Tuesday, September 17, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួ.../ចម៉ូតូមាន GPS ប៉ូលិសតាមចា.../ប់ដល់ផ្ទះ

លួ…/ចម៉ូតូមាន GPS ប៉ូលិសតាមចា…/ប់ដល់ផ្ទះ

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង បានសម្រេច ព្រមទាំងលុយកាក់ និងទូរស័ព្ទរបស់ជនរងគ្រោះទៅជាមួយផង ហើយបានគេចខ្លួនបាត់ លុះម្ចាស់ម៉ូតូដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ តាមស្វែងរកតាមរយៈប្រព័ន្ធ GPS ដែលភ្ជាប់ ជាមួយម៉ូតូ ប្រទះឃើញទីតាំងច្បាស់លាស់ លុះសមត្ថកិច្ចចុះទៅដល់ ឃើញតែម៉ូតូ ខណៈដែលជនសង្ស័យបានរត់គេចខ្លួនបាត់។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅចំណុចភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ។

ជនរងគ្រោះ មានឈ្មោះពេជ្រ ចាន់ទី ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានលំនៅបច្ចុប្បន្ន ភូមិ ជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ បានបាត់បង់ ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ស្លាកលេខ ភ្នំពេញ 1KT-5685។ លុយនួន១៨ម៉ឺនរៀល និងទូរស័ព្ទដៃ ១គ្រឿង ម៉ាក OPPO។ចំណែកជនសង្ស័យ ដែលកំពុងរត់គេចខ្លួន មានឈ្មោះមាស សង្ហា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិអណ្តូងតាសី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ជនសង្ស័យ កន្លងមកធ្លាប់ជាប់ពន្ធនាគារ ចំនួន២លើករួចមកហើយ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៩និង៣៥នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ជនរងគ្រោះបានយកម៉ូតូ ១គ្រឿង ខាងលើ មកដាក់ក្បែរគ្រែជាប់ក្បាលដំណេក ក្រោមផ្ទះ និងបានចាក់សោម៉ូតូត្រឹមត្រូវ ហើយយកសោម៉ូតូដាក់ក្នុងហោប៉ៅខោខូវប៊យ ព្យួរជាប់នឹងសសរផ្ទះ បន្ទាប់មកជនរង គ្រោះនិងប្តី បានដេកលក់ជាមួយកូន២នាក់ទៀត។

ប្រភពដដែល បន្តថា លុះដល់វេលាម៉ោង១និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ប្តីជនរងគ្រោះបានងើបទៅបត់ជើងតូច ស្រាប់តែបាត់ម៉ូតូពីក្រោមផ្ទះ។ ភ្លាមៗនោះ ប្តីជនរងគ្រោះ បានដើរឡើងទៅលើផ្ទះ យកសោម៉ូតូរបស់ប្អូនប្រុស ជិះរកមើលតាម ផ្លូវជាតិលេខ១ ចំណែកជនរងគ្រោះ ក៏ឆែកមើលក្នុងហោប៉ៅខោរបស់ខ្លួន ក៏មិនឃើញប្រាក់ចំនួន១៨ម៉ឺនរៀល និងទូរស័ព្ទដៃ ម៉ាក OPPO ១គ្រឿងទៀតដែរ។

លុះព្រឹកឡើង ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សំរោងធំ  ឱ្យជួយអន្តរាគមន៍។  ក្រោយពីការស្រាវ ជ្រាវនិងសាកសួរ ជនរងគ្រោះបានប្រាប់ថា ម៉ូតូរបស់ខ្លួនមានភ្ជាប់ប្រព័ន្ធតាមដាន (GPS) ហើយភ្លាមនោះ កម្លាំងសមត្ថកិច្ចបានឆែកតាមរយៈ GPS ឃើញទីតាំងម៉ូតូនៅក្នុងផ្ទះមួយកន្លែង ឋិតក្នុងភូមិអណ្តូងតាសី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

បន្ទាប់ពីកំណត់ទីតាំងច្បាស់លាស់ហើយ កម្លាំងជំនាញស្រុក បានសុំគោលការណ៍មេ ចុះទៅសហការជាមួយកម្លាំងជំនាញក្រុងស្វាយរៀង ចុះដល់កន្លែងទុកម៉ូតូ ពេលទៅដល់ ឃើញតែម៉ូតូជនរងគ្រោះ ចំណែកជន សង្ស័យ គេចខ្លួនបាត់តាំងពីយប់មកម៉្លេះ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបានធ្វើការដកហូតម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ រង់ចាំស្រាវជ្រាវរកជនសង្ស័យ នាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES