ខេត្តកណ្តាល ៖ ក្មេងស្រីជាសិស្សសាលា ១ក្រុម បានជួបជុំគ្នាជក់បារីអេឡិចត្រូនិក ឡាយវីដេអូ បង្ហោះហ្វេសប៊ុក លុះសមត្ថកិច្ចទទួលបានព័ត៌មានភ្លាម ចុះស្រាវជ្រាវឈានដល់ការឃាត់ខ្លួនក្មេងស្រីជាសិស្សសាលា សរុបចំនួន៧នាក់ នាំយកមកសាកសួរ។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅចំណុចរោងលក់បាយ វិទ្យា ល័យសិរីមង្គល ស្ថិតក្នុងភូមិព្រែកជ្រៅ ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល។ រហូតមកដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ទើបរឿងរ៉ាវបែកធ្លាយដឹងដល់សមត្ថកិច្ច ចុះនាំខ្លួនក្មេងស្រីទាំងនោះ មកសាកសួរ។
ក្រុមក្មេងទំនើងទាំង៧នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះមឿន ឡេណា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិស្ពានថ្មី ឃុំរការកោងទី២ ស្រុកមុខកំពូល។ ទី២-ឈ្មោះសុខុម កញ្ញា ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិស្ពានថ្មី ឃុំរកាកោងទី២ ស្រុកមុខកំពូល។ ទី៣-ឈ្មោះសុន ណារត្ន័ ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិពោធិ៍រលំ ឃុំរកាកោងទី២ ស្រុកមុខកំពូល។ ទី៤-ឈ្មោះទីន រក្សា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិស្ពានថ្មី ឃុំរកាកោងទី២ ស្រុកមុខកំពូល។ ទី៥-ឈ្មោះហាន ស្រីលាភ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិស្ពានថ្មី ឃុំរកាកោងទី២ ស្រុកមុខកំពូល។ ទី៦-ឈ្មោះវី ដានីតា ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិស្ពានថ្មី ឃុំរកាកោងទី២ ស្រុកមុខកំពូល និងទី៧-ឈ្មោះម៉ៅ ចាន់ធី ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិស្ពានថ្មី ឃុំរកាកោងទី២ ស្រុកមុខកំពូល។
តាមប្រភពក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ឱ្យ នៅ មុនពេលកើតហេតុ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ក្មេងស្រីជាសិស្សសាលា ទាំង៧នាក់ខាងលើ បានទៅរៀននៅវិទ្យាល័យសិរីមង្គល ស្ថិតនៅ ភូមិព្រែកជ្រៅ ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តា ល ជាធម្មតា។ លុះដល់ម៉ោងចេញលេង នៅវេលាម៉ោង១០ព្រឹក ឈ្មោះហាន ស្រីលាភ បានបបួលមិត្តភក្តិ ៦ នាក់ទៀត ទៅទិញភេសជ្ជៈហូប នៅខាងក្រោយសាលា កន្លែងរោងលក់បាយ ពេលកំពុងតែអង្គុយជុំគ្នានោះ ឈ្មោះហាន ស្រីលាភ បានទាញទូរស័ព្ទមកឡាយវីដេអូក្នុងហ្វេសប៊ុក របស់ខ្លួន ដោយនិយាយលេងពីនេះពីនោះ រួចក៏បានទាញយកបារីអេឡិចត្រូនិក មកជក់ជុំគ្នាតែម្តង។
ប្រភពដដែល បន្តថា រហូតដល់វេលាម៉ោង ១០និង១៣នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍ បានទទួលព័ត៌មានថា មានសិស្សានុសិស្សវិទ្យាល័យសិរីមង្គល ជុំគ្នាឡាយវីដេអូជក់បារីអេឡិចត្រូនិក ក្រោយពីទទួលព័ត៌មានរួច កម្លាំងប៉ុស្តិ៍រកាកោងទី២ សហការជាមួយ កម្លាំងជំនាញស្រុក ចុះមកហៅក្រុមក្មេងខាងលើ មកសាកសួរនៅប៉ុស្តិ៍តែម្តង។
នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង៧នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានជក់បារីអេឡិចត្រូនិក រួចបង្ហោះឡាយវីដេអូក្នុងហ្វេសប៊ុក ប្រាកដមែន។
ចំពោះក្រុមក្មេងទំនើងទាំង៧នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំណែនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកោងទី២ រួចអញ្ជើញអាណាព្យាបាល មកធានាយកទៅផ្ទះវិញ ដើម្បីអប់រំបន្ត៕