Tuesday, September 17, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្កាយ៣ ស៊ីដា.../ច់៣លានដុល្លារ ជា.../ប់គុក

ផ្កាយ៣ ស៊ីដា…/ច់៣លានដុល្លារ ជា…/ប់គុក

ភ្នំពេញ ៖ លោកស្រី យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលព្រឹកថ្ងៃទ៣០ ខែសីហា ឆ្នាំ២០២៤ បានចេញដីកាសម្រេចឃុំខ្លួនលោកឧត្តមសេនីយ៍ឯក (ផ្កាយ៣) ស៊ុន ហួរ ទីប្រឹក្សាក្រសួងមហាផ្ទៃ ដាក់ពន្ធនាគារភ្នំពេញ ហៅគុកប៉េហ្ស៉ី (PJ) ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទឆបោកនិងបទប្រើប្រាស់ឯកសារសាធារណៈក្លែង ពាក់ព័ន្ធទឹកប្រាក់ប្រមាណជាង ៣លានដុល្លារ។

គួររំលឹកថា កម្លាំងសមត្ថកិច្ចជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនលោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ទីប្រឹក្សាក្រសួងមហាផ្ទៃ តាមបញ្ជាពីស្ថាប័នអយ្យការ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ក្នុងទំហំទឹកប្រាក់ប្រមាណជាង៣លានដុល្លារ។

ការឃាត់ខ្លួននោះ បន្ទាប់ពីសមត្ថកិច្ចបានកោះអញ្ជើញលោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ទៅឆ្លើយបំភ្លឺតាមពាក្យបណ្តឹងរបស់ភាគីដើមចោទ។

យោងតាមប្រភពព័ត៌មានបឋមពីសមត្ថកិច្ច បានឱ្យដឹងថា លោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ រងនូវបណ្តឹងចោទ ប្រកាន់ថា បានយកប្លង់ដីចំនួន៧ប្លង់ ទៅដាក់យកប្រាក់ពីដើមបណ្តឹង មាន៣ករណី សរុបទឹកប្រាក់ប្រមាណជាង ៣លានដុល្លារ។

ប្រភពដដែល បង្ហើបឱ្យដឹងទៀតថា ប្លង់ដីនោះ នៅពេលដាក់តម្កល់យកប្រាក់ គឺឈ្មោះឧត្តមសេនីយ៍ឯក ស៊ុន ហួរ ប៉ុន្តែនៅពេលភាគីដើមបណ្តឹងបានយកទៅផ្ទៀងផ្ទាត់នៅខាងសុរិយោដី ទើបមានការឆ្លើយតបមកវិញថា ប្លង់ដីមិនមែនឈ្មោះស៊ុន ហួរ ទៅវិញ ទើបម្ចាស់ប្រាក់ កើតទុក្ខមិនសុខចិត្ត ប្តឹងសមត្ថកិច្ចឱ្យជួយចាត់ការពាក់ ព័ន្ធបទល្មើសព្រហ្មទណ្ឌតែម្តង៕

RELATED ARTICLES