ភ្នំពេញ៖កុល ដាវី បានជួបទុក្ខធំបង្ហូរទឹកនេត្រា ឡើងហើមភ្នែក ព្រោះតែលោកឪពុកជាទីស្រលាញ់របស់នាងឈ្មោះកុល បុត្រ បានទទួលមរណភាពកាលពីថ្ងៃទី២៩ សីហា ដោយជំងឺទឹកនោមផ្នែម ។កុល ដាវី និយាយទាំងក្រៀមក្រំថាប៉ានាងទៅដោយមិនបានលា ហើយនាងបួងសួងសូមឲ្យលោកឪពុកទៅកាន់ទីស្ងប់សុខ ។ដោយឡែកលោកសុខ រក្សា ស្វាមី ដាវី វិញថ្លែងទាំងទឹកមុខស្រងូតស្រងាត់ថាសូមវិញ្ញាណក្ខន្ធប៉ាក្មេក បានទៅកាន់សុខគតិភព កូនៗមកជូនដំណើរប៉ាចុងក្រោយ ។
តារារួមអាជីពនិងFan របស់ដាវី -រក្សា បានខមិនសាររំលែកទុក្ខជាបន្ដបន្ទាប់ ខណៈដែលប្ដីប្រពន្ធតារា១គូនេះក៍បានផ្អាកអាជីវកម្មរៀងៗខ្លួនដើម្បីធ្វើបុណ្យឲ្យឪនិងឪក្មេកតាមប្រពៃណីខ្មែរ ។ប្រភពបានឲ្យដឹងថាឪពុករបស់ដាវី មានជំងឺទឹកនោមផ្អែមជាង១០ឆ្នាំមកហើយ និងមានអាការៈចេះតែឈឺចង្កេះផងដែរ មុនទទួលមរណភាព និងបើតាមម្ដាយរបស់ដាវី បាននិយាយប្រាប់កូនៗថាលោកបុត្រ បានរអិលដួលទើបធ្វើឲ្យសុខភាពលោកកាន់តែដុនដាបត្រឹមតែ១ថ្ងៃប៉ុណ្ណោះសង្រ្គោះមិនបាន ហើយមុនស្លាប់លោកហាក់ដឹងខ្លួនមុនថាមិនអាចរស់នៅតទៅទៀតទើបទារប្រពន្ធឲ្យពាក់ខ្សែក និងអាវឲ្យលោកទៀតផង ។តាមព័តមានថាដាវី បានសុំការយោគយល់ពីផលិតករទាំងឡាយព្រោះនាងត្រូវផ្អាកការងារសិល្បៈមួយរយៈ ហើយបន្ទាប់ពីធ្វើបុណ្យ៧ថ្ងៃឲ្យឪពុករួចទើបនាងអាចនឹងវិលមកធ្វើការងារសិល្បៈ និងលក់អ៊ឺវ៉ាន់តាមOnline វិញ ។
កុល ដាវី បានរៀបការជាមួយលោកសុខ រក្សា នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ហើយពេលនេះពួកគេទទួលបានចំណងដៃកូនស្រី១ឈ្មោះរក្សា វីនីតា អាយុជាង២ឆ្នាំ ។តារាគូស្នេហ៍១គូនេះក្រោយចាប់ដៃគ្នាជាង៥ឆ្នាំមានជីវភាពធូធា មានផ្ទះ៣កន្លែងផ្សេងគ្នា និងរថយន្ដទំនើបៗជិះ ខណៈដែលដាវី មិនទទួលថតភាពយន្ដ២ទៅ៣រឿងក្នុងពេលតែមួយដូចមុនទេ ពោលគឺថតចប់១រឿងទើបថតរឿងមួយទៀត ព្រោះតែទុកពេលវេលារកស៊ីតាមOnline ។ចំណែកលោកសុខ រក្សា វិញនៅតែច្រៀងឲ្យសាន់ដេ និងមានតួនាទីជាមន្រ្ដីនរគបាលអគ្គស្នងការ ស្នងការដ្ឋាននគរបាលជាតិ (ស័ក្ក៤) និងបើកវង្សតន្រ្ដីផ្ទាល់ខ្លួន(សុខ រក្សាតន្រ្ដី)តំណើរការជាច្រើនឆ្នាំមកហើយ ។ទាំងដាវី និងរក្សា ធ្លាប់ប្រាប់មុនពេលពួកគេជួបទុក្ខធំនេះថាមិនទាន់មានគម្រោងយកកូនទី២ ឡើយ ៕