ភ្នំពេញ ៖ ក្រោយពីមានជនខិលខូច បានធ្វើសកម្មភាពកាត់តក្លែងបន្លំ QR Code ឆបោកប្រាក់ពីប្រជាពលរដ្ឋដែលបរិច្ចាគដល់ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” រួចមក សមត្ថកិច្ចជំនាញ បានបើកការស្រាវ ជ្រាវជាបន្ទាន់ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ នាំយកមកចាត់ការតាមច្បាប់។
ជនសង្ស័យដែលក្លែងបន្លំ QR Code “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” និងត្រូវសមត្ថកច្ចិចាប់ឃាត់ខ្លួន មានឈ្មោះសុំ កញ្ចណាក់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាអ្នករត់តុ។
ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបគេនិងបក្ខពួក ពិតជាបានក្លែងបន្លំ QR Code ភ្ជាប់ជាមួយលិខិតថ្លែងអំណរគុណរបស់សម្តេចនាយករដ្ឋមន្ត្រី និងបានផ្ញើទៅ Group Telegram មួយ ដែលមានឈ្មោះថា “មូលធិនិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន” ក្នុង គោលបំណងក្លែងបន្លំឱ្យប្រជាពលរដ្ឋផ្ញើថវិកាចូលមកគណនីរបស់ខ្លួន។
ជនសង្ស័យ បានសារភាពថា ខ្លួននិងបក្ខពួក ពិតជាបានក្លែងបន្លំ កាត់ត QR Code និងផ្ញើចូល Group Telegram ដើម្បីឆបោកប្រជាពលរដ្ឋ ឱ្យវេរប្រាក់ឱ្យខ្លួននិងបក្ខពួក ប្រាកដមែន។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។
សូមបញ្ជាក់ថា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ទំព័របណ្តាញសង្គម ហ្វេសប៊ុក សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានថា «សូមជម្រាបជូនសាធារណជន មេត្តា ជ្រាបថា តាមប្រភពព័ត៌មាន មានជនឆ្លៀតឱកាសបានប្រើប្រាស់រូបភាពកេងចំណេញ ដោយយកលិខិតថ្លែងអំណរគុណរបស់សម្តេចធិបតី បានផ្សព្វផ្សាយចេញជាបន្តបន្ទាប់ ទៅផ្ញើជូនដោយសម្ងាត់ ទៅបងប្អូន អ៊ំពូមីង តាយាយមួយចំនួន ដោយស្នើសុំជាទឹកចិត្តមួយចំនួន សម្រាប់ផ្តល់ជូនក្រុមការងារ ដោយបញ្ជាក់ថា ខ្លួនជាក្រុមការងាររៀបចំលិខិតថ្លែងអំណរគុណ។
សូមបញ្ជាក់ថា ការធ្វើលិខិតថ្លែងអំណរគុណ គឺក្រុមការងារបាននិងកំពុងបំពេញភារកិច្ចយ៉ាងសកម្ម ហើយខិតខំធ្វើដោយយកចិត្តទុកដាក់ សហការខ្ពស់ជាមួយនឹងក្រុមការងារពាក់ព័ន្ធទាំងអស់ រួមនិងធនាគារ ដើម្បីធ្វើឲ្យប្រាកដថា ឈ្មោះត្រឹមត្រូវ និងតួលេខនៃការចូលរួមផងដែរ។ ក្រុមការងារទទួលបន្ទុករៀបចំបោះពុម្ភលិខិតថ្លែងអំណរគុណ និងផ្សព្វផ្សាយ គឺធ្វើដោយមិនតម្រូវឲ្យមានការបង់ប្រាក់ ឬជាថ្នូរនៃទឹកចិត្តណាមួយសម្រាប់ក្រុមការងារនោះឡើយ។
ដូចនេះសូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន ហើយប្រសិនបើមានការប្រព្រឹត្តិដូចករណីខាងលើ សូមរាយ ការណ៍មកជាបន្ទាន់ តាមរយៈផេក និង Telegram Channel ផ្លូវការរបស់សម្តេចធិបតី ដើម្បីឲ្យសមត្ថកិច្ចចាត់ វិធានការយ៉ាងតឹងរ៉ឹងចំពោះជននោះ»៕