ភ្នំពេញ ៖ ក្នុងឱកាសខួបកំណើតអ្នកឧកញ៉ា គិត ម៉េង ជាស្វាមី លោកស្រីឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិ្បករខ្មែរ ដែលកំពុងលេចមុខលេចមាត់ខ្លាំង មានការកោតសរសើពីថ្នាក់ដឹកនាំកំពូលៗ ក្រោយជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ បានបញ្ចេញវាចាបេះដូងប្រាប់ទៅឧត្តមស្វាមីថា «ជីវិតអូនពិតជាមានសំណាងបំផុតក្នុងលោកនេះ ដែលមានបងជាស្វាមីនៅក្បែរ។ បងមិនត្រឹមតែជាឧត្តមស្វាមី និងជាឪពុកដ៏អស្ចារ្យនោះទេ បងគឺជាវីរបុរស ជាគ្រូណែនាំដ៏ល្អបំផុត និងជាអ្នកការពារដ៏អង់អាចរបស់យើង។ ក្ដីស្រលាញ់ដែលបងបានផ្ដល់សម្រាប់គ្រួសារមួយនេះ បង្កើតបានជាចំណងដ៏រឹងមាំ មិនអាចកាត់ផ្ដាច់បាន»។

នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាថ្ងៃខួបកំណើតអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប គម្រប់ ៥៥ឆ្នាំ (០១ កញ្ញា ១៩៦៨-០១ កញ្ញា ២០២៤) លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ដែលជាឧត្តមភរិយា បានរៀបចំពិធីខួបកំណើតដ៏រំភើប ជូនស្វាមីមហាសេដ្ឋី ដោយមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាច្រើន។

លោកស្រីអ្នកឧកញ៉ា មៅ ចំណាន បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ ថា «ជារៀងរាល់ឆ្នាំ ក្នុងថ្ងៃដ៏វិសេសវិសាលនេះ អូនតែងប្រាប់ខ្លួនឯងថា ជីវិតអូន ពិតជាមានសំណាងបំផុតក្នុងលោកនេះ ដែលមានបងជាស្វាមីនៅក្បែរ។ ភាពរឹងមាំដ៏ក្លៀវក្លា ក្ដីស្រលាញ់ឥតព្រំដែន និងការជ្រោមជ្រែងយកចិត្តទុកដាក់របស់បង គឺជាសសរទ្រូងសម្រាប់គ្រួសារយើង ដែលជួយដឹកនាំអូននិងកូន ឆ្លងកាត់ទំព័រជីវិតរួមគ្នា។

បងផ្ដល់នូវគំរូឧទាហរណ៍ដ៏ល្អបំផុតសម្រាប់កូនៗ ឱ្យពួកគេដឹងថា ត្រូវធ្វើខ្លួនឱ្យរឹងមាំបែបណា? ចេះផ្ដល់ស្រលាញ់និងលះបង់បែបណា? ភាពអត់ធ្មត់និងភាពវាងវៃប្រកបដោយគតិបណ្ឌិតរបស់បង គឺជាប្រទីបជួយបំភ្លឺនិងប្រែក្លាយផ្ទះយើងទាំងមូលឱ្យទៅជាគ្រួសារដែលពោរពេញដោយក្ដីស្រលាញ់និងភាពរីករាយ»។
លោកស្រីអ្នកឧកញ៉ា បន្តថា «បងសម្លាញ់! តើបងដឹងទេ? បងមិនត្រឹមតែជាឧត្តមស្វាមី និងជាឪពុកដ៏អស្ចារ្យនោះទេ បងគឺជាវីរបុរស ជាគ្រូណែនាំដ៏ល្អបំផុត និងជាអ្នកការពារដ៏អង់អាចរបស់យើង។ ក្ដីស្រលាញ់ដែលបងបានផ្ដល់សម្រាប់គ្រួសារមួយនេះ បង្កើតបានជាចំណងដ៏រឹងមាំមិនអាចកាត់ផ្ដាច់បាន។

ភាពរឹងមាំដ៏ស្ងៀមស្ងាត់ ការគាំទ្រនិងការស្រលាញ់ដ៏កក់ក្ដៅរបស់បង បានប្រែក្លាយការលំបាកទាំងឡាយ ទៅជាភាពងាយស្រួល និងក្ដីរំភើបរីករាយដ៏ត្រចះត្រចង់។ បងបានផ្ដល់ឱ្យអូននិងកូន ដ៏ច្រើនលើសលប់ សូម្បីតែយើងមិនដែលទាមទារ ហើយក្ដីស្រលាញ់ដ៏ធំធេងមួយនេះ បានធ្វើឱ្យអូននិងកូន រកឃើញនូវក្ដីសុខដ៏កក់ក្ដៅនិងសុភមង្គលដ៏ជ្រាលជ្រៅបំផុត»។
លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បន្តទៀតថា «ថ្ងៃនេះមិនគ្រាន់តែជាឱកាសដែលយើងអបអរខួបកំណើតរបស់បងនោះទេ ប៉ុន្តែក៏ជាការអបអរនូវរឿងរ៉ាវជាច្រើនដែលបងបានធ្វើឱ្យជីវិតអូននិងកូនៗរបស់យើង កាន់តែស្រស់បំព្រង។ នាឱកាសដ៏ប្រពៃថ្លៃថ្លានេះ អូនសូមជូនពរឱ្យបងមានសុខភាពល្អ ពោរពេញដោយក្ដីសុខ ហើយសូមឱ្យយើងមានឱកាសរីករាយកាន់តែច្រើនជាមួយគ្នា បន្តក្ដីសុបិនរួមគ្នា និងអនុស្សាវរីយ៍ល្អៗឱ្យស្ថិតជាប់ក្នុងបេះដូងយើងជានិរន្តរ៍តទៅ។ រីករាយថ្ងៃកំណើតស្វាមីសម្លាញ់ចិត្តអូន!»។

ក្នុងថ្ងៃដដែលនោះ អ្នកឧកញ៉ា គិត ម៉េង បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកថា «ពេលដែលខ្ញុំសញ្ជឹងគិតពីឆ្នាំមួយទៀតដែលបានកន្លងផុតទៅ ខ្ញុំមានអារម្មណ៍ពោរពេញដោយការដឹងគុណ និងក្ដីស្រឡាញ់ដ៏ធំធេង។ ខ្ញុំពិតជាមានអំណរគុណយ៉ាងខ្លាំងចំពោះក្រុមគ្រួសាររបស់ខ្ញុំ និងភាពរីករាយដែលពួកគាត់បាននាំមកក្នុងជីវិតរបស់ខ្ញុំ។ ការធ្វើជាស្វាមី និងឪពុករបស់កូន៤នាក់ គឺជាពរជ័យដ៏អស្ចារ្យ ដែលខ្ញុំទទួលបានក្នុងជីវិតរបស់ខ្ញុំ។ ការដឹកនាំក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ចាប់ផ្តើមពីដំបូងជាមួយបាតដៃទទេ រហូតធ្វើឱ្យក្រុមហ៊ុនរីកចម្រើន អស់រយៈពេលជាង ៣ទសវត្សរ៍នេះ គឺជាដំណើរមួយប្រកបដោយភាពជឿជាក់ខ្ពស់ ការលះបង់កម្លាំងកាយចិត្ត និងភាពរីកចម្រើន ដែលនេះគឺជាអ្វីដែលមានតម្លៃ និងធ្វើឱ្យខ្ញុំពេញចិត្តជាទីបំផុត»។

អ្នកឧកញ៉ា គិត ម៉េង បន្តថា «មានមនុស្សច្រើននិយាយថា ៖ “នេះគឺជាសំណាង” ប៉ុន្តែជាមួយនឹងបញ្ហាប្រឈមនិងឱកាសថ្មីៗ ខ្ញុំបានរម្លឹកខ្លួនឯងជានិច្ច អំពីសារៈសំខាន់នៃការឈ្មុសឈ្មុល ការប្រឹងប្រែងប្រកបដោយការតាំងចិត្ត និងផ្នត់គំនិត “មិនបោះបង់សោះទ្បើយ”។ ខ្ញុំសូមអរគុណចំពោះការគាំទ្រឥតងាករេរបស់ក្រុមគ្រួសារ មិត្តភ័ក្តិ និងសហការីដែលតែងតែនៅជាមួយខ្ញុំគ្រប់កាលៈទេសៈ។
ថ្ងៃនេះ ខ្ញុំមិនត្រឹមតែប្រារព្ធពិធីខួបកំណើតដែលកើនអាយុមួយឆ្នាំទៀតប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំក៏អបអរសាទរចំពោះអនុស្សាវរីយ៍និងបទពិសោធរាប់មិនអស់ ដែលខ្ញុំបានចែករំលែកនិងផ្លាស់ប្តូរ។ ខ្ញុំទន្ទឹងរង់ចាំថ្ងៃអនាគតដោយក្តីរំភើប និងក្តីសង្ឃឹម ដោយខ្ញុំត្រៀមខ្លួនបន្តផ្តល់ផលវិជ្ជមានដល់គ្រួសារខ្ញុំ ក្រុមហ៊ុនរបស់ខ្ញុំ និងប្រទេសកម្ពុជា ជាទីស្នេហានៃខ្ញុំ។

ឆ្នាំទៅមុខទៀត ពោរពេញដោយក្ដីស្រឡាញ់ ភាពជោគជ័យ និងសុភមង្គល។ សូមបន្តភាពពុះពារដើម្បីសម្រេចបាននូវសមិទ្ធផលដ៏ថ្លៃថ្លា និងផ្តល់តម្លៃដល់រាល់ពេលវេលាដែលយើងមាន ហើយបានផ្តល់បទពិសោធន៍ដល់យើង។
សូមជូនពរឱ្យមានក្តីសង្ឃឹម សុភមង្គល និងជោគជ័យបន្តទៀតទៅថ្ងៃអនាគត!»។
គួររំលឹកដែរថា កាលថ្ងៃខួបកំណើតលោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ជាឧត្តមភរិយា អ្នកឧញ៉ា គិត ម៉េង ជារៀងរាល់ឆ្នាំ តែងរៀបចំពិធីជួបជុំអបអរសាទរ ជាមួយសារ ឬវាចាចេញពីបេះដូង បង្ហាញនូវក្រីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតចំពោះភរិយារបស់លោក ហើយលោកក៏បានលើកឡើងដូចគ្នានឹងឧត្តមភរិយារបស់លោកដែរថា លោកមានសំណាងបំផុតក្នុងលោក ដែលមានលោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ជាភរិយា។

ជាក់ស្តែង ក្នុងថ្ងៃខួបកំណើតឧត្តមភរិយា ម៉ៅ ចំណាន កាលពីថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៤ កន្លងទៅ អ្នកឧកញ៉ា គិត ម៉ាង បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកថា «រីករាយថ្ងៃខួបកំណើត អូន ចំណាន!
ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានៃខួបកំណើតភរិយារបស់ខ្ញុំ ខ្ញុំសូមសម្តែងនូវសេចក្តីរីករាយយ៉ាងក្រៃលែង និងប្រកាន់ជំហរគាំទ្រយ៉ាងពេញទំហឹងចំពោះការឈរឈ្មោះរបស់ភរិយាខ្ញុំ ម៉ៅ ចំណាន ជាបេក្ខភាពប្រធានសមាគមសិល្បករខ្មែរ ក្រោមការគាំទ្រដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ ជាមួយគ្នានេះ យើងខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់នូវកិច្ចខិតខំប្រឹងប្រែង ធនធាន និងការគាំទ្ររួមគ្នារបស់យើង ឆ្ពោះទៅការជំរុញសមាគមសិល្បករខ្មែរ ឱ្យឈានទៅកាន់កម្រិតខ្ពស់ថែមទៀត។ នេះគឺជាការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ចំពោះការគាំទ្រ និងការលះបង់ដោយឥតងាករេរបស់យើង»។
អ្នកឧកញ៉ា គិត ម៉ាង បន្តថា «នៅពេលយើងជញ្ជឹងគិតលើដំណើររឿងរបស់យើង ក្តីស្នេហ៍របស់អូន គឺជាពន្លឺដែលប្រែក្លាយសុបិនរបស់យើង ឱ្យក្លាយជាការពិត។ តាំងពីផ្តើមក្តីសុបិនរួមគ្នារហូតមកដល់ពេលនេះ ការគាំទ្រឥតងាករេរបស់អូន គឺជាថ្នាំវេទមន្ត។

អូនមិនមែនគ្រាន់តែជាភរិយារបស់បងប៉ុណ្ណោះទេ តួនាទីរបស់អូន លើសពីភរិយា គឺអូនជានាយិកាប្រតិបត្តិនៃផ្ទះរបស់យើង។ ភាពលម្អិតនិងហ្មត់ចត់របស់អូន ប្រែក្លាយផ្ទះរបស់យើង ទៅជាជម្រកនៃភាពកក់ក្តៅនិងភាពរុងរឿង។ របៀបដ៏ប៉ិនប្រសប់ដែលអូនធ្វើឱ្យមានតុល្យភាពរវាងគុណតម្លៃរបស់អូន និងគុណតម្លៃគ្រួសារ គឺជាទេពកោសល្យដ៏ប្រពៃ។
ក្នុងនាមជាម្តាយ អូនបានប្រែក្លាយកូនៗរបស់យើង ទៅជាក្មេងដ៏ល្អគួរឱ្យសរសើរ។ វិធីដែលអូនបីបាច់កូនៗ តាមរយៈការផ្តល់បទពិសោធន៍ផ្ទាល់ និងមេរៀនជីវិតដល់កូនៗ គឺគួរឱ្យស្ញប់ស្ញែងជាទីបំផុត»។
អ្នកឧកញ៉ា គិត ម៉េង បន្តទៀតថា «តើលក្ខណៈពិសេសរបស់យើងមានអ្វីខ្លះ ដែលអាចឱ្យយើងសម្រេចកិច្ចការនេះបាន? លក្ខណៈទាំងនេះគឺចេញមកពីកិច្ចការតូចៗ ដូចជាការពិភាក្សាគ្នា ការជឿទុកចិត្តគ្នា និងក្តីសុបិនរួមដែលយើងមាន។ ការគាំទ្រ ការយោគយល់ និងការអបអរសាទរលើជ័យជម្នះរបស់យើង គឺជាកំណប់ទ្រព្យដ៏ពិតប្រាកដ។
មានទស្សនៈមួយលើកឡើងថា ៖ “នៅពីក្រោយបុរសជោគជ័យគ្រប់រូប គឺតែងតែមានស្ត្រីដែលជឿជាក់លើគាត់”។ អូនមិនត្រឹមតែជឿជាក់លើបងប៉ុណ្ណោះទេ អូនថែមទាំងបានកសាងអ្វីៗទាំងអស់ជាមួយបងផងដែរ។ អារម្មណ៍រីករាយរបស់បង និងការអរគុណរបស់បងចំពោះអូន គឺមិនអស់ពីទំហំចិត្តរបស់បងនោះទេ ខណៈដែលបងមានរូបអូននៅក្នុងដំណើរជីវិតរួមគ្នា។
រីករាយថ្ងៃកំណើត ដល់អូនដែលមិនមែនគ្រាន់តែជាផ្នែកមួយនៃជីវិតរបស់បងប៉ុណ្ណោះទេ ប៉ុន្តែជាបេះដូងរបស់បងទាំងមូល។ រីករាយថ្ងៃកំណើតដល់អូនដែលធ្វើឱ្យជីវិតរបស់យើងដូចជាដំណើរផ្សងព្រេងដ៏អស្ចារ្យ។
រីករាយថ្ងៃខួបកំណើតដល់អូន ចំណាន ភរិយារបស់បង!»៕ ខៀវទុំ