ខេត្តកំពង់ឆ្នាំង ៖ រថយន្តយីឌុប ១គ្រឿង ធ្លាប់បានធ្វើសកម្មភាពដឹកកម្ទេចលៀសខុសច្បាប់ ក្នុងរដូវបិទនេសាទ នៅក្នុងខេត្តកំពង់ឆ្នាំង និងត្រូវបានសមត្ថកិច្ចនគរបាលស្រុករលាប្អៀរ ធ្វើការចាប់ឃាត់ បានចំនួន២លើក រួចមកហើយ លុះលើកទី៣ រថយន្តដដែល បានដោះដូរពាក់ស្លាកលេខក្លែងក្លាយ ធ្វើសកម្មភាពដឹកលៀសខុសច្បាប់ម្តងទៀត ត្រូវសមត្ថកិច្ចជំនាញចាប់ឃាត់ទាំងរថយន្តនិងម្ចាស់រថយន្ត បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់។
លោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រាប់ឱ្យដឹងថា បន្ទាប់ពីចាប់ឃាត់រថយន្តនេះ ធ្វើ សកម្មភាពដឹកជញ្ជូនផល អនុផលជលផល ដោយមិនមានច្បាប់អនុញ្ញាត លោកក៏បានធ្វើការកោះអញ្ជើញម្ចាស់ដឹកកម្ទេចលៀស ដែលជាផលអនុផលជលផល ឱ្យចូលខ្លួន មកធ្វើការដោះស្រាយជាច្រើនសប្តាហ៍កន្លងមកហើយ ទើបតែចូលខ្លួនមកធ្វើការដោះស្រាយរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ។
បន្ទាប់ពីធ្វើការសាកសួរ មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង រកឃើញថា ពួកគេពិតជាបានដឹកជញ្ជូនផលអនុផលជលផល ដោយ មិនមានច្បាប់អនុញ្ញាត ទើបមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផល សម្រេចធ្វើការផាកពិន័យទ្វេដង គិតជាទឹកប្រាក់ចំនួន ១៥លានរៀល។ ដោយឡែក ពាក់ព័ន្ធនឹងរថយន្តដឹកជញ្ជូនផលអនុផលជល ផលដោយខុសច្បាប់ខាងលើនេះដែរ ត្រូវបានបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នង ការដ្ឋាននគរបាលខេត្ត អនុវត្តនីតិវិធីបន្ត ដោយសារតែសមត្ថកិច្ចនគរបាលរកឃើញថា ម្ចាស់រថយន្ត មានការពាក់ព័ន្ធនឹងការប្រើប្រាស់ឯកសារក្លែង។
លោកវរសេនីយ៍ឯក លី ណា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ថា រថយន្តនេះ ពិតជាមានបទល្មើស យោងតាមមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ ស្តីពីការប្រើប្រាស់ឯកសារសាធារណៈក្លែង។ ករណីនេះ លោកបានបន្តនីតិវិធី ដោយបានកសាងសំណុំរឿង បញ្ជូនទៅកាន់ស្ថាប័នតុលាការ ចាត់ការបន្តតាមនីតិវិធីរួចរាល់ហើយដែរ។
យោងតាមការបញ្ជាក់ពីសមត្ថកិច្ច ដែលចាប់ឃាត់រថយន្តនេះ កន្លងមក ចំពោះរថយន្តយីឌុបមួយគ្រឿង ម៉ាកហ៊ីយុនដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0591 ដឹកកម្ទេចលៀស នៅក្នុងរដូវបិទនេសាទ ដោយខុសច្បាប់ ត្រូវបានសមត្ថកិច្ចស្រុករលាប្អៀរ ធ្វើការចាប់ឃាត់បានចំនួន៣ដង។ រថយន្តនេះ បានដឹកជញ្ជូនកម្ទេចលៀស ចេញពីចំណុចភូមិវត្តថ្នល់ ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលដឹកលើកចុងក្រោយ ត្រូវបានសមត្ថកិច្ចចាប់ឃាត់បានជាលើកទី៣ នៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅពេលដែលរថយន្តនេះ ធ្វើសកម្មភាពដឹកជញ្ជូនកម្ទេចលៀសខុសច្បាប់ម្តងទៀត។
ការចាប់លើកទី៣ រថយន្តនេះត្រូវបានដោះដូរស្លាកលេខថ្មី ប៉ុន្តែក្រដាសបង់ពន្ធផ្លូវ និងក្រដាសឈៀកអាជីវកម្ម និងឯកសារផ្សេងៗដែលបិទនៅកញ្ចក់រថយន្ត សមត្ថកិច្ចរកឃើញថា ជារថយន្តដដែល៕