បាងកក (ថៃ) ៖ បណ្តាញព័ត៌មានថៃ ល្បីឈ្មោះមួយ បានផ្សាយឃ្លីបវីដេអូ អមជាមួយសំណេរជាអក្សរ បរិ យាយពីភូមិគ្រឹះសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ជាឪពុកនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ថា ជាភូមិគ្រឹះដ៏ស្កឹមស្កៃអស្ចារ្យ ធំជាងវាំងទៅទៀត។

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បណ្តាញព័ត៌មានថៃ ខាវសុត បានផ្សាយនូវឃ្លីបវីដេអូមួយ ដែលធ្លាប់បានបង្ហោះតាមបណ្តាញសង្គម នាពេលកន្លងទៅ ស្តីពីភូមិគ្រឹះរបស់សម្តេចហ៊ុន សែន នៅក្រុងតាខ្មៅ ដោយអមជាមួយសំណេរជាអក្សរ ពណ៌នាពីជីវភាពរស់នៅដ៏សុខសាន្តរបស់សម្តេចហ៊ុន សែន ក្រោយដកខ្លួនពីតំណែង នាយករដ្ឋមន្ត្រី ជាពិសេសបណ្តាញព័ត៌មានថៃ មួយនោះ បានប្រៀបធៀបថា ភូមិគ្រឹះសម្តេចហ៊ុន សែន ធំជាងវាំង ទៅទៀត។

ក្នុងឃ្លីបវីដេអូ ជាបទពិពណ៌នា ដែលបណ្តាញព័ត៌មានថៃ ខាវសុត បានយកមកផ្សាយនោះ ត្រូវបានគេដាក់ ចំណងជើងថា «បើកបង្ហាញភូមិគ្រឹះសម្តេចហ៊ុន សែន ដ៏ស្កឹមស្កៃ ធំជាងវាំង» ជាមួយការពិពណ៌នាជាអក្សរថៃ ដែលយើងសូមបកប្រែក្រៅផ្លូវការ ដូចខាងក្រោម ៖
-ផ្ទះសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា។ អតីតនាយករដ្ឋមន្ត្រី រស់នៅជាមួយភរិយា និងកូនចៅ មានគ្រប់វត្ថុជំនួយភាពងាយស្រួល ជណ្តើរយន្ត អាងហែលទឹក ទីលានវាយកូនគោល ។ល។
-ហ៊ុន សែន ហែលទឹកលេងជាមួយភរិយា ប៊ុន រ៉ានី នៅអាងហែលទឹក ស្ថិតនៅខាងក្រោយភូមិគ្រឹះ មានសេចក្តីសុខសប្បាយរីករាយ។
-សម្តេចហ៊ុន សែន ទទួលទានអាហារជាមួយគ្រួសារ ។

-ហ៊ុន សែន គ្រប់គ្រងអំណាចនៅកម្ពុជា ក្នុងតំណែងជានាយករដ្ឋមន្ត្រី ច្រើនសិបឆ្នាំ មុនពេលប្រគល់ឲ្យកូនប្រុស ហ៊ុន ម៉ាណែត គ្រប់គ្រងបន្ត។ បច្ចុប្បន្ន ហ៊ុន សែន ជាប្រធានព្រឹទ្ធសភាកម្ពុជា ។
-ហ៊ុន សែន រៀបការជាមួយប៊ុន រ៉ានី នៅឆ្នាំ១៩៧៦ មានបុត្រធីតា ៥នាក់ ដែលរួមទាំង ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន និងហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី ។
-បច្ចុប្បន្ន ហ៊ុន សែន នៅតែមានឥទ្ធិពលយ៉ាងខ្ពស់ នៅក្នុងកិច្ចការនយោបាយកម្ពុជា ទោះបីជាបានលាលែងពីតំណែងនាយករដ្ឋមន្ត្រី ហើយក៏ដោយ ប៉ុន្តែនៅកាន់តំណែងសំខាន់ៗ ទាំងប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រ ប្រធានព្រឹទ្ធសភាកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា។

គួរបញ្ជាក់ដែរថា ការផ្សាយនូវឃ្លីបវីដេអូ បង្ហាញពីភូមិគ្រឹះសម្តេច ហ៊ុន សែន របស់បណ្តាញព័ត៌មានអនឡាញថៃ ខាវសុត ខាងលើនេះ មានជនជាតិថៃ បានចូលទៅបញ្ចេញយោបល់ជាច្រើនទៅតាមការយល់ឃើញរៀងៗខ្លួន តែភាគច្រើនបានរិះគន់វាយប្រហារមកលើសម្តេច អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងខ្លះថាជាសម្តេច អាយដល របស់អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលជាបងធម៌របស់សម្តេចហ៊ុន សែន ខណ:ប្រជាជនកម្ពុជា ភាគច្រើនដែលគាំទ្រសម្តេចហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ចាត់ទុកសម្តេច ជាអគ្គមគ្គុទេសក៍ឯករបស់កម្ពុជា ដែលរំដោះជាតិនិងប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងនាំឲ្យប្រទេសកម្ពុជា មាន ការបង្រួបបង្រួមជាតិ សន្តិភាព និងការអភិវឌ្ឍ មកដល់សព្វថ្ងៃ៕ ខៀវទុំ



