ខេត្តកោះកុង ៖ មន្ត្រីសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ និងប្រជាសហគមន៍នេសាទពាមក្រសោប បានជួយសង្គ្រោះសត្វផ្សោត ១ក្បាល ដែលជាប់ឫសដើមកោងកាង ក្រោយផ្ទះប្រជាពលរដ្ឋ។
លោកផៃ សាវិន នាយសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ បានឱ្យដឹងនៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៤ ថា សត្វផ្សោត ១ក្បាល ជាប្រភេទ Risso’s Dolphin មានប្រវែង ២,៤០ម៉ែត្រ ទម្ងន់ប្រមាណ១២០គីឡូក្រាម។ នៅចំណុចលើក្បាលវា មានស្នាមមុតនឹងសំបកខ្យង និងឫសដើមកោងកាង អំឡុងទឹកជោរ វាបានហែលលេងនៅក្រោយផ្ទះពលរដ្ឋ លុះដល់ទឹកនាច ក៏ជាប់នឹងឫសដើមកោងកាង ជិត២ម៉ោង។
លោកផៃ សាវិន បន្ទាប់ទទួលព័ត៌មានរាយការណ៍ដោយពលរដ្ឋ លោកនិងពលរដ្ឋក្នុងសហគមន៍ពាមក្រសោប ប្រញាប់នាំគ្នាជួយសង្គ្រោះ ដឹកទៅលែងនៅតំបន់ទឹកជ្រៅ ស្ថិតក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ រដ្ឋបាលសង្កាត់រដ្ឋបាលស្មាច់មានជ័យ នឹងបន្ត តាមដានសកម្មភាពសត្វផ្សោត ១ក្បាលនេះ បន្ថែមទៀត ដើម្បីដឹងពីសុវត្ថិភាពរបស់វា។
មន្ត្រីសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ ក៏បានផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ បន្តចូលរួមការពារ អភិ រក្ស ថែរក្សាប្រភេទសត្វកម្រ ករណីនេសាទមកបរិភោគ ច្បាស់ជាមានទោសទណ្ឌមិនខាន៕