ភ្នំពេញ៖តារាសម្ដែងលោកសាយ សៀរ៉ា នឹងដឹកដៃប្អូននាយទុយ នាងអ៊ឹង និមល ចេញទៅច្រៀងសម្ដែងនៅប្រទេសបារាំងរយៈពេល១ខែនៅដើមខែ១០ ខាងមុខនេះហើយ។ការចេញទៅបារាំងជាលើកទី២ របស់លោកសៀរ៉ា នេះក៍មានការរួមដំណើរពីអតីតតារាចម្រៀងផលិតកម្មSSB លោកហេង ប៊ុនលាភ ផងដែរ។

ក្នុងជំនួបតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៨ សីហា លោកសាយ សៀរ៉ា បានឲ្យដឹងថាកាលពីឆ្នាំ២០២៣ លោកធ្លាប់បបួលអ៊ឹង និមល ទៅច្រៀងសម្ដែងនៅបារាំងម្ដងហើយ តែពេលនោះនិមល អាកខានដោយសារតែគាត់ជាប់ថតរឿង«អប្សរា មហាអង្គរ» ដឹកនាំដោយលោកហ្វៃ សំអាង ប៉ុន្ដែឥឡូវគាត់ថាអាចចេញទៅបាន និងម្យាងចង់ស្គាល់ស្រុកគេផងដែរ ។តារាសម្ដែងមកពីខេត្តកំពង់ចាមរូបនេះក៍បានឲ្យដឹងដែរថាលោកធ្លាប់ច្រៀងConcerts ជាមួយនិមល និងថតស្ពតជាមួយគ្នាផងដែរ មុនចេញទៅច្រៀងនៅបរទេសរួមគ្នានេះ ។ដោយឡែកសម្រាប់លោកហេង ប៊ុនលាភ វិញលោកសៀរ៉ា ថាក៍ធ្លាប់បានថតស្ពត និងរឿងខ្លីៗជាមួយគ្នាផងដែរ ។

សាយ សៀរ៉ា ថារូបលោក និងលោកហេង ប៊ុនលាភ រួមទាំងកញ្ញាអ៊ឹង និមល ចេញទៅសម្ដែងនៅបារាំងលើកនេះតាមរយៈតាមរយៈសមាគមមួយនៅទីនោះ ហើយលោកក៍ដូចជាតារាទាំងពីរដួងខាងលើសុទ្ធតែអាចច្រៀងបទមរតកដើមបាន ហេតុនេះអត់មានការព្រួយបារម្ភច្រើនទេ ។ប៉ុន្ដែមូលហេតុដែលការសម្ដែងមានរយៈពេលខ្លីព្រោះនៅបារាំងមានទីតាំងសម្ដែងតិច ហេតុនេះបើទៅយូពេកខ្លាចខាតការងារនៅស្រុកខ្មែរទើបតាមគម្រោងទៅតែ១ខែគត់។

សាយ សៀរ៉ា ថាបន្ទាប់ពីទៅច្រៀងនៅបារាំងជាលើកទី២ នៅរដូវបុណ្យភ្ជុំបិណ្ឌនេះរួចរូបលោកមានគោលការណ៍ចង់ទៅច្រៀងនៅកាណាដា និងអាមេរិក នាពេលខាងមុខ ខណៈដែលការសម្ដែងរបស់លោកនៅប្រទេសអូស្រា្ដលីកាលពីឆ្នាំមុនទទួលបានការគាំទ្រច្រើន ព្រោះបងប្អូនខ្មែរនៅទីនោះស្រលាញ់សិល្បករខ្មែរណាស់ ។

ឆ្លើយតបសំណួរថាឃើញតែលោកសាយ សៀរ៉ា ប្រឹងរកលុយទាំងក្នុងនិងក្រៅស្រុកតើពេលណាទើបដល់ពេលវេលារៀបការប្រពន្ធនោះលោកថារឿងយកប្រពន្ធលោកធ្លាប់គិតដែរ ប៉ុន្ដែមិនដឹងម៉េចចេះតែឃ្វាងៗរហូត ដែលលោកថាចំណុចនេះអាចមកពីខ្លះគេគិតថាតារាប្រុសចឹងខិលខូចច្រើនហើយមើលទៅ ។ប៉ុន្ដែលោកថារឿងសំខាន់មួយទៀតដែលធ្វើឲ្យលោកបន្ដភាពនៅលីវមកដល់ពេលនេះព្រោះតែលោកផ្ដោតលើក្រុមគ្រួសារច្រើនជាងខ្លួនឯង ។ការលើកឡើងបែបនេះបន្ទាប់ពីសៀរ៉ា បានសាងសង់ផ្ទះវីឡារ១ខ្នងយ៉ាងប្រណិតជូនឪពុកម្ដាយលោកនៅស្រុកកំណើតខេត្តកំពង់ចាម ទើបធ្វើឲ្យទាំងក្នុងនិងក្រៅសិល្បៈសរសើរថាលោកសៀរ៉ា ថាពិតជាកូនដែលកត្តញូចំពោះឪពុកម្ដាយមែន ព្រោះលោកចេះធ្វើបុណ្យទាន់ខែភ្លឺ ។


ទាក់ទងរឿងអាជីពសម្ដែងវិញលោកសាយ សៀរ៉ា ថានៅឆ្នាំ២០២៤ នេះលោកមិនទាន់ទទួលបានការថតភាពយន្ដខ្នាតធំ ឬរឿងភាគនោះទេ គឺមានតែការថតរឿងខ្លីៗប៉ុណ្ណោះ តែបើមានផលិតករហៅថតលោកនឹងពេញចិត្តសម្ដែងដោយរីករាយ ព្រោះសិល្បៈជាជីវិតលោក។

សាយ សៀរ៉ា ថ្លែងថា« ជិតដាច់បាយហើយបង!នៅឆ្នាំ២០២៤ ខ្ញុំអត់ទាន់បានថតរឿងថ្មីទាំងរឿងដុំ និងរឿងភាគ គឺមានតែថតរឿងអប់រំខ្លីៗ និងស្ពត។អាជីពសិល្បៈខ្ញុំស្រលាញ់ខ្លាំងណាស់ អីចឹងឲ្យតែគេហៅខ្ញុំទទួលថតហើយ”៕