ក្រោយទាញបានភាពល្បីល្បាញនៅក្នុងសង្គមសិល្បៈ តាមរយៈការហ៊ានសម្តែងឈុតស្នេហាឱបថើបស្រើបស្រាល ព្រមទាំងហ៊ានថតឈុតស្រាតននលគកផងនោះ សម្រស់របស់ឌុច លីដា ក៏ធ្វើឱ្យបុរសៗអ្នកមាន ព្រមទាំងថៅកែស្រីធំៗដែលចូលចិត្តលេងល្បែងស្នេហ៍ភេទដូចគ្នានោះ ក៏ជ្រួលជ្រើមចង់បាននាងថ្នាក់ថ្នមផងដែរ គឺមានទាំងស្រី និងប្រុសចង់នែបនិត្យភ្លក្សរសជាតិស្នេហ៍តារាសិចស៊ីល្បីឈ្មោះរូបនេះឱ្យរដឹក។ ប៉ុន្តែយ៉ាងណា លីដា បានធ្វើឱ្យអ្នកដែលតាមស្រលាញ់នាង ទាំងស្រីនិងប្រុសនោះ ខកចិត្តជាខ្លាំង បន្ទាប់ពីបានដឹងថា នាងមានសង្សារកូនអ្នកមានម្នាក់រួចទៅហើយ។
តាមប្រភពថា ចាប់តាំងពីលីដា មានសង្សាររួចមក នាងមិនសូវមានពេលនៅជាមួយមិត្តភក្តិស្រីៗដូចមុនទេ គឺក្រៅពីការងារសិល្បៈ នាងបានចំណាយពេលជាច្រើន ដើម្បីពិសោធស្នេហ៍ជាមួយសង្សារ ប៉ុន្តែ នាងមិនហ៊ានបណ្តើរសង្សារ ដែលជាកូនអ្នកមាននោះទេ។
ប្រភពថា ស្នេហារបស់លីដា ត្រូវបានក្រុមគ្រួសារទាំងសងខាងដឹងឮ ប៉ុន្តែនាងមិនទាន់ហ៊ានបើកចំហទេ ព្រោះខ្លាចធ្លាក់កូដ ខណៈដែលកេរ្តិ៍ឈ្មោះកំពុងតែស្ទុះឡើង ត្រូវប៉ាន់តំណែងជាតួឯកសិចស៊ីជាបន្តបន្ទាប់។
ប្រភពជាអ្នកសិល្បៈខាងលើ ក៏បានឱ្យដឹងដែរថា មួយរយៈចុងក្រោយនេះ បើទោះបីដឹងថា ឌុច លីដា មានម្ចាស់ស្នេហ៍ជាកូនអ្នកមានរួចទៅហើយក្តី តែថៅកែស្រីម្នាក់ដែលឈ្លក់វង្វេងនឹងសម្រស់របស់នាង គឺនៅតែតាមនាងយ៉ាងស្អិត។
ប្រភពបន្ថែមថា ថៅកែស្រីរូបនោះ ទំនងបានត្រឹមតែខកចិត្តតែប៉ុណ្ណោះ ព្រោះលីដា បានបង្ហើបប្រាប់មិត្តភក្តិក្នុងសិល្បៈថា មិនលេងល្បែងស្នេហ៍ភេទដូចគ្នាទេ គឺទំនងជានាងចោលស្នេហ៍ថៅកែស្រី មកជ្រើសស្នេហ៍កូនអ្នកមាន។
ទោះជាយ៉ាងណា ចំពោះដំណឹងនេះ មិនអាចទាក់ទងសុំការបកស្រាយពីកញ្ញាឌុច លីដា បានទេ កាលពីពេលថ្មីៗកន្លងទៅនេះ។
កន្លងមក រាល់ពេលអ្នកសារព័ត៌មានចោទសួរពីរឿងស្នេហា លីដា បានទទួលស្គាល់ថា ពិតជាមានអ្នកតាមស្រលាញ់នាងច្រើនមែន តែបេះដូងនាងនៅតែទំនេរស្អាត មិនទាន់មានម្ចាស់ឃុំគ្រងនៅឡើយទេ ពោលគឺអំឡុងពេលនេះ នាងកំពុងតែផ្តោតលើការពង្រឹងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈសិន។ ទន្ទឹមនឹងនោះ លីដា ក៏ធ្លាប់អះអាងដែរថា នាងជាមនុស្សស្រីម្នាក់ដែលពេញលក្ខណៈដូចស្ត្រីទូទៅដែរ ដូច្នេះ ថ្ងៃអនាគត នាងនឹងជ្រើសបុរសជាដៃគូជីវិត បង្កើតក្រុមគ្រួសារដ៏កក់ក្តៅមួយ នាងមិនប្រថុយលេងល្បែងស្នេហ៍ភេទដូចគ្នាទេ។ ដូច្នេះថៅកែស្រីរូបនោះ ទំនងជាបានត្រឹមតែខកចិត្តស្តាយសម្រស់លីដា តែប៉ុណ្ណោះ…៕