាតិ មិនដែលភ្លេចថ្ងៃខួបកំណើតស្វាមីក្មេងរបស់នាងឡើយ ។ប៉ុន្ដែក្រោយធ្វើខួបឲ្យប្ដីរួច កាលពីរាត្រីថ្ងៃទី២៦ សីហា អ្នកនាងគង់ សុជាតិ បានចេញទៅដើរកម្សាន្ដនៅប្រទេសកូរ៉េខាងត្បូងដោយគ្មានវត្តមានលោកជា វិបុល រួមដំណើរទៅវិញ ។


នៅថ្ងៃខួបកំណើតប្ដីឆ្នាំនេះអ្នកនាងគង់ សុជាតិ មិនត្រូវបានលោកជា វិបុល រំអុកយកកូនភ្លោះប្រុសដូចឆ្នាំមុនៗទៀតទេ បន្ទាប់ពីខកខានផែនការណ៍យកកូនម្ដង២នេះអស់រយៈពេលជាង៦ឆ្នាំមកហើយ ។ប៉ុន្ដែតាមព័តមានថាលោកវិបុល មិនបានបោះបង់ ឬលុបចោលគម្រោងយកកូនប្រុសម្ដង២នោះឡើយ គ្រាន់តែលោកមិនចង់ដាក់សម្ពាធទៅលើសុជាតិ ដែលមានអាយុច្រើនជាងលោកបន្ដិចប៉ុណ្ណោះ ព្រោះសុជាតិ ធ្លាប់និយាយថារឿងយកកូនថែម ឬកូនភ្លោះ មិនមែននាងចង់បានគឺត្រូវតែបានដូចចិត្តនោះទេ ព្រោះទាក់ទងទៅដល់វ័យរបស់នាងដែរ ហេតុនេះរឿងសំខាន់បែបនេះត្រូវតែពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញឲ្យបានច្បាស់លាស់សិនទើបបាន ។

គង់ សុជាតិ បានដឹកដៃលោកជា វិបុល រៀបការថ្ងៃទី៩ ខែ១១ ឆ្នាំ២០១៣ ដែលពេលនេះទទួលបានចំណងដៃកូនស្រី១ អាយុជាង៧ឆ្នាំ និងកូនស្វាមីដើម២នាក់(ស្រី១)សរុបកូនទាំងអស់ចំនួន៣នាក់ ។ប្រភពបានឲ្យដឹងថាសុជាតិ មានភាពកក់ក្ដៅខ្លាំងណាស់ព្រោះស្វាមីនាងស្រលាញ់កូនៗប្ដីមុនដូចកូនលោកបង្កើតដែរ ហើយក្រោយវិលមករកភាពផ្អែមស្នេហាជាថ្មីជាង៣ឆ្នាំ បន្ទាប់ពីចំណងស្នេហាល្អកកកមួយប្រាវ ក្រោយពីលោកវិបុល បានបែកធ្លាយរឿងបង្កាត់ភ្លើងស្នេហាជាមួយអ្នកនាងកែវនិមល កាលពីឆ្នាំ២០២០ ហើយពេលនេះ”ក្រោយភ្លៀងមេឃស្រឡះ “ ព្រោះលោកវិបុល កោសក់បួស ថ្ងៃទី២១ ខែ៩ ឆ្នាំ២០២០ នៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង នោះមកពេលនេះលោកវិបុល ប្រកាសស្រលាញ់ប្រពន្ធកូនលោកជាងអ្នកណាទាំងអស់ ។ចំណែកសុជាតិ វិញដើម្បីកុំឲ្យស្នេហារង្គោះរង្គើរសារជាថ្មី និងមិនចង់ឲ្យប្ដីបែកឆ្វេងជាលើកទី២ នាងតែងតែនាំលោកវិបុល ទៅរឹតចំណងស្នេហានៅក្រៅស្រុកជាបន្ដបន្ទាប់តែម្ដង ពោលគឺផ្អែមល្ហែមដូចគូស្នេហ៍យុវវ័យ អីចឹង ស្របពេលដែលថៅកែហង្សមាសបានឲ្យកាដូធំទៅសុជាតិ តាមរយៈការលែងឲ្យលោកវិបុល និងចាន់ កែវនិមល ចាប់ដៃគ្នាធ្វើMC តទៅទៀតហើយ ។

សូមបញ្ជាក់ថាគង់ សុជាតិ ត្រូវបានគេចាត់ទុកថាជាសេដ្ឋីនីម្នាក់ក្នុងពិភពសិល្បៈ ព្រោះនាងមានទ្រព្យរាប់លានដុល្លារ តែនាងមិនដែលអួតអាងឬសម្ញែងឲ្យគេដឹងថាមានលុយច្រើនឡើយ ។សុជាតិ នៅបន្ដអាជីពពិធីការិនីចាប់ដៃជាមួយស្វាមីនាងទាំងនៅក្នុងស្ទីឌីយោហង្សមាស និងតាមក្រុមហ៊ុនAgency ដែល១រដូវក្ដៅរកលុយបានជាច្រើនម៉ឺនដុល្លារ ខណៈដែលហាងរក្សារសម្រស់របស់នាងពេលនេះបានតំណើរការជាង២០ឆ្នាំទៅហើយ ។យ៉ាងណាគេចាំមើលថាសុជាតិ ដែលមានវ័យជ្រេបន្ដិចទៅហើយនេះនាងនៅតែអាចនឹងយកកូនទី២ឬទី៤ នាពេលខាងមុខនេះបានទៀត ឬមិនអាចធ្វើឲ្យលោកវិបុល សប្បាយចិត្តជាងSurprise ថ្ងៃខួបកំណើតព្រោះតែគ្មានលទ្ធភាពបង្កើតកូនភ្លោះប្រុសបានជារៀងរហូត ?

ក្រៅពីគង់ សុជាតិ តារាមានគូស្នេហ៍ក្មេងជាងខ្លួនមានដូចជាអ្នកនាងខាត់ សុឃីម ,ប៉ាច គីមមួយ និងពេជ្រ សោភា ជាដើម ។ចំណែកតារាដែលចង់បានកូនភ្លោះដូចសុជាតិ ដែរ តែមិនទាន់បានសម្រេចមានដូចជាអ្នកនាងលី ម៉ារីណា ,នៅ សុនិតា និងហ៊ិន ច័ន្ទនីរ័ត្ន ជាដើម ៕





