ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសផ្លូវការថា អ្នកចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតថ្មី ផ្លូវការរបស់គ.ជ.ប មានចំនួនជិត៨លាននាក់។
ការប្រកាសនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយ ស្តីពីការផ្តល់សុពលភាព និងប្រកាស ផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៦ ក្រោម អធិបតីភាពលោកស្រីតែ ម៉ានីរ៉ុង សមាជិកា គ.ជ.ប។
យោងតាមរបាយការណ៍របស់លោកស្រី តែ ម៉ានីរ៉ុង សមាជិកា គ.ជ.ប បានឱ្យដឹងក្នុង កិច្ចប្រជុំនាពេលនោះថា គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានយកចិត្ត ទុកដាក់រៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ តាមយន្តការដូចខាងក្រោម ៖
ី។អំពីក្របខ័ណ្ឌច្បាប់ បច្ចេកទេស និងកិច្ច សហការ
១-ក្របខ័ណ្ឌច្បាប់ បទបញ្ជានិងនីតិវិធី
ការរៀបចំចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ ២០១៦ គ.ជ.ប បានធ្វើឡើងដោយផ្អែកលើ ៖
-ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
-ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ
-ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
-បទបញ្ជានិងនីតិវិធី សម្រាប់ការចុះ ឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោត ថ្មី ឆ្នាំ២០១៦
-ច្បាប់និងលិខិតគតិយុត្តពាក់ព័ន្ធផ្សេង ទៀត។
២-ក្របខ័ណ្ឌបច្ចេកទេស
ប្រទេសជប៉ុន និងសហភាពអឺរ៉ុប បានជួយ ជាថវិកា ជាសម្ភារៈឧបករណ៍អេឡិចត្រូនិក និង អ្នកជំនាញការជូនដល់ គ.ជ.ប។ ពួកគាត់បាន ផ្តល់ជាយោបល់និងអនុសាសន៍ លើបទបញ្ជា និងនីតិវិធី ព្រមទាំងលក្ខណៈបច្ចេកទេសសំខាន់ៗ ដទៃទៀត ទាក់ទងនឹងដំណើរការចុះឈ្មោះបោះឆ្នោត។ លើសពីនេះ គ.ជ.ប ក៏បានទទួលការ ឧបត្ថម្ភគាំទ្រពីស្ថានទូតចិនដែរ។
៣-ក្របខ័ណ្ឌកិច្ចសហការ
គ.ជ.ប បានធ្វើកិច្ចសហការជាមួយក្រសួង ការពារជាតិ និងក្រសួងមហាផ្ទៃ ដើម្បីរៀបចំ កិច្ចការពារសន្តិសុខក្នុងដំណើរការចុះឈ្មោះ បោះឆ្នោតឆ្នាំ២០១៦នេះ ដើម្បីឱ្យការចុះឈ្មោះបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន ប្រកបដោយ សន្តិសុខ និងសុវត្ថិភាព។
គ.ជ.ប បានផ្ញើសេចក្តីព្រាងបទបញ្ជា និង នីតិវិធី សម្រាប់ការចុះឈ្មោះបោះឆ្នោត ដើម្បី រៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ជូនទៅគ្រប់ ភាគីពាក់ព័ន្ធ ដើម្បីផ្តល់យោបល់និងអនុសាសន៍ សម្រាប់កែលម្អសេចក្តីព្រាងបទបញ្ជានិងនីតិ- វិធីនេះ ឱ្យកាន់តែមាននីត្យានុកូលភាពថែមទៀត។
ជាពិសេស ការរួមចំណែកពីមន្ត្រី គ.ជ.ប គ្រប់ជាន់ថ្នាក់ និងក្រុមចុះឈ្មោះបោះឆ្នោត ហើយក៏មានការចូលរួមយ៉ាងសកម្ម ពីបណ្តា អាជ្ញាធរឃុំ-សង្កាត់ និងភាគីពាក់ព័ន្ធដទៃទៀត ព្រមទាំងការគាំទ្រនិងសហការពីអង្គការជាតិ អន្តរជាតិផងដែរ។
ទន្ទឹមនេះ គ.ជ.ប ក៏បានយល់ព្រមឱ្យអង្គការខុមហ្វ្រែល ចុះធ្វើសវនកម្មបញ្ជីបោះឆ្នោតដែរ។
ីី។ការប្រព្រឹត្តទៅនៃការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦
១-ការចុះឈ្មោះបោះឆ្នោត
ការចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅតាម ប្រតិទិននៃការចុះឈ្មោះបោះឆ្នោត ដោយចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា និងបញ្ចប់នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមសាលាឃុំ សង្កាត់ និងទីតាំងមួយចំនួនក្នុងឃុំ សង្កាត់នោះ។ ប្រជាពលរដ្ឋបានទៅចុះឈ្មោះបោះឆ្នោតដោយ ប្រើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ដោយឡែកប្រជាពលរដ្ឋដែលពុំទាន់មាន ឬបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានប្រើឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ដែលចេញដោយអាជ្ញាធរឃុំ-សង្កាត់។ ក្រោយពីបញ្ចប់ការចុះឈ្មោះបោះឆ្នោតប្រចាំ ថ្ងៃ ក្រុមចុះឈ្មោះបោះឆ្នោត បានបញ្ជូនទិន្នន័យ មក គ.ជ.ប តាមប្រព័ន្ធអ៊ីនធឺរណេត។
ខណៈពេលដែលការចុះឈ្មោះបោះឆ្នោតជិតបញ្ចប់ ប្រជាពលរដ្ឋខ្មែរមួយចំនួន មិនទាន់ បានចុះឈ្មោះនៅឡើយ គ.ជ.ប បានសម្រេច បន្ថែមរយៈពេលនៃការចុះឈ្មោះបោះឆ្នោត ចំនួន០១ថ្ងៃ បន្ថែមទៀត។
២-ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង
ក្រោយពីបានធ្វើការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់កែតម្រូវទិន្នន័យអ្នកចុះឈ្មោះបោះឆ្នោត ទៅតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះ បោះឆ្នោត ដែលទទួលបានពីក្រុមចុះឈ្មោះបោះ- ឆ្នោត បញ្ជូនមកនាយកដ្ឋានគ្រប់គ្រងទិន្នន័យ អ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោតរួចមក គ.ជ.ប បានបោះពុម្ពបញ្ជីបោះឆ្នោតដំបូង។ បញ្ជីបោះ- ឆ្នោតដំបូង ត្រូវបានបិទផ្សាយនៅតាមសាលា ឃុំ សង្កាត់ និងនៅតាមទីប្រជុំជន ក្នុងឃុំ សង្កាត់ និងបង្ហោះតាមគេហទំព័ររបស់ គ.ជ.ប www. voterlist.org.kh ក្នុងគោលបំណងឱ្យជនគ្រប់ រូប ធ្វើការប្តឹងតវ៉ា ឬប្តឹងជំទាស់ ពាក់ព័ន្ធនឹង បញ្ជីបោះឆ្នោតដំបូងនេះ ដើម្បីឱ្យបញ្ជីបោះឆ្នោត មានភាពត្រឹមត្រូវ និងកាន់តែប្រសើរថែមទៀត។
ក្រោយពីបិទផ្សាយបញ្ជីបោះឆ្នោតដំបូង រួចមក មានការចូលរួមពីប្រជាពលរដ្ឋ និង តំណាងគណបក្សនយោបាយ ក្នុងការប្តឹងតវ៉ា និង ប្តឹងជំទាស់នឹងឈ្មោះអ្នកចុះឈ្មោះបោះឆ្នោត។
នៅ គ.ជ.ប មាន ១៧៣បណ្តឹង ៖
-បណ្តឹងជំទាស់សុំលុបឈ្មោះ ចេញពីបញ្ជី បោះឆ្នោត សរុបចំនួន ១៦៥បណ្តឹង ស្មើនឹង ២៤៤១នាក់។
-បណ្តឹងសូមរក្សាទុកឈ្មោះ មាន៨បណ្តឹង ស្មើនឹង ៤៦នាក់។
-និងបណ្តឹងសុំផ្តន្ទាទោស មាន០១ (មួយ) បណ្តឹង។
៣-ការបង្កើតក្រុមចុះឈ្មោះបោះឆ្នោត ពិសេស
នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ គ.ជ.ប បានបង្កើតក្រុមចុះឈ្មោះបោះឆ្នោតពិសេស ចំនួន០៩ក្រុម ដើម្បីចុះទៅកាន់ឃុំ សង្កាត់ ចំនួន ៥០ នៃរាជធានី-ខេត្តចំនួន១៧ ដើម្បីធ្វើការចុះ ឈ្មោះអ្នកបោះឆ្នោតឡើងវិញ ជូនប្រជាពលរដ្ឋ សរុបចំនួន ៦៧នាក់ តាមសេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានយល់ព្រមចុះ ឈ្មោះឱ្យអ្នកប្តឹងតវ៉ាទាក់ទងនឹងបញ្ជីបោះឆ្នោត ដំបូង។
ីីី។បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៦ ដែល គ.ជ.ប ផ្តល់សុពលភាព និងត្រូវប្រកាស ផ្សព្វផ្សាយ គឺជាសមិទ្ធផលជំហានដំបូងនៃការ កែទម្រង់ការចុះឈ្មោះបោះឆ្នោត ពីការចុះឈ្មោះ បោះឆ្នោតដោយសរសេរដៃ មកជាការចុះឈ្មោះ បោះឆ្នោតតាមប្រព័ន្ធទំនើប (កុំព្យូទ័រ) នៅ តាមឃុំ សង្កាត់ផ្ទាល់ ហើយបញ្ជូនទិន្នន័យតាម ប្រព័ន្ធអ៊ីនធឺរណេត មក គ.ជ.ប។
ការរៀបចំបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៦ នេះ មិនមែនជាការងាយស្រួលនោះទេ គឺជា ការសម្រិតសម្រាំងយ៉ាងល្អិតល្អន់ ប្រកបដោយ ការទទួលខុសត្រូវខ្ពស់ តាមយន្តការដូចបាន ជម្រាបជូនខាងដើម ហើយក៏បានទទួលបាន ការគាំទ្រ និងសាទរពីគ្រប់ភាគីពាក់ព័ន្ធ។
១-អំពីទម្រង់នៃបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៦
បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៦ ដែល គ.ជ.ប បានផ្តល់សុពលភាពជាផ្លូវការ មាន ទម្រង់ និងទិន្នន័យដូចជា ៖
-លេខកូដ និងឈ្មោះរាជធានី ខេត្ត
-លេខកូដ និងឈ្មោះឃុំ សង្កាត់
-លេខកូដ និងឈ្មោះទីតាំងការិយាល័យ បោះឆ្នោត
-កូនប្រអប់ និងលេខរៀងនៃឈ្មោះក្នុង បញ្ជីបោះឆ្នោត
-អត្តលេខអ្នកបោះឆ្នោត
-លេខ អ.ខ ឬ ឯ.អ ប្រើពេលចុះឈ្មោះ បោះឆ្នោត
-រូបថតអ្នកបោះឆ្នោត
-នាមត្រកូលនិងនាមខ្លួនដែលរៀបចំ តាមលំដាប់អក្ខរក្រមខ្មែរ
-ភេទ
-ថ្ងៃ ខែ ឆ្នាំកំណើត
-លំនៅឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់ របស់អ្នកបោះឆ្នោត។
២-អំពីសារសំខាន់នៃបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៦
សារសំខាន់នៃបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០១៦ នេះ គឺធានាបាននូវ ៖
ក-សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់ៗ រូប
ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតផ្លូវការ មានសិទ្ធិបោះឆ្នោត គឺបានតែមួយដងនៅថ្ងៃបោះឆ្នោត។ ពុំអាចមាន បុគ្គលណាទៅបោះឆ្នោតជំនួសបុគ្គលម្នាក់ទៀត បានឡើយ។
ខ-ភាពត្រឹមត្រូវនៃទិន្នន័យអ្នកបោះឆ្នោត
-បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៦នេះ កត់ត្រាទិន្នន័យអ្នកចុះឈ្មោះបោះឆ្នោតដោយ ពុំមានខុសទិន្នន័យឡើយ ដោយហេតុថា គ.ជ.ប បានត្រួតពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យអ្នកចុះឈ្មោះ បោះឆ្នោតដែលក្រុមចុះឈ្មោះបោះឆ្នោតបញ្ជូន មកជាមួយនឹងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះ ឈ្មោះបោះឆ្នោតរបស់សាមីខ្លួនដែលយកមក ចុះឈ្មោះបោះឆ្នោត។
-បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៦នេះ កត់ត្រាទិន្នន័យអ្នកបោះឆ្នោតដោយពុំមាន ឈ្មោះស្ទួនឡើយ ដោយហេតុថា គ.ជ.ប បាន ត្រួតពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យអ្នកចុះឈ្មោះបោះឆ្នោត ដោយធ្វើការស្វែងរកឈ្មោះស្ទួន តាមរយៈ ស្នាមក្រយៅដៃអ្នកចុះឈ្មោះបោះឆ្នោត និង តាមរយៈរូបថត ឈ្មោះ ភេទ ថ្ងៃ ខែ ឆ្នាំ កំណើត និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បី ឱ្យប្រាកដថា ទិន្នន័យអ្នកចុះឈ្មោះបោះឆ្នោត ពុំមានឈ្មោះលើសពីមួយកន្លែង។
-ទន្ទឹមនេះ បញ្ជីបោះឆ្នោតផ្លូវការថ្មី ជា មូលដ្ឋានក្នុងការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ សម្រាប់ ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។
គ-ភាពងាយស្រួលក្នុងការរកឈ្មោះ
-អ្នកបោះឆ្នោតងាយស្រួលក្នុងការស្វែង រកឈ្មោះក្នុងបញ្ជីបោះឆ្នោត ព្រោះបញ្ជីបោះឆ្នោតនេះ មានរូបថតរបស់សាមីខ្លួន និងឈ្មោះ រៀបចំតាមលំដាប់អក្ខរក្រមខ្មែរ។
-បញ្ជីបោះឆ្នោតនេះ នឹងបង្ហោះនៅលើ គេហទំព័ររបស់ គ.ជ.ប www.voterlist.org.kh ដែលផ្តល់នូវភាពងាយស្រួលដល់អ្នកបោះឆ្នោត អាចស្វែងរកឈ្មោះនិងទីតាំងការិយាល័យបោះឆ្នោត នៅលើប្រព័ន្ធអ៊ីនធឺរណេតបាន។ ការ បង្ហោះនេះ គ.ជ.ប ធានានូវសន្តិសុខ និងសុវត្ថិ- ភាពរបស់ពួកគាត់ ដោយមិនបង្ហាញរូបថតអា- សយដ្ឋានឡើយ…។
លោកស្រីតែ ម៉ាននីរ៉ុង បានបញ្ជាក់បន្ថែម ថា “ខ្ញុំសូមជម្រាបជូនអង្គប្រជុំថា នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ គ.ជ.ប មិនទាន់ បង្ហោះបញ្ជីបោះឆ្នោតផ្លូវការទេ ព្រោះ គ.ជ.ប កំពុងរៀបចំការងារបច្ចេកទេសមួយចំនួន ដូច- ជាការតបណ្តាញខ្សែកាប Optic មកចូល Server រៀបចំប្រព័ន្ធសុវត្ថិភាពបញ្ជីបោះឆ្នោតផ្លូវការ បង្ការទប់ស្កាត់ការ ចាះក ចូលរបស់ពួក Hacker ដែលនាំឱ្យរំខានដល់បងប្អូនប្រជាពលរដ្ឋ ពេល ស្វែងរកឈ្មោះក្នុងបញ្ជីបោះឆ្នោត នៅលើគេហទំព័ររបស់ គ.ជ.ប។ ក្រោយបញ្ចប់ការរៀបចំ បច្ចេកទេសរួចហើយ គ.ជ.ប នឹងជូនដំណឹងដល់ សាធារណជនពីការបង្ហោះបញ្ជីបោះឆ្នោតផ្លូវការនេះ។
៣-អំពីការប្រកាសផ្សាយបញ្ជីបោះឆ្នោត ផ្លូវការឆ្នាំ២០១៦
នាងខ្ញុំសូមប្រកាសផ្សាយជាសាធារណៈ នូវបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៦ ដែលមាន អ្នកចុះឈ្មោះបោះឆ្នោតសរុប ៧ ៨៦៥ ០៣៣ នាក់ គិតជាភាគរយ៨១,៣៨ភាគរយ ក្នុងនោះ ៖
-ស្ត្រីចំនួន ៤ ២១០ ៩១៤នាក់
-យុវជនចំនួន ២ ៦២១ ១៩០នាក់ គិត ជាភាគរយ ៣៣ភាគរយ ក្នុងនោះ នារីចំនួន ១ ៣៦៩ ០៤៦នាក់
-ចំនួនការិយាល័យបោះឆ្នោតសរុប មាន ២២ ១៤៨ ការិយាល័យបោះឆ្នោត។
បញ្ជីបោះឆ្នោតផ្លូវការនេះ ប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត អាចពិនិត្យឈ្មោះនៅ តាមសាលាឃុំ សង្កាត់។
ចំពោះគណបក្សនយោបាយស្របច្បាប់ ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាល អាចស្នើសុំបញ្ជី បោះឆ្នោតនេះជាច្បាប់ថតចម្លង ដោយ គ.ជ.ប គិតត្រឹមតែថ្លៃផលិតប៉ុណ្ណោះ។
សំណូមពរ ៖ ដូចនេះប្រសិនឯកឧត្តម លោកជំទាវ លោក លោកស្រី មានចម្ងល់ពាក់ព័ន្ធ នឹងការផ្សព្វផ្សាយនៃបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០១៦នេះ សូមលើកជាសំណួរមកកាន់ខាងខ្ញុំ ហើយនាងខ្ញុំ មានសហការីជាអគ្គលេខាធិការ អគ្គលេខាធិការរង និងប្រធាននាយកដ្ឋានជំនាញ រង់ចាំធ្វើការបកស្រាយរាល់ចម្ងល់ដែលកើត មានក្នុងអង្គពិធីនេះ។
ទន្ទឹមនេះ តាងនាមឱ្យ គ.ជ.ប និងក្នុង នាងខ្ញុំផ្ទាល់ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ ខ្មែរដែលមានសិទ្ធិបោះឆ្នោត មេត្តាអញ្ជើញទៅ ពិនិត្យមើលឈ្មោះនៅលើបញ្ជីបោះឆ្នោតផ្លូវការ នៅពេលដែល គ.ជ.ប បានធ្វើការបិទផ្សាយ បញ្ជីបោះឆ្នោតជាសាធារណៈនៅតាមការិយាល័យបោះឆ្នោត ក្នុងឃុំ-សង្កាត់ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧ ឱ្យបានគ្រប់ៗគ្នា។ សារសំខាន់ចាំបាច់បំផុត សូមប្រជាពលរដ្ឋខ្មែរគ្រប់ រូប ដែលមានឈ្មោះនៅលើបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៦ មេត្តាអញ្ជើញទៅមើលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ កុំបី អាន់ខាន ដោយកុំភ្លេចយកទៅជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់ អត្តសញ្ញាណ នៅថ្ងៃបោះឆ្នោត៕ដារិទ្ធ