ភ្នំពេញ ៖ បុរសម្នាក់ ជាអ្នករត់ម៉ូតូកង់បី៣ បានកើតមានទំនាស់ពាក្យសម្តីជាមួយអ្នកលក់ប្រហិតិម្នាក់ មូលហេតុផ្តើមចេញពីការចតកង់បី នៅកន្លែងគេលក់ប្រហិត ធ្វើឱ្យកើតអំពើហិង្សា ដោយភាគីអ្នកលក់ប្រហិត ប្រដាប់ដោ យអង្រែ ចំណែកអ្នករត់កង់បី កាន់បំពង់ទីប វាយតប់គ្នា បណ្តាលឱ្យរយះក្បាលរៀងខ្លួន។
ករណីហិង្សាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៨ និង៤០យប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ស្ថិតតាមបណ្តាលផ្លូវ២០០២ ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីអ្នកលក់ដូរនៅទីតាំងកើតហេតុខាងលើ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស ជារត់ម៉ូតូកង់បី បានបើកកង់បីរបស់ខ្លួន មកចតនៅនឹងចិញ្ចើមផ្លូវ តាមបណ្តោយផ្លូវ២០០២ ដើម្បីរង់ចាំម៉ូយ លុះបន្តិចក្រោយមក ភាគីលក់ប្រហិត បានមកដល់ ក៏បាននិយាយប្រាប់អ្នករត់កង់បីនោះថា ទីនេះជាកន្លែងលក់ដូររបស់គាត់ទេ “ម៉េចក៏យកកង់បីមកដាក់កន្លែងលក់ដូរគេអ៊ីចឹង?”។ បន្ទាប់មក ភាគីអ្នកលក់ប្រហិត បានយកម៉ូតូលក់ប្រហិតរបស់ខ្លួន មកដាក់ពីមុខរ៉ឺម៉កកង់បី ទើបធ្វើឱ្យកើតជាជម្លោះ ឈានដល់ហិង្សា ដេញវាយតប់គ្នាផ្អើលពេញកន្លែង កើតហេតុតែម្តង។
ប្រភពដដែល បន្តថា នៅពេលផ្ទុះមានអំពើហិង្សានោះ គេឃើញភាគីអ្នកលក់ប្រហិត បានទាញអង្រែ ចំណែកភាគីម៉ូតូកង់បី បានទាញដែកទីប មកវាយគ្នា បណ្តាលឱ្យរងរបួស បែកក្បាលរៀងៗខ្លួន និងធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់អ្នកលក់ដូរនៅក្បែរនោះ បានមកជួយឃាត់ ស្រាប់តែអ្នកលក់ប្រហិតខឹងសម្បា វាយ១អង្រែ បណ្តាលឱ្យពកក្បាលអ្នកចូលទៅជួយឃាត់ថែមម្នាក់ទៀត។ ភ្លាមនោះ មានអ្នករាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានខណ្ឌសែនសុខចុះជួយអន្តរាយគមន៍ភ្លាមៗ និងបានឱ្យភាគីទាំងសងខាងទៅមន្ទីពេទ្យ ដើម្បីលាងរបួសសិន ចាំមកដាក់ពាក្យបណ្តឹងតាមក្រោយ។
យ៉ាងណា ករណីហិង្សាខាងលើនេះ ភាគីទាំងពីរ មិនបានប្តឹងផ្តល់គ្នានោះទេ ក៏បានសម្រេចចិត្តបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕