Friday, November 29, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្លាកលេខ ខ.ម ប្រើបានតែយោធា ជនស៊ីវិលនិងជនបរទេស មិនអាចប្រើបានទៀតទេ

ស្លាកលេខ ខ.ម ប្រើបានតែយោធា ជនស៊ីវិលនិងជនបរទេស មិនអាចប្រើបានទៀតទេ

ភ្នំពេញ ៖ បន្ទាប់ពីឃើញមានបុគ្គលមួយចំនួន ប្រើប្រាស់យានយន្តពាក់ស្លាកលេខខេមរភូមិន្ទ បង្កើតឱ្យមានបាតុភាពអនាធិបតេយ្យ ប៉ះពាល់ដល់សង្គម សាធារណៈ ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុគ្គលខ្លះមានភាពក្រអឺតក្រទម មិនស័ក្តិសមជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃ និងទទួលការរិះគន់ពីសាធារណជន ពិសេសប៉ះពាល់ដល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទ ពេលនេះក្រសួងការពារជាតិ បានធ្វើការរឹតបន្តឹងការប្រើ ប្រាស់ស្លាកលេខយានយន្ត ខេមរភូមិន្ទ (ខ.ម) ប្រើប្រាស់បានតែនាយទាហានដែលមានសិទ្ធិពេញលេញ មិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេស ប្រើប្រាស់បានឡើយ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ដែលចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ មានខ្លឹមសារទាំងស្រុងថា «យោងតាមអនុក្រឹត្យ លេខ៧៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ ស្តីពីការចេញផ្លាកលេខសម្គាល់យានជំនិះ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ សូមជូនដំណឹងដល់បណ្តស្ថាប័នកងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងគ្រប់បណ្តាប្រភេទទ័ពជំនាញទាំងអស់ ឱ្យបានជ្រាបថា អាស្រ័យដោយស្ថានភាពនៃការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទ ក្នុងរយៈ ពេលចុងក្រោយនេះ សង្កេតឃើញកើតមាននូវបាតុភាពមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់សង្គមសាធារណៈ ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុគ្គលអ្នកប្រើប្រាស់មួយចំនួនមានភាពក្រអឺតក្រទម មិនស័ក្តិសមជាមន្ត្រីយោ ធា ធ្វើឱ្យមានការវាយតម្លៃ និងទទួលការរិះគន់ពីសាធារណជន ជាពិសេសប៉ះពាល់ដល់កិត្តិយសនៃកងយោ ធពលខេមរភូមិន្ទទាំងមូល ។

អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ សូមជូនដំណឹង និងបញ្ជាក់បន្ថែមអំពីការប្រើប្រាស់យានយន្ត ពាក់ស្លាកលេខចរាចរខេមរភូមិន្ទ ទាំងអស់ ដោយអនុវត្តតាមអនុក្រឹត្យលេខ៧៧អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ អ្នកប្រើប្រាស់ត្រូវតែជានាយ ទាហានដែលមានសិទ្ធិពេញលេញ ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេស ប្រើប្រាស់បានឡើយ។

ការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទ ត្រូវស្របតាមការកំណត់របស់ក្រសួងការពារជាតិ ចំពោះក្រុមហ៊ុនសហការវិនិយោគវិស័យការពារជាតិនានា ក៏ត្រូវបានអនុវត្តដូចគ្នា។ ក្នុងករណីដែលអនុវត្តការប្រើប្រាស់ផ្ទុយខុសពីខ្លឹមសារខាងលើ អគ្គនាយកដ្ឋានសម្ភារៈ បច្ចេកទេស ក្រសួងការពារជាតិ នឹងចាត់វិធានការច្បាប់ជាធរមាន។

អាស្រ័យហេតុនេះ សូមបណ្តាស្ថាប័នកងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងគ្រប់បណ្តាប្រភេទទ័ពជំនាញទាំងអស់ មេត្តាជ្រាបនិងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត»៕

RELATED ARTICLES