ភ្នំពេញ៖តារាចម្រៀងសម្លេងខ្លាំងសម្ថភាពមិនចាញ់ឱក សុគន្ធកញ្ញា នាងវី ឌីណែត ដែលជាកូនស្រីរបស់លោកហួរ ឡាវី នោះបានចេញសារនៅថ្ងៃទី២៧ សីហា ថាបទចម្រៀងថ្មីៗរបស់នាងនឹងចេញក្នុងពេលដ៍ឆាប់ៗខាងមុខនេះហើយ តែចេញនៅលើយូធូបរបស់នាង ដែលមានន័យថាមិនមែនចេញនៅលើហង្សមាសដូចសព្វដងនោះទេ ។ចំណុចនេះធ្វើឲ្យមានការសង្ស័យថាភាគរយខ្ពស់ឌីណែត បានចេញពីហង្សមាសបាត់ទៅហើយបានជាចម្រៀងរបស់នាងឈប់ចេញនៅផលិតកម្មហង្សមាសបែបនេះ ។

វី ឌីណែត ទូរស័ព្ទមិនចូលទេកាលពីពេលថ្មីៗនេះទើបមិនទាន់អាចសុំការបំភ្លឺពីនាងបានឡើយ ។ដោយឡែកលោកហួរ ឡាវី ជាឪពុករបស់ឌីណែត វិញបានប្រាប់«នគរធំ» តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៨ សីហា ថាកូនស្រីគាត់ប្រហែលជាចេញពីហង្សមាសមែនហើយ ព្រោះផុតកុងត្រា ។

ឪពុកវី ឌីណែត តារាចម្រៀងជើងចាស់សំនៀងស្អកលោកហួរ ឡាវី ថ្លែងថា”តាមមើលណែត ចេញមែនហើយ។តែខ្ញុំមិនច្បាស់ទេ ព្រោះកូនស្រីម្នាក់នេះមានរឿងអីក៍មិនដែលប្រាប់ខ្ញុំដែរ គេចង់ធ្វើអ្វីដែលខ្លួនគេចង់ធ្វើ។មើលទៅអាណែត ផុតកុងត្រាជាមួយហង្សមាសហើយ ព្រោះច្រៀងនៅហ្នឹងយូហើយដែរ” ។

លោកហួរ ឡាវី បន្ថែមថារឿងកូនស្រីលោកចង់ច្រៀងឲ្យហង្សមាសតទៅទៀត ឬឈប់ច្រៀង ឬចូលផលិតកម្មណានៅលើការសម្រេចចិត្តរបស់កូនលោកមិនលូកដៃចូលរឿងមួយនេះឡើយ ។ប៉ុន្ដែលោកថាថ្មីៗនេះលោកឃើញកូនចេញទៅថតបទចម្រៀងជាបន្ដបន្ទាប់ដែរ អីចឹងលោកគិតថាណែត អាចចូលឬត្រៀមចេញបទថ្មីនៅផលិតថ្មីក៍ថាបាន។

វី ឌីណែត បានចុះកុងត្រា៥ឆ្នាំ នៅហង្សមាសកាលពីឆ្នាំ២០១៤ ហើយនៅឆ្នាំ២០១៩ នាងផុតកុងត្រា និងនៅឆ្នាំ២០២០ មានព័តមានថានាងចង់ចេញពីផលិតកម្មមួយនេះម្ដងរួចទៅហើយ ប៉ុន្ដែក្រោយមកនាងសម្រេចចិត្តច្រៀងដោយគ្មានការកុងត្រាជាមួយហង្សមាសជិត៤ឆ្នាំចុងក្រោយនេះ ទើបលេចឭថានាងអស់និស្ស័យជាមួយផលិតកម្មនេះនៅត្រឹមចុងឆ្នាំ២០២៤ ។ដំណឹងឌីណែត លែងច្រៀងឲ្យហង្សមាសតទៅទៀតនេះកើតមានក្រោយពីមុននេះរ៉េត ស៊ូហ្សាណា ដែលជាតារាសំខាន់របស់ហង្សមាសម្នាក់ដែរបានបង្ហាញខ្លួននៅផលិតកម្មបារមី និងមានដំណឹងថាសុគន្ធ និសា ក៍បានចាកចេញហើយដែរ តែលោកកៅ សីហា អ្នកដឹកនាំហង្សមាសច្រានចោល ខណៈដែលតារាប្រុសល្បីៗរបស់ហង្សមាសមួយចំនួនទៀតក៍បានដើរចេញជាបន្ដបន្ទាប់គ្នាតែម្ដង ។ប្រភពបានឲ្យដឹងថាមូលហេតុដែលតារាខ្លាំងៗបានស្ពាយបង្វេចចេញពីហង្សមាសដូចទឹកបាក់ទំនប់បែបនេះដោយសារតែផលិតកម្មធំនេះគិតតែពីជ្រើសតារាថ្មីៗតាមរយៈការប្រលងចម្រៀងមកគរជាន់ជើងគ្នា ធ្វើឲ្យតារាមានស្រាប់លែងមានបទច្រៀង ទើបនាំឲ្យទីផ្សាររបស់ពួកគេធ្លាក់ចុះ ព្រោះស្ងប់ស្ងាត់លែងមានបទល្បីៗដូចមុនទៀតហើយ ។

គួរបញ្ជាក់ថាវី ឌីណែត ជាតារាវ័យក្មេងដែលអាចច្រៀងប្រភេទបទខ្ពស់ៗបានដោយគ្មានឧបស័គ្គឡើយ បើទោះជានាងមានជំងឺពកក ហើយគ្រូពេទ្យតម្រូវឲ្យនាងលេបថ្នាំជាប្រចាំ និងឌីណែត ថាជំងឺមួយនេះរំខានខ្លាំងដល់អាជីពនាងក៍ដោយ ។ទាក់ទងរឿងជំងឺរបស់ឌីណត នោះលោកឡាវី ថាពេលនេះកូនស្រីមានសុខភាពល្អឡើងវិញហើយ និងការប្រើប្រាស់សម្លេងរបស់នាងមិនមានបញ្ហាចោទទេ ។

ការលេចឭថាវី ឌីណែត ចេញពីហង្សមាសនាពេលនេះចំពេលដែលរឿងស្នេហារបស់នាងក៍គ្មានតម្រុយនាងនិងបុរសម្នាក់ដែលនាងធ្លាប់កៀកកើយនិងយកស្ទីគ័របិទមុខនោះអាចឈានទៅដល់តំណាក់កាលដឹកដៃគ្នាចូលរោងការដែរ ព្រោះតាំងពីផ្ទុះកូវីដរហូតមកដល់ពេលនេះ កូនក្រមុំលោកហួរ ឡាវី លែងបង្ហាញរូបកៀកកើយជាមួយបុរសនោះទៀតហើយ ។ប្រភពបានឲ្យដឹងថាឌីណែត មានអារម្មណ៍ស្រងូតស្រងាត់ខ្លាំងតាំងពីម្ដាយនាងលោកស្រីងឿន សុផានី ស្លាប់ដោយសារតែជំងឺកូវីដកាលពីខែមីនា ឆ្នាំ២០២១ ទើបពេលនេះនាងមិនចង់គិតរឿងរៀបការឆាប់ៗនោះទេ ៕

