ខេត្តស្វាយរៀង ៖ បុរសម្នាក់ បានដឹកប្រពន្ធទៅសម្ភាសន៍ការងាររោងចក្រ ស្រាប់តែប្រពន្ធទៅបាត់ មិនឃើញត្រឡប់មកផ្ទះវិញ ធ្វើឱ្យប្តីភ័យឆោឡោតាមស្វែងរកអស់ ៥ថ្ងៃ ទើបឃើញប្រពន្ធវិលត្រឡប់មកវិញ ដោយប្រាប់ប្តីថា នាងរវល់ទៅដើរលេងជាមួយមិត្តភក្តិ ធ្វើឱ្យប្តីហួសចិត្តយ៉ាងខ្លាំង។
ស្ត្រីជាប្រពន្ធដែលបាត់ខ្លួន៥ថ្ងៃ ទើបត្រឡប់មកផ្ទះវិញនោះ មានឈ្មោះជុត រស្មី មានប្តីឈ្មោះសុង ហាក់សែ មុខរបរកម្មកររោងចក្រ និងមានលំនៅក្នុងភូមិតាមុំ ឃុំពោធិរាជ ស្រុកស្វាយជ្រុំ។ ស្ត្រីជាប្រពន្ធរូបនេះបានបាត់ខ្លួនតាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ រហូតមកដល់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ទើបត្រឡប់មកផ្ទះវិញ។
តាមសម្តីបុរសជាប្តី ឈ្មោះសុង ហាក់សែ បានរៀបរាប់ប្រាប់ថា គាត់បានបាត់ប្រពន្ធ ឈ្មោះជុត រស្មី តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ដោយនៅថ្ងៃកើតហេតុនោះ គាត់បានដឹកប្រពន្ធទៅសម្ភាសន៍ការងាររោងចក្រ នៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ពេលទៅដល់ គាត់បានដាក់ប្រពន្ធចុះនៅកន្លែងរោងចក្រដែលនាងត្រូវធ្វើតេស្ត រួចក៏ជិះម៉ូតូបន្តដំណើរទៅធ្វើការនៅរោងចក្រមួយផ្សេងទៀត រហូតដល់ម៉ោងបាយថ្ងៃត្រង់ គាត់ត្រឡប់មករកប្រពន្ធ បំណងដឹកប្រពន្ធត្រឡប់ទៅផ្ទះ ស្រាប់តែមិនឃើញប្រពន្ធសោះ នឹក ស្មានថានាងទៅផ្ទះមុនបាត់ទៅហើយ តែពេលទៅដល់ផ្ទះ មិនឃើញប្រពន្ធ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ តាមស្វែងរកប្រពន្ធ តែមិនឃើញ សូម្បីតែទូរស័ព្ទ ក៏មិនអាចទាក់ទងបាន។
បុរសជាប្តី បន្តថា បន្ទាប់ពីតាមរកប្រពន្ធ អស់រយៈពេល៣ថ្ងៃ នៅតែមិនឃើញ ទើបនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ គាត់ដាច់ចិត្តពឹងពាក់អ្នកសារព័ត៌មាន ដើម្បីឡាយផ្ទាល់ ផ្សាយរកប្រពន្ធ ក្រែងប្រពន្ធបានឃើញ វិលត្រឡប់មករកប្តីនិងកូនវិញ។
តាមប្រភពព័ត៌មានចុងក្រោយពីក្រុមគ្រួសារស្ត្រីដែលបាត់ខ្លួនខាងលើ បានឱ្យដឹងថា រហូតមកដល់ថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២៤ ស្ត្រីជាប្រពន្ធរូបនោះ បានវិលត្រឡប់មកផ្ទះវិញហើយ ធ្វើឱ្យបុរសជាប្តី និងក្រុមគ្រួសារ មាន ការរំភើបចិត្តយ៉ាងខ្លាំង។ លុះក្រោយពីសួរនាំរកហេតុផល ស្ត្រីជាប្រពន្ធ បានឆ្លើយប្រាប់ថា មូលហេតុដែលនាងបាត់ខ្លួនប៉ុន្មានថ្ងៃនេះ គឺដោយសារជាប់រវល់ ដើរលេងជាមួយមិត្តភក្តិ៕