ភ្នំពេញ៖ពេជ្រ សោភា បានបង្ហូរទឹកនេត្រា នៅថ្ងៃទី២៦ សីហា ជាមួយសំណេរថាថ្ងៃនេះខ្ញុំមេម៉ាយ… ,ហើយនាងក៍ឆ្ងល់ពាក្យថាយកប្ដីនិងសង្សារថាតើខុសគ្នា យ៉ាងណាដែរទៅ ?Fan បានខមិនសួរថាតើមានរឿងអីទៀតហើយIdol បានយំ ?ខូចចិត្តព្រោះស្នេហាទៀតហើយមែនទេ ?តែសោភា មិនបកស្រាយឡើយ …។

អ្នកយកព័តមានយើងបានទូរស័ព្ទទៅពេជ្រ សោភា កាលពីរសៀលថ្ងៃទី២៧ សីហា តែនាងបែជានិយាយថាមិនមែនទាក់ទងនិងជីវិតឯកជនរបស់នាងទៅវិញ ប៉ុន្ដែនាងយំនោះពាក់ព័ន្ធជាមួយបទចម្រៀងដែលនឹងចេញនៅចុងខែ៨ ។អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនៅថ្ងៃដដែលនោះសោភា បានចេញសារហាក់អាក់អន់ស្រពោនចិន្ដា ទៅលើអ្នកណាម្នាក់ដោយនាងវាចាបែបតូចចិត្ត និងសង្កត់ថា”បើកន្លែងណា មិនមើលឃើញតម្លៃយើង យើងត្រូវតែដើរចេញ កុំស្ដាយព្រោះយើងមានតម្លៃជាយើង “។

នៅពេលត្រូវសួរពីសំណុចនេះថាតើសោភា មានរឿងមិនសប្បាយចិត្តជាមួយហង្សមាស ឬគ្រោងដើរចេញពីផលិតកម្មឬនោះនាងនិយាយយ៉ាងខ្លីថាគ្មានពាក់ព័ន្ធអ្វីទាំងអស់ជាមួយផលិតកម្ម តែនាងមានរឿងខ្លះនៅកន្លែងរកស៊ី… ។

ជុំវិញការហូរទឹកនេត្រារបស់ពេជ្រ សោភា ទាំងកណ្ដាលរាត្រី និងថាជីវិតនាងនៅតែជាស្រ្ដីមេម៉ាយនេះ លោកឆឹម សក្កដា ដែលជាគូដណ្ដឹងរបស់នាងគ្មានប្រតិកម្មអ្វីទាំងអស់នៅលើបណ្ដាញសង្គម ពោលគឺហាក់ដូចជាលែងក្វល់ពីគ្នារៀងៗខ្លួនតែម្ដង ខណៈដែលមុននេះអំឡុងពេលដែលសោភា រវល់តែកៀកកើយជាមួយបុរសរោមទ្រូងច្រើនលោកឆន សុវណ្ណារាជ នោះលោកសក្កដា ព្រមានធ្វើអត្តឃាតខ្លួនឯងម្ដងហើយម្ដងទៀតដោយអះអាងថាលោកកំពុងតែមានជំងឺផ្លូវចិត្ត និងត្រូវលេបថ្នាំជារៀងរាល់ថ្ងៃ ។

សូមបញ្ជាក់ថាពេជ្រ សោភា និងលោកឆឹម សក្កដា បានប្រកាសថាពួកគេបានភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី១១ ខែ១១ ឆ្នាំ២០២២ នឹងគ្រោងរៀបការនៅឆ្នាំ២០២៣ ប៉ុន្ដែតារារួមអាជីពនៅហង្សមាស បែជានាំគ្នាសើចទៅវិញពេលឭដំណឹងមួយនេះ។នៅឆ្នាំ២០២៣ លោកសក្កដា ថាគ្មានគម្រោងរៀបការទេ ព្រោះធ្វើមិនទាន់ ខណៈដែលសោភា បែជានិយាយថាឭរឿងរៀបការនាងដូចជា«ភ័យៗ» ។ដោយឡែកសម្រាប់ឆ្នាំ២០២៤ នេះសោភា បានចំណាយពេលវេលាជាមួយលោកសុវណ្ណារាជ ច្រើនជាងគូដណ្ដឹងរបស់ខ្លួន ទើបពេលនេះពួកគេកាន់តែរយាលៗពីគ្នា ហើយសូម្បីតែលោកសក្កដា ចង់ធ្វើអត្តឃាតក៍នាងថាអត់ដឹងរឿងអ្វីទាំងអស់ដែរ ។បើសិនជានៅតែបែបនេះតទៅទៀតនោះសោភា -សក្កដា ច្បាស់ជាប្រឈមហានិភ័យស្នេហាជាថ្មី ជាមិនខាន ។

សូមរំលឹកថាពេជ្រសោភា បានច្រៀងនៅហង្សមាសរយៈពេល២០ឆ្នាំហើយ តែ៤ឆ្នាំចុងក្រោយនេះនាងគ្មានដៃគូច្បាស់លាស់ទេ បន្ទាប់ពីព្រាប សុវត្ថិ ដើរចេញពីផលិតកម្មនេះកាលពីឆ្នាំ២០២០ ។ប៉ុន្ដែសោភា មានសម្ថភាពជាងតារាមួយចំនួននៅហង្សមាសព្រោះនាងអាចនិពន្ធបទចម្រៀង ដោយខ្លួនឯង ហេតុនេះដូចមាស សុខសោភា ថាសម័យនេះហើយទោះជាច្រៀងអត់ផលិតកម្មក៍នៅតែល្បីដែរ នោះគឺលំដាប់សោភា អាចផលិតបទចម្រៀងដោយខ្លួនឯងក៍នៅតែមានទីផ្សារដដែលជាមិនខាន ។ប៉ុន្ដែFan ចង់ឲ្យសោភា មានបទចម្រៀងច្រើនឡើងវិញលើទីផ្សារ បើទោះជានាងថាបានត្រៀមចេញបទថ្មីៗនៅរដូវបុណ្យភ្ជុំបិណ្ឌខាងមុខក៍ដោយ ។

ប្រភពបានឲ្យដឹងថាកាលពីឆ្នាំ២០២០ ពេជ្រ សោភា ក៍ត្រូវបានGalaxy ចង់ទិញនាងឲ្យធ្វើជាដៃគូរបស់លោកព្រាប សុវត្ថិ ដែរ តែពេលនោះនាងសម្រេចចិត្តបន្ដនៅហង្សមាស ដោយច្រៀងមិនប្រកាន់ដៃគូតារាប្រុសទេ តែពេលនេះអំឡុងពេលដែលតារាល្បីៗបានដើរចេញពីហង្សមាសជាបន្ដបន្ទាប់នោះនាងបែជាយំម្នាក់ឯង ៕

