Friday, November 29, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្នងការបំភ្លឺ ចា.../ប់ចិន យកលុយ ចា.../ប់ខ្មែរ អនុវត្តច្បាប់

ស្នងការបំភ្លឺ ចា…/ប់ចិន យកលុយ ចា…/ប់ខ្មែរ អនុវត្តច្បាប់

ខេត្តស្ទឹងត្រែង ៖ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ បានចេញសេចក្តីបំភ្លឺព័ត៌មាន ឆ្លើយតបទៅនឹងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងអ្នកប្រើប្រាស់ TikTok ក្រោយពីទទួលបានព័ត៌មានអំពីការចុះផ្សាយរបស់សារព័ត៌មាន គេហទំព័រ និង TikTok ដែលបានយកវីដេអូរបស់ឈ្មោះឡុច វីរៈ បានចុះផ្សាយនិងបង្ហោះ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ដែលមានខ្លឹមសារ “ចិន មានលុយ ខ្មែរ សូមអង្វរ នគរបាលចរាចរណ៍ គោលដៅវាលរំពេ ចំណុចអូរពងមាន់ ខេត្តស្ទឹងត្រែង! ចាប់ជនជាតិចិន សម្រួលយកលុយ ចាប់ខ្មែរ អនុវត្តច្បាប់ ហ៊ឺ! វាសនាខុសគ្នាមែន!”។

ឆ្លើយតបចំពោះអ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងអ្នកប្រើប្រាស់ TikTok ខាងលើ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សូមជម្រាបជូនថា ៖ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ កម្លាំងការិយា ល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានដាក់គោលដៅត្រួតពិនិត្យ រឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅចំណុចវាលរំពេ ភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ផ្លូវ ជាតិលេខ៧៨ ចន្លោះគីឡូម៉ែត្រលេខ០៧-០៨ ដោយអនុវត្តបាញ់ល្បឿនកំណត់ផ្លាកសញ្ញា ៨០គីឡូម៉ែត្រក្នុង មួយម៉ោង បានធ្វើការផាកពិន័យទៅលើរថយន្ត ១គ្រឿង ម៉ាក FORD ពាក់ស្លាកលេខ ភ្នំពេញ 2B0-0863 បើកបរដោយឈ្មោះឡុច វីរៈ ភេទប្រុស អាយុ៣៩ឆ្នាំ ដែលបើកបរល្បឿន ១២៨គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលច្បាប់ចរាចរណ៍ផ្លូវគោក កំណត់លើសល្បឿន ចាប់ពី ៤០គីឡូម៉ែត្រ ឡើងទៅ ត្រូវពិន័យជាថវិកាចំនួន ៣០ម៉ឺនរៀល និងកាត់ពិន្ទុប័ណ្ណបើកបរ ចំនួន៤ពិន្ទុ ដោយមន្ត្រីនគរបាលអនុវត្តច្បាប់ចរាចរណ៍ បានចេញបង្កាន់ដៃពិន័យ ទៅឱ្យលោកឡុច វីរៈ ទៅតាមច្បាប់ចរាចរណ៍ផ្លូវគោក។

លោក ឡុច វីរៈ បានយកវីដេអូនៅក្នុងកាមេរ៉ារថយន្តរបស់ខ្លួន ធ្វើការបង្ហោះចែកចាយដល់សារព័ត៌មាន ដោយនិយាយចោទមកលើលោកអនុសេនីយ៍ឯក សុវណ្ណ វីរៈ ជានាយរងផ្នែក នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក យកលុយពីជនជាតិចិន គឺជារឿងមិនពិត។ ដោយរថយន្តម៉ាកស្តារិច ១គ្រឿង បើកបរដោយជនជាតិចិន ក្នុងល្បឿន ៩០គីឡូម៉ែត្រ ក្នុងមួយម៉ោង ត្រូវបានមន្ត្រីនគរបាលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ធ្វើការបញ្ឈប់រថ យន្ត ធ្វើការអប់រំណែនាំ និងបានធ្វើការត្រួតពិនិត្យទៅលើប័ណ្ណបើកបររបស់ជនជាតិចិន មានសុពលភាពត្រឹមត្រូវ ពីព្រោះល្បឿននេះ ត្រឹមតែធ្វើការអប់រំណែនាំ មិនមានការពិន័យ ឬបានយកលុយពីជនជាតិចិន ខាងលើនោះទេ ក៏អនុញ្ញាតឱ្យធ្វើដំណើរបន្ត។

ក្រោយពីដឹងកំហុសឆ្គងរបស់ខ្លួន លោកឡុច វីរៈ ក៏បានសុំធ្វើការលុបវីដេអូ និងបានចេញវីដេអូធ្វើការសុំទោសដែលនិយាយប៉ះពាល់ដល់កិត្តិយសមត្ថកិច្ច ក៏ដូចជាមន្ត្រីនគរបាលដែលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។

ស្នងការដ្ឋាននគរបាលខេត្ត រង់ចាំទទួលស្វាគមន៍ជានិច្ចនូវរាល់ការចូលរួមកែលម្អក្នុងន័យស្ថាបនា ដោយស្មារតីទទួលខុសត្រូវខ្ពស់…៕

RELATED ARTICLES