ភ្នំពេញ ៖ បុរសជាអ្នកលក់ទូរស័ព្ទម្នាក់ បានទិញទូរស័ព្ទដៃទំនើប ជាច្រើនគ្រឿង ពីអាជីវករលក់ទូរស័ព្ទដូចគ្នា ដែលមានទឹកប្រាក់សរុបជាង ៤ម៉ឺនដុល្លារ ដើម្បីយកទៅចែកចាយ និងលក់បន្ត លុះដល់ថ្ងៃទូទាត់លុយ គ្មានលុយឱ្យ ក៏ចេញសែក ១សន្លឹក តែពេលគេយកសែកទៅ បើក ធនាគារឆ្លើយថា សែកគ្មានទឹកប្រាក់ (សែកស្អុយ) ក៏ត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង។
ការឃាត់ខ្លួន បានធ្វើឡើង កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅចំណុចមុខផ្ទះលេខ 139E0z ផ្លូវ១៦៦ សង្កាត់អូរប្ញស្សីទី២ ខណ្ឌ៧មករា។
បុរសដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហេង វិចិត្រ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរជាអាជីវករទិញ-លក់ទូរស័ព្ទ។ ចំណែកដើមបណ្តឹង មានឈ្មោះ ជា រតនៈ មុខរបរជាអាជីវករលក់ទូរស័ព្ទ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចការិយាល័យព្រហ្ម ទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនអាជីវករទិញ-លក់ទូរស័ព្ទម្នាក់ នៅចំណុចមុខផ្ទះលេខ 139E0z ផ្លូវ១៦៦ សង្កាត់អូរប្ញស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆបោក និងមិនបំពេញកាត ព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកស្អុយ ប្រមាណជិត៤ម៉ឺនដុល្លារ) ប្រព្រឹត្តនៅចំណុចផ្ទះលេខ 49C ផ្លូវលេខ២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ និងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។
ការឃាត់ខ្លួននោះ សមត្ថកិច្ចបានអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួន លេខ៦៣៤ “អ” ដ.ច.ន ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ របស់លោកស៊ិន សុវណ្ណរ័ត្ន ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីអំឡុងឆ្នាំ២០២០ ជនសង្ស័យឈ្មោះហេង វិចិត្រ បានយកទូរស័ព្ទដៃទំនើប ជាច្រើនគ្រឿង ពីដើមបណ្តឹង ឈ្មោះជា រតនៈ មុខរបរជាអាជីវករលក់ទូរស័ព្ទដូចគ្នា ដែលមានទឹកប្រាក់ប្រមាណសរុបជាង ៤ម៉ឺនដុល្លារ ដើម្បីយកទៅចែកចាយនិងលក់បន្ត។ ដោយមានការជឿទុកចិត្តគ្នា ពេលនោះ ជនសង្ស័យមិនទាន់បានទួទាត់ប្រាក់ឱ្យទៅដើមបណ្តឹងទេ ក្រោយមកម្ចាស់បំណុល ក៏បានទារប្រាក់ថ្លៃទិញទូរស័ព្ទនោះ ហើយជនសង្ស័យបានចេញមូលប្បទានបត្រ ១សន្លឹក ឱ្យទៅជនរងគ្រោះ លុះដឹងថាជាសែកស្អុយ ទើបដើមបណ្តឹងប្តឹងសមត្ថកិច្ច ឱ្យចាត់ការតាមផ្លូវច្បាប់តែម្តង។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចរៀបចំកសាងំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ដើម្បីចាត់ការបន្តតាមនីតិវិធី៕